ភ្នំពេញៈ ឧបនិស្ស័យ​លើ​ខ្សែភាពយន្ត​ខ្មែរ​តាំងពី​កុមារ និង​បាន​ធ្វើការ​សិក្សា​ជា​អ្នកស្រាវជ្រាវ​ខ្សែភាពយន្ត​ខ្មែរ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ប្រធាន​ស្រាវជ្រាវ​កុន​ខ្មែរ​នៃ​ក្រុមព្រះ​សូរិយា​លោក រិន ឆោមវីរៈ បាន​ចំណាយ​ពេលវេលា និង​ប្រាក់​កាក់​ផ្ទាល់ខ្លួន​ស្វែងរក និង​ប្រមូល​កុន​ខ្មែរ​នា​សម័យមុន​ត្រឡប់​មក​វិញ​មិន​ថា​ក្នុង​ប្រទេស និង​ក្រៅប្រទេស​។

ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​អ្នកនិពន្ធ​លោក រិន ឆោមវីរៈ បាន​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​ការស្រាវជ្រាវ​ហ្នឹង​គឺ​ជួប​ផល​លំបាក​ណាស់ ជាពិសេស​ប្រទេស​ខ្លួនឯង​ហ្នឹង ព្រោះ​បែក​ខ្មែរក្រហម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បណ្តា​ខេត្ត​នានា​យក​ខ្សែ​ភាពយន្ត​ហ្នឹង​ទៅ​ប្រកប​អាជីវកម្ម រកស៊ី​បញ្ចាំង​កុន​ដល់​ពេល​ពួកគាត់​រកស៊ី​មាន​បាន​ដោយសារ​វា គាត់​គិតថា​អស់​តម្លៃ គាត់​បោះ​វា​ចោល​។ វា​ខុស​ពី​ប្រទេស​ថៃ​គេ​លែង​ប្រើប្រាស់​វា​គេ​រកស៊ី​មាន​បាន​ដោយសារ​វា ក៏​គេ​នៅតែ​រក្សាទុក ព្រោះ​វា​ជា​មរតក​ដ៏មាន​តម្លៃ​ហើយ​ពេល​ខ្ញុំ​សូម​ឲ្យ​គាត់​ជួយ គាត់​ថា​គាត់​ខ្ជិល​រើ​ណាស់ គាត់​អត់​សហការ​ទេ​»​។

ប្រធាន​ក្រុម​ស្រាវជ្រាវ​រូបនេះ​យល់​ថា បើ​គិត​លើ​ជំនឿ​ព្រលឹង​របស់​សិល្បករ​ខ្មែរ​នា​ជំនាន់​មុន​គឺ​ស្ថិត​នៅ​ក្នុង​ហ្វីល​កុន​ទាំងអស់ ព្រោះ​នៅពេល​ដែល​ចាក់បញ្ចាំង​ម្តងៗ យើង​នឹង​បាន​ឃើញ​សកម្មភាព​ពាក្យសម្តី កាយវិការ ហាក់​ដូចជា​ពួកគាត់​កំពុង​មាន​ជីវិត​ដូច្នោះ​ដែរ​។

អត្ថបទ​ផ្សាយ​រឿង​បញ្ចពណ៌​ទេវី នៅ​ទីក្រុង​បាងកក​។ រូបថត សហការី

អ្នកនិពន្ធ​វ័យ ២៥ ​ឆ្នាំ​រូប​នេះ​បាន​ទទូចថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ទៅកាន់​អ្នក​ដែល​ធ្លាប់​មាន​ហ្វីល អ្នក​ធ្លាប់​រកស៊ី​លើ​ហ្វីល​ហើយ​ឥឡូវ​កំពុង​តែមាន​ហ្វីល សូមមេត្តា​យក​មក​ជួសជុល និង​មេត្តា​រើកកាយ​វា​មក​វិញ​យក​ឲ្យ​ក្រុមព្រះ​សូរិយា​ក៏​បាន​។ ខ្ញុំ​នឹង​រក្សាទុក​បន្ត​ព្រោះ​នេះ​ជា​មរតក​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ទេ​កុំ​ទុក​ឲ្យ​ខូច​ឲ្យ​រលួយ​ចោល​អី ព្រោះ​កាលណោះ​កុន​ខ្មែរ​ល្បីឈ្មោះ ប្រទេស​ល្បី​គេ​ស្គាល់​ទាំង​វប្បធម៌ សុជីវធម៌ ការរស់នៅ​សម្តី​សំដៅ​ខ្មែរ​តាមរយៈ​កុន​ទាំងអស់​ហ្នឹង​»​។

មាន​កំណើត​នៅ​ក្រុង​ភ្នំពេញ​លោក រិន ឆោមវីរៈ មាន​ចិត្ត​ស្រឡាញ់​ខ្សែភាពយន្ត​ខ្មែរ​តាំងពី​វ័យ​កុមារ​។ នៅ​ឆ្នាំ​ ២០០៨ លោក​ចាប់ផ្តើម​ប្រមូល​ទិញ​ឌីស​ភាពយន្ត​ខ្មែរ​ជំនាន់​មុន ដែល​គេ​ចម្លង​លក់​តាម​តូប​នានា​បាន​ប៉ុន្មាន​រឿង​ដូចជា ថាវរីមាសបង អនអើយ​ស្រីអន និង​រឿង ពេល​ដែល​ត្រូវ​យំ​។

នៅ​ឆ្នាំ​ ២០០៩ ពេល​ដែល​លោក​មាន​វ័យ ១៥ ​ឆ្នាំ​លោក​បាន​ទៅ​បណ្ណាល័យ​ជាតិ ដើម្បី​ស្វែងរក​ឯកសារ​ទាក់ទង​នឹង​ភាពយន្ត​យក​មក​រក្សាទុក​។

នៅ​ឆ្នាំ​ ២០០៩ លោក​បាន​សុំ​វិទ្យុ​មួយ​ផលិតកម្ម​វិធី​មរតក​ភាពយន្ត​ដែល​ពេល​នោះ​ហើយ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ស្គាល់ និង​មាន​ប្រិយមិត្ត​ខ្លះ​បាន​ទាក់ទង​មក​លោក​ដើម្បី​ផ្តល់​ព័ត៌មាន និង​ឯកសារ​។

លុះ​ដល់​ឆ្នាំ​ ២០១០ លោក​ក៏​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មាន​សមាជិក ៤ ​នាក់ ដើម្បី​ធ្វើការ​លើ​វិស័យ​កុន​ខ្មែរ​។

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​មក​ក្រុម​របស់​លោក​ទទួល​បាន​ថវិកា ៥០០ ​ដុល្លារ​ពី​បុរស​ម្នាក់ ដែល​រស់នៅ​បរទេស​សម្រាប់​បន្ត​កិច្ចការ​ស្រាវជ្រាវ​នៅ​ក្រុង​បាត់ដំបង​។

នៅក្នុង​ដំណើរ​ស្រាវជ្រាវ​នេះ​ក្រុម​របស់​លោក​បាន​រកឃើញ​រូបថត​សិល្បករ​ខ្មែរ​ជាច្រើន​សន្លឹក និង​រកឃើញ​រឿង វីយូឡុងមាស ដែល​ជា​ខ្សែភាពយន្ត​ហ្វីល​ដំបូង​របស់​លោក ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​មក​ដល់​សព្វថ្ងៃ​៕