ក្រុងវ៉ាស៊ីនតោន: ពូជ​អណ្ដើក​មួយចំនួន សីតុណ្ហភាព​ស៊ុត​អាច​កំណត់ថា តើ​កូន​របស់​វា​ញី ឬ​ឈ្មោល​ជា​អ្វីដែល​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បារម្ភ​ក្រែង​អម្បូរ​សត្វ​ទាំងនេះ​ងាយ​ផុត​ពូជ​ទៅតាម​ការប្រែប្រួល​អាកាសធាតុ​។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​ចិន និង​អូស្ដ្រាលី​បាន​រកឃើញ​អំប្រ៊ីយ៉ុង​ដែល​អាច​បំផ្លាស់ទី​ក្នុង​ស៊ុត​ដើម្បី​ស្វែងរក «​តំបន់​ពណ៌​លឿង​» ដែល​មិនសូវ​ក្ដៅ និង​មិនសូវ​ត្រជាក់ ហើយ​វា​ក៏​ជា​កន្លែង​កំណត់​ភេទ​របស់​វា​ផងដែរ​។

ព្រឹត្ដិបត្រ​របស់​ពួកគេ​ចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ Current Biology បាន​ចាត់ទុក​យន្ដការ​នេះ​ជា​កិច្ចការពារ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​អាចជួយ​ដល់​ភាព​រស់រាន​របស់​អណ្ដើក​ជាពិសេស​ក្នុង​ដី​។

សហអ្នកនិពន្ធ Wei-Guo Du សាស្ដ្រាចារ្យ​មកពី​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​ចិន បាន​ប្រាប់​ AFP ​ថា​៖ «​ការស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា អំប្រ៊ីយ៉ុង​អណ្ដើក​មិន​ត្រឹមតែ​ជា​ជនរងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ​នោះ​ទេ ប៉ុន្ដែ​ថែមទាំង​វា​អាច​គ្រប់គ្រង​ការកំណត់​ភេទ​របស់​សត្វ​ផងដែរ​»​។

ក្រុមការងារ​ធ្លាប់ធ្វើ​បទបង្ហាញ​ថា អំប្រ៊ីយ៉ុង​សត្វ​អណ្តើក​អាច​បំផ្លាស់ទី​ក្នុង​ស៊ុត​ដើម្បី​ស្វែងរក​ទ្រនំ​សុខ​ស្រួល និង​ចង់​សិក្សា​មើលថា តើ​ការ​បំផ្លាស់ទី​នោះ​គ្រប់គ្រាន់​ល្មម​ក្នុង​ការកំណត់​ភេទ​ឬ​យ៉ាងណា​?

ពួកគេ​ភ្ញាស់​ស៊ុត​អណ្ដើក​ទឹកសាប​ក្រោម​សីតុណ្ហភាព​ខុសៗ​គ្នា​នៅក្នុង​មន្ទីរពិសោធន៍ និង​ក្នុង​ស្រះ​ដោយ​កំណត់ថា តើ​អំប្រ៊ីយ៉ុង​តែមួយ​មុខ​អាច​រួមរស់​ក្នុង​សីតុណ្ហភាព​ស៊ុត​រហូតដល់ ៤,៧ អង្សា​សេ​ឬទេ​?

ខុសគ្នា​ ២ អង្សា​សេ​អាច​ធ្វើឲ្យ​ផ្លាស់ប្ដូរ​ភេទ​ពូជ​អណ្ដើក​ជាច្រើន ដោយ​សីតុណ្ហភាព​ខ្ពស់​ភ្ញាស់​កូនញី​ច្រើន​។

Du ថា​៖ «​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ក្នុង​កិច្ចការពារ​ពី​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ដ៏ខ្លាំងក្លា​ដែល​បង្កឡើង​ដោយ​មនុស្ស​ឡើយ​»៕ HR