ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទំហំ​តូចៗ គឺជា​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ខណៈ​មន្ត្រី​ជំនាញ​បាន​បន្ទោស​បញ្ហា​ទាំង​នោះ​ថា បណ្តាល​មកពី​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត និង​កង្វះ​តម្លាភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទន្ទ្រាន​យក​ទៅ​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​។

អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ទីក្រុង​បាន​ជំរុញ​ឲ្យ​មាន​ប្លង់គោល​ឱ្យ​បាន​លឿន និង​ត្រូវ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នក​ឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ធ្វើ​គោលនយោបាយ​អភិវឌ្ឍន៍​ដែល​មាន​ដូចជា ការ​ពង្រីក​ផ្លូវ ការ​ធ្វើ​ផ្លូវ និង​ការ​កំណត់​តំបន់​ប្រើប្រាស់​ដីធ្លី ជាដើម គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខណៈ​ការ​អនុវត្ត​ក៏​មាន​ការ​ចូលរួម​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា៖ «​ការ​ពង្រីក​ផ្លូវ ឬ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ធ្វើ​តាម​ប្លង់​មេ​របស់​អាជ្ញាធរ ហើយ​ការ​អនុវត្ត​នោះ​ត្រូវ​ធ្វើ​តាម​ច្បាប់ និង​មាន​តម្លាភាព​»​។

លោក​បាន​លើក​ឧទាហរណ៍​ថា៖ «​រដ្ឋាភិបាល​ត្រូវ​ពង្រីក​ផ្លូវ​មួយ​ឲ្យ​មាន​ទំហំ​ដល់​ ៣០ ​ម៉ែត្រ ដើម្បី​ផលប្រយោជន៍​រួម​។ ការ​ពង្រីក​ផ្លូវ​នេះ​នឹង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ខ្លះ​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​នៅ​ពេល​ដោះស្រាយ​គឺ​ត្រូវ​ធ្វើឲ្យ​មាន​តម្លាភាព និង​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​»​។

ការ​បំពាន​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ក៏​ដូចជា​ការ​លក់ដូរ​នៅ​តាម​ចិញ្ចើមផ្លូវ គឺជា​រឿង​ដែល​អាច​និយាយ​បាន​ថា​បណ្តាល​មកពី​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់ខ្សោយ ព្រោះ​ប្រទេស​យើង​មាន​ច្បាប់ មាន​សេចក្តី​ណែនាំ និង​មាន​អនុក្រឹត្យ​បាន​ចែង​ច្បាស់លាស់​ហើយ​។

ជាក់ស្តែង​សេចក្តី​ជូន​ដំណឹង​លេខ​ ៤៤ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចែង​ពី​ការ​ចោល​ចិញ្ចើម​ផ្លូវ​ ៥ ​ម៉ែត្រ​សម្រាប់​លំនៅឋាន​ធម្មតា ប៉ុន្តែ​ដោយសារ​ការ​ផ្សព្វផ្សាយ និង​ការ​អនុវត្ត​នៅ​មាន​កម្រិត​ទើប​ប្រជាពលរដ្ឋ​នៅ​តែ​បំពាន​ចិញ្ចើម​ផ្លូវ​ប្រើប្រាស់​ជា​កម្មសិទ្ធិ​។ លោក​បណ្ឌិត វ៉ាន់ វ៉ាត បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ​។

លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​មិនមែន​មិន​គិតគូរ​ចំពោះ​បញ្ហា​នេះ​ទេ គ្រាន់​តែ​មាន​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​រៀបចំ​ក្រុង​តាម​ប្លង់គោល​។

លោក​បាន​បន្ត​ថា នៅ​ប្រទេស​អភិវឌ្ឍន៍​គេ​អនុវត្ត​តាម​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ជា​មុន ទើប​ក្រុម​ការងារ​ចុះ​បញ្ជី​ដីធ្លី​ចុះ​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​អនុវត្ត​តាម​ប្លង់គោល​លម្អិត​ដែល​បាន​រៀបចំ​រួច​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គីម ហ៊ាង បាន​និយាយ​ថា ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ប្លង់​មេ​សម្រាប់​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លេចឮ​ជាយូរ​មក​ហើយ ប៉ុន្តែ​ជាក់ស្តែង​រហូត​មក​ដល់​ពេល​នេះ​ប្លង់​មេនោះ​មិន​ទាន់​ត្រូវ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។ នៅពេល​មាន​ប្លង់​មេ​ច្បាស់លាស់ វា​នឹង​ធ្វើឲ្យ​ការ​អភិវឌ្ឍ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ដំណើរការ​លឿន​ទៅ​មុខ​បន្ថែម​ទៀត​។

