ក្រុងហូជីមិញៈ ហ័ង ធីធុយវ៉ាន់ (Hoang Thi Thuy Van) អាយុ ៤៨ ឆ្នាំដែលជាពលរដ្ឋនៅស្រុក Thu Duc នៃទីក្រុងហូជីមិញ មានលទ្ធភាពទិញអាផាតមិនតម្លៃទាបកាលពី ៤ ឆ្នាំមុន ដោយសារកញ្ចប់ឥណទានអំណោយផល ប៉ុន្តែមនុស្សជាច្រើនមិនអាចមានលទ្ធភាពទិញផ្ទះឡើយ។
អ្នកស្រីប្រាប់កាសែត Viet Nam News ថា៖ «ខ្ញុំមានអារម្មណ៍ថាមានសំណាងជាងសហការីរបស់ខ្ញុំជាច្រើនផ្សេងទៀត ដែលមិនមានលទ្ធភាពទិញអាផាតមិន»។
អ្នកស្រីថ្លែងថា តម្លៃផ្ទះបច្ចុប្បន្នថ្លៃពេកសម្រាប់ពួកគេ មិនថាពួកគេប្រឹងសន្សំប្រាក់បានច្រើនប៉ុនណានោះទេ។
អ្នកស្រីឲ្យដឹងទៀតថា៖ «ខ្ញុំធ្លាប់គិតថានឹងផ្លាស់ប្តូរទៅរស់នៅកាន់តែជិតទីប្រជុំជនក្នុងទីក្រុង គឺនៅស្រុក Binh Thanh ឬស្រុក Phu Nhuan ប៉ុន្តែបានសម្រេចចិត្តបោះបង់គំនិតនេះចោល ដោយសារតម្លៃខ្ពស់ឆ្ងាយពីអ្វីដែលខ្ញុំអាចមានលទ្ធភាព»។
កាលពី ៤ ឆ្នាំមុន កញ្ចប់ឥណទានអំណោយផលរបស់ធនាគាររដ្ឋ ៣០ ពាន់ពាន់លានដុង (១,២៩ ពាន់លានដុល្លារ) បានជួយប្រជាជនដែលមានប្រាក់ចំណូលទាបរាប់ពាន់នាក់ឲ្យទិញអាផាតមិនតម្លៃទាបក្នុងទីក្រុងធំៗ។
ទោះយ៉ាងណា ចាប់ពីកញ្ចប់ឥណទាននេះលែងមានចាប់ពីពាក់កណ្តាលឆ្នាំ ២០១៦ មកមនុស្សជាច្រើនបានបោះបង់ចោលក្តីសុបិនទិញផ្ទះរបស់ពួកគេដោយសារតម្លៃផ្ទះកើនឡើង។
ទីផ្សារអចលនទ្រព្យបានជួបប្រទះរយៈពេលមិនល្អខ្លះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញឲ្យតម្លៃអចលនទ្រព្យកើនឡើងដល់កម្រិតមួយដែលមិនអំណោយផលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប ឬតិចតួច។
ឧទាហរណ៍ អាផាតមិនមានបន្ទប់ដេកមួយទំហំ ៧០ ម៉ែត្រការ៉េ ក្នុងគម្រោងប្រណីតមួយនៅស្រុក Binh Thanh ក្រុងហូជីមិញ អាចថ្លៃរហូតដល់ ៤,៥ ពាន់ពាន់លានដុង (ជិត ២ សែនដុល្លារ)។ នេះបើយោងតាមឈ្មួញជើងសារម្នាក់ដែលបានប្រាប់កាសែត Viet Nam News។
លោកថ្លែងថា ផ្ទះតូចមួយនៅផ្លូវដើរតូចដែលរថយន្តមិនអាចចូលបានក្នុងស្រុកលេខ ៤ ឬស្រុក Phu Nhuan អាចមានតម្លៃរហូតដល់ ៥ ពាន់លានដុង (២១៥ ០០០ ដុល្លារ)។
ឈ្មួញជើងសារូបនេះបានឲ្យដឹងទៀតថា សម្រាប់ផ្ទះដែលស្ថិតនៅលើផ្លូវធំក្នុងស្រុកដែលស្ថិតក្នុងតំបន់ប្រជុំជនដូចជាស្រុកលេខ ១ លេខ ៣ និងស្រុកនៅជិតនោះ ដូចជាស្រុក Binh Thanh ស្រុក Phu Nhuan និងស្រុកលេខ ៤ ផ្ទះមានតម្លៃខ្ពស់ខ្លាំងសម្រាប់ប្រជាជនភាគច្រើន។
តម្រូវការខ្ពស់
ក្រុមអ្នកជំនាញបានថ្លែងថា ទីផ្សារអចលនទ្រព្យកំពុងជួបប្រទះកង្វះខាតធ្ងន់ធ្ងរនូវផ្ទះតម្លៃសមរម្យ បើទោះជាមានតម្រូវការខ្ពស់ក្តី។
