យោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីសប្តាហ៍មុនបានឲ្យដឹងថា ការលក់ផ្ទះក្នុងខែមករាកន្លងមកមានចំនួន ៥២២ យូនីត ដែលចំនួននេះគឺកើន ២១ ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ ២០១៧ ដោយពេលនោះលក់បានចំនួន ៤៣១ យូនីត។ ទិន្នន័យនេះបើធៀបទៅនឹងខែមករា ឆ្នាំ ២០១៧ គឺកើនឡើងចំនួន ៣៧ ភាគរយដោយពេលនោះលក់បានត្រឹមតែ ៣៨២ យូនីតប៉ុណ្ណោះ។
យោងតាមភ្នាក់ងារអចលនទ្រព្យ PropNex Realty បានបង្ហាញថា ការលក់កាលពីខែមុនគឺជាអត្រាខ្ពស់បំផុតសម្រាប់ខែមករាចាប់តាំងពីឆ្នាំ ២០១៥ មក។
ទោះបីជាយ៉ាងណា វានៅតែទាបជាងតួលេខប្រចាំខែជាទូទៅ ព្រោះអ្នកអភិវឌ្ឍន៍ភាគច្រើនមានផែនការចាប់ផ្តើមគម្រោងរបស់គេ បន្ទាប់ពីបុណ្យចូលឆ្នាំចិនរួច។
លោក Ismail Gafoor អគ្គនាយកក្រុមហ៊ុន PropNex និយាយថា៖ «ជាទូទៅខែធ្នូ និងខែមករា គឺជាខែដែលសកម្មភាពនៃការទិញ- លក់អចលនទ្រព្យមានល្បឿនយឺតជាងគេ»។
លោកបានបន្តថា៖ «ទោះបីជាយ៉ាងណាការមើលតួលេខដែលប្រៀបធៀបជាមួយកាលពីប៉ុន្មានឆ្នាំមុន វាហាក់ដូចជាបង្ហាញថាខែមករាឆ្នាំ ២០១៨ កំពុងទទួលបានសម្ទុះជាមួយអ្នកទិញផ្ទះផងដែរ»។
គម្រោងដែលលក់ដាច់បំផុតក្នុងខែមករា គឺ Symphony Suites ដែលស្ថិតនៅតំបន់ Yishun ដោយគម្រោងនេះលក់បានរហូតដល់ ៦៥ យូនីត គម្រោង Gem Residences នៅតំបន់ Toa Payoh លក់បានចំនួន ៤៤ យូនីត និងគម្រោង Parc Botannia នៅក្នុងតំបន់ Sengkang លក់បានចំនួន ៤៣ យូនីត។
លោក Ismail រំពឹងថានឹងឃើញមានប្រតិបតិ្តការទិញ-លក់ច្រើនបន្ថែមទៀតបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ខណៈដែលអ្នកអភិវឌ្ឍន៍ត្រៀមខ្លួនបង្កើតគម្រោងថ្មីៗមួយចំនួនដូចជា Tapestry នៅ Tampines Avenue 10, Enclave @ Holland និង Rivercove Residences EC នៅ Sengkang ជាដើម។
អគ្គនាយកក្រុមហ៊ុន PropNex កត់សម្គាល់ថា៖ «សកម្មភាពនៅលើទីផ្សារនឹងចាប់ផ្តើមកើនឡើងពីខែមីនា ជាមួយនឹងប្រតិបត្តិការដែលស្ថិតក្នុងរង្វង់ ១០០០ យូនីត»។
លោក Ismail ក៏បានព្យាករថា បន្ទប់ស្នាក់នៅចំនួន ១២០០០ យូនីត (ដោយមិនរាប់បញ្ចូល ECs) នឹងត្រូវលក់ដាច់ក្នុងឆ្នាំ ២០១៨ ដែលចំនួននេះគឺប្រហាក់ប្រហែលទៅនឹងកាលពីឆ្នាំ ២០១៧ កន្លងមក៕