បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ សកម្មភាព​នៃ​ការអភិវឌ្ឍ​នៅ​ទីក្រុង​បាវិត​បាន​ចាប់ផ្តើម​កម្រើក​ឡើង​វិញ ទាំង​សកម្មភាព​ពាណិជ្ជកម្ម និង​តម្លៃ​អចលនទ្រព្យ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គីម ហ៊ាង ដែល​មាន​ស្រុកកំណើត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា មួយរយៈ​ចុង​ក្រោយ​នេះ​ក្រុង​បាវិត​មាន​សកម្មភាព​អភិវឌ្ឍ​ច្រើន ដោយសារ​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៥ ​នៅ​ទី​នោះ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ពិសេស​ការចូល​ទៅ​វិនិយោគ​របស់​ជនជាតិ​ចិន​ដែល​មាន​ចំនួន​កាន់តែ​ច្រើន និង​ធ្វើឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​មាន​ភាព​រស់រវើក​។

លោក​បាន​ថ្លែង​ថា៖ «​បច្ចុប្បន្ន​នេះ​នៅ​ក្រុង​បាវិត​គេ​អាច​សាងសង់​ផ្ទះជួល សាងសង់​ផ្ទះ​លក់ ពុះ​ដីឡូត៍​លក់ ឬ​សាងសង់​ផ្សារ​ក៏​បាន​ព្រោះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ក្នុង​ទីក្រុង​នេះ​»​។ លោក​បាន​បន្ត​ថា៖ «​ដោយសារ​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នាពេល​នេះ​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​មុន​»​។

បច្ចុប្បន្ន​ដីធ្លី​នៅ​ក្រុង​បាវិត​មាន​តម្លៃ​ចន្លោះ​ពី​ ២០០ ​ទៅ​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​តំបន់​ជាប់​ផ្លូវជាតិ និង​តំបន់​ពាណិជ្ជកម្ម ចំណែក​តំបន់​ឧស្សាហកម្ម​មាន​តម្លៃ​ចន្លោះ​ពី​ ៣០ ​ទៅ ​៥០ ​ដុល្លារ​អាមេរិក និង​តំបន់​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​មាន​តម្លៃ​ចន្លោះ​ពី​ ៥ ​ទៅ ២០ ​ដុល្លារ​អាមេរិក​។ តម្លៃ​នេះ​ក៏​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​ទំហំ​ដី​ជាក់ស្តែង​ផង​ដែរ​។

លោក គីម ហ៊ាង បាន​លើក​ឡើង​ទៀត​ថា​ជាមួយ​នឹង​សកម្មភាព​អភិវឌ្ឍ និង​កំណើន​នៃ​ការវិនិយោគ​បច្ចុប្បន្ន​មាន​កាស៊ីណូ និង​សណ្ឋាគារ​ថ្មីៗ​ជាច្រើន​កំពុង​សាងសង់​បន្ថែម​ទៀត ខណៈ​កាស៊ីណូ​មួយ​ចំនួន​ដែល​បាន​បិទទ្វារ​កាលពី​មុន​មក​នោះ​នៅពេល​នេះ​ពួកគេ​បាន​បើក​ដំណើរការ​ឡើង​វិញ​អស់​ហើយ​។

នាយក​រដ្ឋបាល​សាលាក្រុង​បាវិត​លោក ប៉ែន ភារ៉ុន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុង​បាវិត​មាន​សកម្មភាព​រស់រវើក​ឡើង​វិញ​ដោយ​ចំនួន​មនុស្ស​រស់នៅ​បាន​កើន​ដល់​ជាង​ ៥០០០០ ​នាក់​ដែល​ធ្វើឲ្យ​សកម្មភាព​ក្នុង​វិស័យ​អចលទ្រព្យ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង លើ​ការ​ពុះ​ដីឡូត៍​លក់ និង​សកម្មភាព​មួយ​ចំនួន​ទៀត​។ លោក​បន្ត​ថា​សកម្មភាព និង​តម្លៃ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ការ​ប្រែប្រួល​ហើយ ប៉ុន្តែ​តម្លៃ​មិន​ទាន់​កើនឡើង​ខ្លាំង​នៅ​ឡើយ​ទេ​។

បើ​តាម​លោក ប៉ែន ភារ៉ុន ក្រុង​បាវិត​មាន​ទំហំ​ផ្ទៃដី​ ២០៦,៦៩ ​គីឡូម៉ែត្រ​ការ៉េ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៥ និង​មាន​រោងចក្រ​ចំនួន​ ៥៦ ​កំពុង​ដំណើរការ​មាន​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន ​១២ កំពុង​ដំណើរការ និង​មួយ​កំពុង​សាងសង់​។

លោក ប៉ែន ភារ៉ុន បាន​អះអាង​ថា៖ «​បច្ចុប្បន្ន​ការវិនិយោគ​កើនឡើង​ក្នុង​ទីក្រុង​នេះ​ទាំង​សកម្មភាព​ពាណិជ្ជកម្ម រោងចក្រ សហគ្រាស និង​វិស័យ​អចលនទ្រព្យ​»​។

នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​ ២០១៥-២០២៥ បាន​ដាក់​ទីក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ការសម្រួល​ពាណិជ្ជកម្ម ការដឹកជញ្ជូន និង​ការទាក់ទាញ​ការវិនិយោគ​ពី​អ្នក​វិនិយោគ​នៅ​ប្រទេស​ជិត​ខាង​ហើយ​ប្រើប្រាស់​ទីក្រុង​នេះ​ជា​ទីតាំង​ស្តុក​ទំនិញ និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិត​ខាង​។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ទីក្រុង​បាវិត​ពិត​មាន​មាន​សក្តានុពល​ខ្លាំង ដោយសារ​វា​មាន​ទីតាំង​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ និង​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់ ពិសេស​ការដឹក​ទៅ​កាន់​កំពង់ផែ​ប្រទេស​វៀតណាម​មាន​ចម្ងាយ​ជិត បើ​ធៀប​ជាមួយ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​រាជរដ្ឋាភិបាល​គួរ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន និង​ទាក់ទាញ​អ្នកវិនិយោគ​មក​កាន់​ទីក្រុង​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​។ ការ​នៅ​ជិត​ប្រទេស​ធំ និង​មាន​ការ​រីកចម្រើន​ជាង​ខ្លួន​នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ឥទ្ធិពល​ប្រទេស​ជិត​ខាង​របស់​ខ្លួន​»​។

ក្រុង​បាវិត​ជា​ផ្នែក​មួយ​របស់​ខេត្ត​ស្វាយរៀង​ដែល​មាន​ភូមិសាស្ត្រ​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ទីនោះ​ជា​ចំណុច​ឆ្លងកាត់​ទំនិញ​ដ៏ធំ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​៕