ក្រុង​បាងកកៈ ​ក្រុមហ៊ុន​​ប្រឹក្សា​យោបល់​អចលនទ្រព្យ​ Colliers International Thailand បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ខុនដូ​ដែល​បាន​ប្រកាស​ដាក់​​លក់​​ថ្មី​នៅ​ត្រីមាស​ទី២​ បាន​បន្ត​កើន​ឡើង​​នៅ​ទីក្រុង​បាង​កក​ ដោយ​​ការ​ប្រកាស​ដាក់​លក់​នេះ​​ភាគ​ច្រើន​ធ្វើ​ឡើង​​នៅ​ខែ​មិថុនា​ បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​មាន​ភាព​កាន់​តែ​ច្បាស់​លាស់​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​​​នៅ​ដើម​ខែ​នេះ។

លោក Phattarachai Taweewong ជំនួយ​ការ​នាយក​ក្រុមហ៊ុន Colliers ​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ទោះបី​ជា​មាន​​កត្តា​អវិជ្ជមាន​ជា​ច្រើន​ក្តី ក៏​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​តែ​ដំណើរការ​​ផ្គត់ផ្គង់​ខុនដូ​ថ្មី​នៅ​ទីក្រុង​​បាងកក​នៅ​ត្រីមាស​ទី២​ នេះ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​​ចាំបាច់​ត្រូវ​​បន្ត​​​ដាក់​លក់​គម្រោង​​ខុនដូ​ថ្មីៗ»។ លោក​បន្ត​ថា៖ «បើ​ពួក​គេ​រង់ចាំ​ការ​ដាក់​លក់​​គម្រោង​ក្នុង​​​ចំនួន​ច្រើន​​​នៅ​ឆមាសទី២ ស្ថានការណ៍​អាច​មិន​ល្អ​ដូច​ដែល​ពួក​គេ​រំពឹង​ទុក​​»។​

លោក​បាន​ឲ្យ​ដឹងថា កត្តា​អវិជ្ជមាន​នានា​រួម​មាន​ការ​កំណត់​ទំហំ​​កម្ចី​ធៀប​នឹង​​តម្លៃ (LTV) ពន្ធ​លើ​ដី​ និង​អគារ ការ​កើន​ឡើង​តម្លៃ​ដី សេដ្ឋកិច្ច​មិន​ច្បាស់លាស់ និង​កង្វះ​ទំនុក​ចិត្ត​របស់​​ប្រជាជន​​ទៅ​លើ​ស្ថានការណ៍​នយោបាយ​ស្ថិត​ក្រោម​រដ្ឋាភិបាលថ្មី​។​

យោងតាម​ការ​ស្រាវជ្រាវ​ទីផ្សារ​របស់​​​ក្រុមហ៊ុន Colliers មាន​គម្រោង​ខុនដូ​ ២៦ ដែល​បាន​ចាប់​ផ្ដើម​ដំណើរការ​ដាក់​លក់​​​នៅ​ទីក្រុង​បាងកក​នៅ​ត្រីមាស​ទី២​ ដោយ​មាន​ចំនួន​សរុប ៩ ៦៣២ យូនីត មាន​តម្លៃរួម​ ៧៤,​៨៧​ ពាន់​លាន​បាត​ (ប្រហែល ២,៤​២ ពាន់​លាន​ដុល្លារ)។​

ចំនួន​​យូនីត​បាន​កើន​ឡើង ១៤,២ ​ភាគរយ ​ធៀប​នឹង​ត្រី​មាស​ទី១​ ឆ្នាំ​នេះ និង​​កើន ​១៣,​២ ​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី ២​ កាល​ពី​ឆ្នាំ​មុន​​។​