សកម្មភាព​កម្មករ​កំពុង​ចាក់​បេតុង​ផ្លូវ​ ១ ​ខ្សែ ដែល​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ ស្រេង ម៉េងស្រ៊ុន

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​បានឮ​ព័ត៌មាន​ប្លង់​មេ​នោះ​ជា​យូរ​មក​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​ប្លង់​មេ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ឡើយ​។ ការ​អូសបន្លាយ​ពេលវេលា​នេះ ខ្ញុំ​គិត​ថា​ប្រហែល​ជា​អាជ្ញាធរ​ត្រូវការ​ពេលវេលា​កែលម្អ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​រីកចម្រើន​នៃ​រាជធានី​ភ្នំពេញ​ដែល​កាន់​តែ​រីក​ធំឡើង​ជា​បន្តបន្ទាប់​»​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​មាន​ប្លង់​មេ គឺជា​រឿង​ដ៏ល្អ​សម្រាប់​ទីក្រុង ឬ​ប្រទេស ដោយ​វា​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​អភិវឌ្ឍ ជាពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា​។ ប្លង់​មេ​នឹង​ជួយ​ឲ្យ​អ្នក​វិនិយោគ មាន​ភាព​ងាយស្រួល​ក្នុង​ការ​តម្រង់​ទិស​អាជីវកម្ម​របស់​គាត់ ព្រោះ​នៅ​ក្នុង​ប្លង់​មេ​នឹង​មាន​ការ​កំណត់​ទីតាំង​ដីធ្លី​ (​តំបន់​) ​សម្រាប់​អភិវឌ្ឍ​ច្បាស់លាស់​។ ប្រសិន​បើ​ក្នុង​ប្លង់​មេ​កំណត់​យក​តំបន់​ណា​ជា​តំបន់​ឧស្សាហកម្ម គឺ​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​សង់​អ្វី​ដែល​ខុស​ពី​ឧស្សាហកម្ម​នោះ​ទេ​។

លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា៖ «​ការ​សាងសង់​ដែល​មិន​មាន​ប្លង់​មេ គឺ​ប្រៀប​ដូចជា​ការ​រាវ​រក​អ្វី​មួយ​ដែល​មិន​មាន​ទិសដៅ​ច្បាស់លាស់​។ ការ​សាងសង់​ខ្លះ​អាច​នឹង​មាន​បញ្ហា​ប្រឈម​ជាមួយ​ច្បាប់ ឬ​ការ​វាយកម្ទេច​ផង​ដែរ ក្នុង​ករណី​ខុស​ពី​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​ប្លង់​មេ​។ ដូច្នេះ​ប្លង់​មេ គឺជា​អ្វី​ដែល​អ្នក​វិនិយោគ​ចង់​បាន​បំផុត​»​។

បច្ចុប្បន្ន​ការ​រំលោភ​បំពាន​ចិញ្ចើម​ផ្លូវ​ពី​សំណាក់​ម្ចាស់​លំនៅឋាន ពិសេស​ម្ចាស់​ផ្ទះល្វែង​បាន​កើត​មាន​ជាទូទៅ​នៅ​តាម​សង្កាត់​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ខ្លះ​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ខ្លះ​ទៀត​មិន​បាន​សុំ​អាជ្ញាធរ​មូលដ្ឋាន​ទេ​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លោក​ឧកញ៉ា លី ហួរ បាន​ប្រាប់​ថា​ការ​សាងសង់​ផ្លូវ​នៅ​តាម​បុរី​នានា​រដ្ឋាភិបាល​មិន​បាន​ជួយ​ឧបត្ថម្ភ​មូលធន​នោះ​ទេ គឺ​ម្ចាស់​បុរី​នីមួយៗ​ជា​អ្នក​រៀបចំ និង​ធ្វើ Master Plan ដោយ​ខ្លួនឯង ប៉ុន្តែ​គម្រោង​សាងសង់​ផ្លូវ​នានា​នៅ​ក្នុង​បុរី​ក៏​ត្រូវ​តែ​ដាក់​ឆ្លង​ក្រសួង​រៀបចំ​ដែនដី ពិនិត្យ​ផងដែរ​។

លោក​ឧកញ៉ា​ថ្លែង​ថា៖ «​គម្រោង​លំនៅឋាន​ទាំងអស់ លើក​លែង​តែ​គម្រោង​លំនៅឋាន​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប ទើប​រដ្ឋាភិបាល​ជួយ​សាងសង់ ផ្លូវ តភ្ជាប់​បណ្តាញ​ទឹក និង​អគ្គិសនី​ជូន​»​។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group ដែល​កំពុង​វិនិយោគ​លំនៅឋាន​មាន​តម្លៃ​ទាប​ស្ថិត​ក្នុង​ឃុំ​កោះ​រកា ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ថ្លែង​ថា​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល គឺ​នឹង​ជួយ​តភ្ជាប់​បណ្តាញ​ផ្លូវ ទឹក ភ្លើង​ចូល​ក្នុង​បុរី ប៉ុន្តែ​បច្ចុប្បន្ន​នេះ​យើង​កំពុង​រង់ចាំ​ការ​សម្រេច​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ចំពោះ​ផ្លូវ​នៅ​តាម​បុរី​នីមួយៗ លោក​ឧកញ៉ា​បាន​អះអាង​ថា ផ្លូវ​ក្នុង​បុរី​គឺ​ក្រុមហ៊ុន​ធ្វើ​ដោយ​ខ្លួនឯង និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​ដែនដី​។