ផលិតផលអចលនទ្រព្យនៅវៀតណាម មិនស៊ីទៅនឹងតម្រូវការទីផ្សារឡើយ ជាពិសេសក្នុងទីក្រុងធំៗដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ការផ្គត់ផ្គង់អាផាតមិនតម្លៃខ្ពស់ មានច្រើន ខណៈដែលមានកង្វះខាតផ្ទះតម្លៃសមរម្យ។
គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០១៧ មក ផ្នែកទីផ្សារអាផាតមិនកម្រិត C (អាផាតមិនតម្លៃសមរម្យតម្លៃក្រោម ១ ពាន់ដុល្លារក្នុង ១ ម៉ែត្រការ៉េ) បានមើលឃើញការធ្លាក់ចុះការផ្គត់ផ្គង់ខ្លាំង។ នេះបើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យ DKRA Vietnam។
អាផាតមិនកម្រិត A (តម្លៃខ្ពស់ចាប់ពី ១ ៨០០ ទៅ ៣ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ) និងអាផាតមិនកម្រិត B (តម្លៃមធ្យមចាប់ពី ១ ១០០ ទៅ ១ ៨០០ ដុល្លារ) មានច្រើនជាងអាផាតមិនកម្រិត C។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន DKRA កាន់តែអាក្រក់ជាងនេះទៀតនោះ ពេលខ្លះផ្នែកអាផាតមិនតម្លៃសមរម្យគ្មានការផ្គត់ផ្គង់ទៀតផង។
ស្ថិតក្រោមកញ្ចប់កម្ចី ៣០ ពាន់ពាន់លានដុង របស់រដ្ឋាភិបាល អ្នកទិញផ្ទះអាចទិញអាផាតមិនតម្លៃសមរម្យដែលមានផ្ទៃក្រឡា ៧០ ម៉ែត្រការ៉េ ឬក្រោមនេះក្នុងតម្លៃ ១៥ លានដុងក្នុង ១ ម៉ែត្រការ៉េ។
លោក Le Hoang Chau ប្រធានក្រុមហ៊ុន HCM City Real Estate Association (HoREA) ថ្លែងថា អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការក្នុងផ្នែកអាផាតមិនតម្លៃសមរម្យ គឺជាសញ្ញានៃការអភិវឌ្ឍមិនមាននិរន្តរភាពក្នុងទីផ្សារ។
លោកថ្លែងថា អាផាតមិន តម្លៃសមរម្យ មានចំនួនសមាមាត្រតូចបំផុតនៃលំនៅឋានដែលមាន បន្ទាប់មកផ្នែកអាផាតមិនតម្លៃមធ្យម និងតម្លៃខ្ពស់ ដែលជំនួសមកវិញគួរតែមានសមាមាត្រតូចបំផុតវិញ។
លោកកត់សម្គាល់ថា៖ «វាទំនងជាខ្លាំងថា លំនៅឋានតម្លៃសមរម្យនឹងមិនមានតទៅទៀតទេក្នុងពេលអនាគតដ៏ខ្លីខាងមុខលុះត្រាតែរដ្ឋាភិបាលចាត់វិធានការ»។
ក្នុងកិច្ចប្រជុំនាពេលថ្មីៗមួយរវាងក្រុមហ៊ុនអចលនទ្រព្យ និងថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Nguyen Van Duc នាយករងក្រុមហ៊ុន Dat Lanh Real Estate Company បានថ្លែងថា ការផ្គត់ផ្គង់ផ្ទះតម្លៃទាបបានធ្លាក់ចុះជាសន្សឹមៗក្នុងទីក្រុងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីជាង ១០ ឆ្នាំមុន ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនក្នុងទីក្រុងដូចជាក្រុមហ៊ុន Khang Gia, Nam Long, Dat Lanh និងក្រុមហ៊ុន Le Thanh បានវិនិយោគលើគម្រោងផ្ទះតម្លៃទាប។
លោកថ្លែងថា៖ «ទោះជាយ៉ាងណា មិនមានក្រុមហ៊ុនភាគច្រើនក្នុងចំណោមក្រុមហ៊ុនទាំងនោះមិនអនុវត្តគម្រោងបែបនេះតទៅទៀតទេពេលបច្ចុប្បន្ន»។
