ភ្នំពេញៈ កំ​ណើន​នៃ​ការ​ផ្គត់​ផ្គង់​​អគារ​ស្នាក់​នៅ​ក្នុង​ខណ្ឌ​​ទួល​គោក​ត្រូវ​បាន​ព្យា​ករ​ថា​​​នឹង​កើន​ឡើង​ ៣ ដង​ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ​ខាង​មុខ​។​ នេះ​បើ​យោង​តាម​​ការ​ព្យា​ក​រ​របស់​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ។

ការ​សិ​ក្សា​មួយ​របស់​ក្រុម​ហ៊ុន​​​អ​ច​ល​ន​ទ្រព្យ​ VTrust Appraisal ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​​ទទួល​បាន​កាល​ពី​ម្សិល​មិញ ​បង្ហាញ​​ថា នៅ​ដំ​ណាច់​ឆ្នាំ ​២០១​៨ ​នេះ​ ចំ​នួន​អា​ផាត​មិន​ក្នុង​​ខណ្ឌ​ទួល​គោក​នឹង​កើន​ដល់​​ប្រ​មាណ​ ១ ៤០០​ យូ​នីត ​ខណៈ​​​ការ​ព្យា​ករ​​​នឹង​កើន​ឡើង​ដល់​ ៥ ០០០ ​យូ​នីត​នៅ​អំ​ឡុង​ដើម​ ឆ្នាំ​ ២០​៣០​​។​

លោក​ ហ៊ឹម ​សី​ហា​​ នា​យក​ផ្នែក​ស្រាវ​ជ្រាវ​នៃ​ក្រុម​ហ៊ុន ​VTrust Appraisal Co., Ltd​. បាន​​ប្រាប់​ថា ​បន្តិ​ច​ម្តង​ៗ​ទួល​គោក​​បាន​​​បញ្ចេញ​នូវ​ភាព​​ទាក់​ទាញ​របស់​ខ្លួន​តាម​រយៈ​ការ​ស្រូប​យក​​នូវ​គម្រោង​​អភិ​វឌ្ឍន៍​ថ្មី​ៗ​ជា​ច្រើន​ដូច​ជា​ សា​លា​រៀន ​មន្ទីរ​ពេទ្យ ​ផ្សារ​ទំ​នើប ​លំ​នៅ​ឋាន​​លក្ខណៈ​វី​ឡា ​បុ​រី​ ខុន​ដូ ​និង​​អា​ផាត​មិន​ជា​ដើម​។

លោក​ថ្លែង​ថា៖ ​«ដី​មាន​តម្លៃ​ខ្ពស់​នៅ​តំ​បន់​កណ្តាល​ក្រុង ​និង​ការ​អភិ​វឌ្ឍ​ដ៏​ឆាប់​រហ័ស​នៃ​តំ​បន់​ទួល​គោក បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទៅ​រស់​នៅ​​ទី​នោះ​។ ការ​កើន​ឡើង​នៃ​ចំ​នួន​​អ្នក​ទៅ​រស់​នៅ និង​ធ្វើ​ការ​ បាន​ធ្វើ​ឲ្យ​​​តម្រូវ​ការ​កន្លែង​ស្នាក់​​កើន​ឡើង​ជា​លំ​ដាប់​​។ តាម​ការ​ព្យា​ករ​​​នៅ​ឆ្នាំ​ ២០៣០ ​ខាង​មុខ​ចំ​នួន​នេះ​នឹង​កើន​ឡើង​ប្រ​ហែល​ ៣ ​ដង ​បើ​ធៀប​នឹង​​បច្ចុ​ប្បន្ន​»​។

មូល​ហេតុ​ចម្បង​នៅ​ពី​ក្រោ​យ​​កំ​ ណើន​ចំ​នួន​អា​ផាត​មិន​ ដែល​មាន​​រហូត​ដល់​ ៣ ​ដង​​នោះ​ ​ដោ​យ​​សារ​ក្នុង​រយៈ​ពេល​ប្រ​ហែល​ ១០ ​​ឆ្នាំ​ចុង​ក្រោយ​​នេះ​ តំ​បន់​ក្នុង​ខណ្ឌ​ទួល​គោក​បាន​​ទាក់​ទាញ​ស្ថា​ប័ន​ធំ​ៗ និ​ង​ល្បី​ៗ​ជា​ច្រើន​​ឲ្យ​ទៅ​កាន់​ទី​នោះ​ ហើយ​និ​ន្នា​ការ​នេះ​នឹង​បន្ត​​ភាព​ខ្លាំង​បន្ថែម​ទៀត​​ពេល​អ​នា​គត​។

យោង​តាម​របាយ​ការណ៍​​របស់​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ CBRE Cambodia ​មាន​​បន្ទប់​ខុន​ដូ​​ ២១៨ ​យូ​នីត​​ ត្រូវ​បាន​​ដាក់​ចូល​ក្នុង​ទី​ផ្សារ​ក្នុង​ត្រី​មាស​ទី​ ៣​ ឆ្នាំ​ ២០១៨ ដែល​ធ្វើ​ឲ្យ​​​បន្ទប់​ខុន​ដូ​សរុប​នៅ​​ភ្នំ​ពេញ​កើន​ឡើង​ដល់​ ១២ ០​៤​៨ ​យូ​នីត​។