លោក​មាន​ប្រសាសន៍​ថា៖ «​ពេល​ណា​យើង​ដាក់​ប្លង់​ស្នើសុំ​ទៅ​ក្រសួង​ជាធម្មតា​ក្រសួង​នឹង​ពិនិត្យ​មើល​មុន​សម្រេច​ឲ្យ​សាងសង់ ឬ​អត់​។ បើ​ទំហំ​ផ្លូវ​តូច​ពេក​ក្រសួង​អាច​ស្នើសុំ​ឲ្យ​យើង​ពង្រីក​បន្ថែម​»​។

ទីតាំង​ជាច្រើន​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​យក​ចិញ្ចើម​ថ្នល់​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ឯកជន ។ផា លីណា

មេភូមិ​វិហារ​សួគ៌​ខាង​ត្បូង​ស្ថិត​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​ដែល​ជា​តំបន់​កំពុង​មាន​ការ​អភិវឌ្ឍ​លឿន​លោក ប៉ាន សេង បាន​និយាយ​ថា ការ​សាងសង់​ផ្លូវ​ក្នុង​មូលដ្ឋាន​កន្លង​មក​តែងតែ​ជួប​ការ​លំបាក ដោយសារ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាជន​មូលដ្ឋាន ដែល​ធ្វើឲ្យ​ការ​ពង្រីក និង​ទុក​ចំណី​ផ្លូវ​ពី​អ័ក្ស​ផ្លូវ​ (​ចំណុច​កណ្តាល​ផ្លូវ​) ​មិន​អាច​ធ្វើ​តាម​ផែនការ​បាន​ ១០០ ​ភាគរយ​នោះ​ទេ ទោះ​ជា​រដ្ឋាភិបាល​បាន​ផ្តល់​សំណង​ដល់​ពួកគាត់​ក្តី​។

លោក​បន្ត​ថា៖ «​ជាគោលការណ៍​ណែនាំ​ពី​ក្រសួង គឺ​ទុក​ចំណី​ផ្លូវ​ ២៥ ​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​ក្នុង​ឃុំ និង​ ៣០ ​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ ប៉ុន្តែ​ការ​ធ្វើ​ជាក់ស្តែង​មិន​បាន​តាម​ផែនការ​ទេ ដោយសារ​ប៉ះ​ប្រយោជន៍​ប្រជាជន​»​។ លោក​បន្ត​ថា៖ «​កន្លង​មក​ការ​ទុក​ចំណី​ផ្លូវ​ទំហំ​ ២៥ ​ម៉ែត្រ​ក្នុង​ឃុំ គឺ​ធ្វើ​បាន​តែ​ ១០ ​ម៉ែត្រ​ប៉ុណ្ណោះ ដោយសារ​បញ្ហា​ខាង​លើ​នេះ​»​។

លោក​បន្ត​ថា៖ «​មូលនិធិ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កសាង​ផ្លូវ​ក្នុង​មួយ​ឆ្នាំៗ​មាន​តិច​ណាស់ មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ប៉ុន្តែ​លោក​មិន​បង្ហើប​ឲ្យ​ដឹង​ពី​ចំនួន​ទេ​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​កន្លង​មក​នៅ​ពេល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមិន នៅ​ខេត្ត​កំពត​បាន​បាន​ប្រសាសន៍​ថា កំណើន​ប្រជាជន​ និង​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​កម្ពុជា​ត្រូវការ​ការ​ពង្រីក​ផ្លូវ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ផ្លូវជាតិ​ដែល​ពេល​ស្ថាបនា​ដំបូង​មាន​ទទឹង​ ៦-៧ ​ម៉ែត្រ​ត្រូវ​បាន​ពង្រីក​ឡើង​ជា​បន្តបន្ទាប់​ដោយ​បច្ចុប្បន្ន​នេះ​មាន​មួយ​ចំនួន​ត្រូវ​បាន​ពង្រីក​រហូត​ដល់​ទទឹង​ ៣០ ​ម៉ែត្រ​។

អ្នក​នាំពាក្យ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មិន​លើក​ទូរស័ព្ទ ទោះ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ក្តី​៕