ឧទាហរណ៍ ក្រុមហ៊ុន Dat Lanh Company បានប្រឈមកង្វះខាតមូលធនក្នុងការអនុវត្តគម្រោងលំនៅឋានតម្លៃទាបថ្មីៗ។
លោក Duc បានថ្លែងថា កង្វះការវិនិយោគកើតមានឡើងដោយសារការទទួលបានប្រាក់ចំណេញទាបពីការសាងសង់លំនៅឋានបែបនេះ។ លោកបន្ថែមថា បើតម្លៃសម្ភារសាងសង់ ឬអត្រាការប្រាក់ធនាគារកើនឡើង ក្រុមហ៊ុនអាចប្រឈមនឹងការខាតបង់។
លោកថ្លែងថា៖ «ការវិនិយោគលើលំនៅឋានតម្លៃទាបទទួលបានប្រាក់ចំណេញទាប ប្រហែលពី ១ ទៅ ២ លានដុងក្នុង ១ ម៉ែត្រការ៉េ»។
លោក Le Huu Nghia នាយកក្រុមហ៊ុន Le Thanh Real Estate ថ្លែងថា ក្រុមហ៊ុនអចលនទ្រព្យមានចំណាប់អារម្មណ៍ខ្លាំងជាងលំនៅឋានតម្លៃថ្លៃ ដោយសារទទួលបានប្រាក់ចំណេញខ្ពស់ជាងឆ្ងាយ។
លោកថ្លែងថា បញ្ហាបានកើតមានកាន់តែអាក្រក់ដោយសារបញ្ហាប្រឈមនានាក្នុងការទទួលបានឥណទាន នីតិវិធីរដ្ឋបាលស្មុគស្មាញ និងកង្វះដីសម្រាប់ការសាងសង់។
អនុសាសន៍
ក្រុមអ្នកជំនាញនិយាយថា វៀតណាមគួរអភិវឌ្ឍគោលនយោបាយអនុគ្រោះថ្មីៗសម្រាប់ដីធ្លី ពន្ធ អត្រាការប្រាក់ ឥណទាន និងទ្រព្យបញ្ចាំសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ និងអនុញ្ញាតឲ្យមានការអភិវឌ្ឍអាផាតមិនទំហំផ្សេងៗ។
ការអភិវឌ្ឍផ្ទះតម្លៃសមរម្យ គឺជាបញ្ហាបន្ទាន់មួយ ខណៈនគរូបនីយកម្មយ៉ាងឆាប់រហ័សកំពុងដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។
លោក Chau ប្រធានក្រុមហ៊ុន HoREA បានថ្លែងថា៖ «តម្រូវការផ្ទះមានតម្លៃសមរម្យមានទំហំធំធេងក្នុងទីក្រុងហូជីមិញ ហើយបទប្បញ្ញត្តិស្តីពីលំនៅឋានតម្លៃទាបគួរតែត្រូវបានចេញផ្សាយ»។
យោងតាមស្ថិតិពីវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម ជាមធ្យមប្រជាជនជាង ១ លាននាក់ ធ្វើអន្តោប្រវេសន៍ពីទីជនបទមករស់នៅក្នុងទីក្រុងធំៗក្នុងមួយឆ្នាំៗ ហើយតួលេខនេះត្រូវបានរំពឹងថានឹងបន្តកើនឡើង។
មានការប៉ាន់ប្រមាណថា តម្រូវការផ្ទះតម្លៃសមរម្យនឹងមានប្រហែលពី ៦០ ទៅ ៧០ ភាគរយ នៃតម្រូវការទីផ្សារសរុប ប៉ុន្តែការផ្គង់ផ្គង់មានតិចជាង ២០ ភាគរយ។
អាផាតមិនដែលមានទំហំតិចជាង ៦០ ម៉ែត្រការ៉េ ដែលមានតម្លៃតិតជាង ៧០០ លានដុង (៣០ ០៩០ ដុល្លារ) មានតែ ៥ ភាគរយ ប៉ុណ្ណោះនៃការការផ្គត់ផ្គង់របស់ទីផ្សារ។
យោងតាមស្ថិតិពីក្រសួងសំណង់វៀតណាម គិតនៅត្រឹមឆ្នាំ ២០២០ ប្រជាជនប្រហែល ១,៧ លាននាក់ នឹងត្រូវការផ្ទះក្នុងតំបន់ទីក្រុង រួមជាមួយនឹងបុគ្គលិកកម្មករចំនួន ១,៧ លាននាក់ ដែលត្រូវការទីជម្រកប្រកបដោយស្ថិរភាព ដែលទាមទារឲ្យមានការអភិវឌ្ឍអាផាតមិនជិត ១ លានយូនីត៕ ANN/KC