លោក​ Phattarachai ថ្លែង​ថា៖ «​កាល​ពី​ខែ​​មេសា និង​ខែ​ឧសភា ខុនដូ​ថ្មីៗ​តិច​ជាង​នេះ​​ត្រូវ​បាន​ប្រកាស​ដាក់​លក់»។ លោក​បន្ត​ថា​៖ «​ចំនួន​ខុនដូ​ប្រកាស​ដាក់​លក់​ច្រើន​ជាង​គេ​​កើត​មាន​​នៅ​ខែ​មិថុនា ដែល​បង្ហាញ​ថា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​រង់ចាំ​ការ​បោះ​ឆ្នោត​​ឲ្យ​​រួចរាល់​សិន​»។​

គ្រាន់​តែ​នៅ​ខែ​មិថុនា ចំនួន​​​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​បាន​ដាក់​លក់​ មាន​ចំនួន ​៥ ១០០ យូនីត ​​​ស្មើ​នឹង ​ ៥៣​ ភាគរយ ​នៃ​ចំនួន​សរុប​នៅ​ត្រីមាស​ទី២ ​នេះ​។​

ទោះ​ជា​យ៉ាងណា ​បរិមាណ​​ផ្គត់ផ្គង់​​ខុនដូ​ថ្មី​សរុប​​ដែល​បាន​ដាក់​លក់​​នៅ​ទីក្រុង​បាងកក​នៅ​ឆមាស​ទី១​ បាន​ធ្លាក់ចុះ​ ២០ ​ភាគរយ ​មក​នៅ​ត្រឹម​ ១៨ ០៧៥ យូនីត ​ដែល​មាន​តម្លៃ​ ១២០,៣ ​ពាន់​លាន​បាត​ (ប្រហែល ៣,៨៩ ពាន់​លាន​ដុល្លារ) ដោយសារ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ផ្ដោត​​ការ​យក​ចិត្ត​​ទុក​ដាក់​លើ​យូនីត​ខុនដូ​ដែល​សាងសង់​រួច​ និង​ខុនដូ​​លក់​មិន​ទាន់​​​​ដាច់​​នៅ​ត្រីមាស​ទី​១។​

លោក​ Phattarachai លើក​ឡើង​ថា​៖ «​ពួក​គេ​ចាំបាច់​ត្រូវ​បង្កើន​ការ​លក់​យូនីត​ដែល​ផ្ទេរ​កម្មសិទ្ធិ​រួច ដើម្បី​គេច​ផុត​ពី​​ការ​កម្រិត​ LTV ថ្មី ដែល​នឹង​មាន​​ផល​ប៉ះពាល់​​លើ​អ្នក​ទិញ​មួយ​ចំនួន​»។ លោក​បន្តថា​៖ «​ការ​លក់​ខ្លះ​បាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូតដល់ ​៣០ ភាគរយ ​នៃ​តម្លៃ​យូនីត​​ក្នុង​​គោល​បំណង​​លក់​ឲ្យ​អស់​ពី​ស្ដុក»។

ភាគ​ច្រើន​នៃ​ការ​ផ្គត់ផ្គង់​​ខុនដូ​ថ្មី​នៅ​ត្រីមាស​ទី២​ ស្ថិត​នៅ​ខាង​ក្នុង​ទីក្រុង​ ដោយ​មាន ​៦ ៩១១ ​យូនីត ​ស្មើ​ ​៧​១,៨ ​ភាគរយ។​

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ តម្លៃ​​​ការ​លក់​ជា​មធ្យម​មាន​ចំនួន ១៤៨​ ៣៦៥ បាត​ (ប្រហែល ៣ ៨០៧ ដុល្លារ) ក្នុង ​១ ម៉ែត្រ​​ការ៉េ ដែល​កើន​ឡើង​ ៤៥ ​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​នេះ និង​កើន​ឡើង ​១០ ​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី ២​ កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ភាគ​ច្រើន​​បំផុត​នៃ​ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មីៗ​ ស្ថិត​នៅ​ក្នុង​ទីក្រុង ជា​ទី​កន្លែង​ដែល​​តម្លៃ​ដី​ខ្ពស់​ជាង​នៅ​ក្រៅ​ក្រុង៕​ LA​