របាយ​ការណ៍​បង្ហាញ​ថា ៨០ ​ភាគ​រយ​នៃ​ខុន​ដូ​ប្រ​ណីត ​ដែល​ទើប​បញ្ចប់​ការ​សាង​សង់​ស្ថិត​ក្នុង​ខណ្ឌ​ចំ​ការ​មន។

លោក ​សី​ហា ​បាន​បន្ត​ថា ​ដោយ​​សារ​​ទួល​គោក​ ស្ថិត​នៅ​ចន្លោះ​រវាង​តំ​បន់​កណ្តាល​ក្រុង ​និង​កន្លែង​កំ​ពុង​មាន​ការ​អភិ​វឌ្ឍ​លឿន​ ​(ភ្នំ​ពេញ​ថ្មី)​ បាន​​ធ្វើ​ឲ្យ​ភូមិ​​សាស្រ្ត​ទី​នោះ​ក្លាយ​ជា​ទី​ដែល​មាន​តម្រូវ​ការ​កន្លែង​ស្នាក់​នៅ​ច្រើន​។

តាម ​លោក​ សី​ហា ​នា​ពេល​​កន្លង​មក​​ ​ខណ្ឌ​ទួល​គោក​ មាន​​អា​ផាត​មិន​ថ្មី​ប្រ​ហែល​ល​ជាង​ ១០០​ យូ​នីត ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទី​ផ្សារ​ជា​រៀង​រាល់​ឆ្នាំ​ តែ​ចំ​នួន​នេះ​នឹង​កើន​ឡើង​ខ្ពស់​ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ​។

លោក​បាន​ថ្លែង​ថា៖ «តាម​ការ​ព្យា​ករ​ ​ចាប់​ពី​ឆ្នាំ​ ២០១៩ ទៅ​យ៉ាង​ហោច​​ណាស់​អា​ផាត​មិន​​​ជាង​​ ២០០ ​​យូ​នីត ​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​ទី​ផ្សារ»​។

របាយ​ការណ៍​ស្រាវ​ជ្រាវ​ស្តី​ពី​តម្លៃ​​ដី​ធ្លី ​ប្រ​ចាំ​ឆ​មាស​ទី​ ១ របស់​​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ ​ឃី​ រៀល​អីុ​ស្ទេត បាន​រក​ឃើញ​ថា ដី​ក្នុង​ខណ្ឌ​ទួល​គោក​ដែល​​ថោក​ជាង​គេ​ គឺ​ស្ថិត​ក្នុង​សង្កាត់​បឹង​កក់ ​១ និង​បឹង​សា​ឡាង ដោ​យ​​មាន​តម្លៃ​​ចាប់​ពី​ ១ ៧០០ ​ដុ​ល្លា​រ​ទៅ​ដល់​ ៤ ៧០០​ ​ដុ​ល្លារ ក្នុង​ ១ ​ម៉ែត្រ​កា​រ៉េ ខណៈ​ដី​ថ្លៃ​ជាង​គេ​ស្ថិត​​​​ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូ ទឹក​ល្អក់ និង​ផ្សារ​ដើម​គ ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ២ ៥០០ ​ដុ​ល្លារ​ទៅ​​ដល់​ ៥ ០០០ ​ដុ​ល្លារ​។

លោក ​សន ​សៀប​ អគ្គ​នាយ​ក​​ក្រុម​ហ៊ុន​​អ​ច​ល​ន​​​ទ្រព្យ​ ឃី​ រៀល​​អុី​ស្ទេត​ បាន​​និ​យាយ​ថា ​ដោយ​​សារ​ដី​​ក្នុង​នៅ​ខណ្ឌ​​ទួល​គោល​​មាន​តម្លៃ​ខ្ពស់​រួច​ទៅ​ហើយ​​នោះ ដូ​ច្នេះ​វា​មិន​សូវ​បាន​កើន​ឡើង​ច្រើន​ទេ។ លោក​បាន​លើក​ឡើង​ថា​៖​ «​តម្លៃ​​នេះ​​បើ​ធៀប​នឹង​ចុង​ឆ្នាំ​​ ២០១៧ ​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​ ៥-១០ ​ភាគ​​រយ​តែ​ប៉ុ​ណ្ណោះ​​នា​ដំ​ណាច់​ឆ​មាស​ទី​ ១»។ ​

របាយ​ការណ៍​​ក្រ​សួង​រៀប​​ចំ​ដែន​ដី​ ន​គ​រូប​នី​យ​កម្ម​ និង សំ​ណ​ង់​ បង្ហាញ​ថា ទុន​វិ​និ​យោ​គ​​ក្នុង​​វិ​ស័យ​​សំ​ណង់​នៅ​កម្ពុជា​​រយៈ​​​ពេល​​ ៩ ​ខែ ឆ្នាំ​​ ២០១​៨ ​នេះ​មាន​​តម្លៃ​ ៤ ៨២០​ លាន​ដុ​ល្លា​រ ​​ធ្លាក់​ចុះ​​ជា​ង​​​ ១៤,៤៧ ​​​ភា​គ​​​រយ ​បើ​ធៀប​​នឹង​រយៈ​ពេ​ល​​ដូច​​គ្នា​​កាល​ពី​ឆ្នាំ​ ២០១​៧​​៕LA