បើ​តាម​ការគ្រោងទុក​នៅ​ចុង​ឆ្នាំ​ ២០២១ ខាង​មុខ​នៅ​កម្ពុជា​នឹង​មាន​អគារ​ខ្ពស់​កប់ពពក​មួយ​ដែល​មាន​ឈ្មោះ​ថា OTK Royal One លេច​ឡើង​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាមួយ​នឹង​មហាវិថី​ព្រះមុនីវង្ស​។

ទីតាំង​ដែល​ជា​អតីត​ទីស្នាក់ការ​របស់​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ក្រុមហ៊ុន OTK Royal One ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Royal Group បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សាងសង់​មកពី​ប្រទេស​ចិន Huashi Group ក្នុង​ទឹកប្រាក់​ប្រមាណ ១៥០ ​លាន​ដុល្លារ​ដើម្បី​សង់​អគារ​ពាណិជ្ជកម្ម​ទំនើប​មួយ​ដែល​មាន​កម្ពស់​ ៦២ ​ជាន់​។

លោក​ឧកញ៉ា គិត ធាង តំណាង​ឲ្យ​ក្រុមហ៊ុន Royal Group ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អាទិត្យ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា បាន​និយាយ​ថា​ការសាងសង់​អគារ​ពាណិជ្ជកម្ម​កម្ពស់​ ៦២ ជាន់​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា​ខាង​មុខ​ដោយ​គ្រោង​​នឹង​ចំណាយពេល​សាងសង់​ចំនួន​ ៣ ​ឆ្នាំ​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា​៖ « OTK Royal One នឹង​ក្លាយជា​អគារ​ដ៏ខ្ពស់​លំដាប់​អន្តរជាតិ​ដែល​នឹង​លើក​កម្ពស់​មុខមាត់​កម្ពុជា​នា​ពេល​ខាង​មុខ​»​។

បច្ចុប្បន្ន​នៅ​ជិត​ទីតាំង​នោះ​មាន​អគារ​ធំៗ​មួយ​ចំនួន​ដូចជា គឺ​អគារ វឌ្ឍនៈ អគារ​កាណាឌីយ៉ា និង Exchange Square។

អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​និយាយ​ថា ជា​រឿង​ដ៏ល្អ​ដែល​កម្ពុជា​នឹង​មាន​អគារ​ខ្ពស់​បន្ថែម​ទៀត​ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​។ ទីតាំង​ដែល​គេ​គ្រោង​នឹង​សាងសង់​អគារ​នេះ​ពិតជា​ល្អ​ណាស់ តែ​ទោះបី​ជា​យ៉ាង​ណា​ភាពជោគជ័យ​របស់​គម្រោង​មួយ​មិនមែន​អាស្រ័យ​ទៅ​លើ​ទីតាំង​ទាំងស្រុង​នោះ​ទេ គឺ​វា​អាស្រ័យ​ខ្លាំង​ទៅ​លើ​ការ​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ការសាងសង់​ផងដែរ​។ បច្ចុប្បន្ន​និន្នាការ​នៃ​​ការលក់​មុន​សាងសង់ (Pre Sale) នៅ​​កម្ពុជា​មិន​អាច​ធ្វើ​បាន​ទៀត​ទេ​។

រូប​តំណាង​អគារ OTK Royal One។ រូបថត សហការី

លោក​បាន​បញ្ជាក់​ថា​៖ «​គ្រប់​គម្រោង​ដែល​សាងសង់​ត្រូវ​តែ​មាន​លុយ​គ្រប់គ្រាន់ ព្រោះ​ការ​ប្រមូល​លុយ​ពី​ការលក់​មុន ដើម្បី​យក​ទៅ​សាងសង់​នៅពេល​នេះ​មិន​អាច​ធ្វើ​បាន​ទៀត​ទេ​នៅ​កម្ពុជា​»​។

ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Royal Group លោក Rami Sharaf កាល​ពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​។

អគារ​ភ្លោះ OTK Royal One នឹង​ប្រើប្រាស់​ចម្រុះ​សម្រាប់​ជា​សណ្ឋាគារ ខុនដូ ការិយាល័យ និង​ផ្សារ​ទំនើប​ជាដើម​៕