ភ្នំពេញៈ ការសាងសង់​អគារ​ធំជាងគេ​ចំនួន ២ ក្នុង​គម្រោង Olympia City ដែល​អគារ ១ នឹងត្រូវ​ប្រើប្រាស់​ជា​អគារ​ការិយាល័យ និង​អគារ ១ ទៀត​ជា​សណ្ឋាគារ​នោះ នៅពេល​នេះ​សម្រេចបាន​ប្រហែល ៣០ ​ភាគរយ​ហើយ​។ នេះ​បើ​យោង​តាម​ប្រធាន​គ្រប់គ្រង​គម្រោង Olympia City​។

គម្រោង Olympia City គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​របស់​ក្រុមហ៊ុន OCIC ដែល​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ខាងជើង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​។ តាម​ផែនការ​ការសាងសង់​សណ្ឋាគារ​កម្ពស់ ៣៨ ​ជាន់ និង​អគារ​ការិយាល័យ ​ដែល​អាចមាន​កម្ពស់​រហូត​ដល់ ៥៥​ ជាន់​នេះ​ នឹងត្រូវ​បញ្ចប់​ក្នុង​នៅ​ចុង​ឆ្នាំ​ ២០២២ ខាងមុខ​។

លោក ម៉េង ចំរើន ប្រធាន​គ្រប់គ្រង​គម្រោង Olympia City កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសាងសង់​អគារ​ធំៗ​ទាំង ២ នេះ​កំពុង​ដំណើរការ​ទៅ​មុខជា​រៀងរាល់ថ្ងៃ​ដោយ​រហូតមក​ដល់ពេល​នេះ​សម្រេចបាន​ប្រហែល ៣០ ​ភាគរយ​ហើយ ខណៈ​ការសាងសង់​អាច​នឹង​រួចរាល់​នៅ​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ​។

ទោះយ៉ាងណា​លោក​ប្រាប់ថា​៖ «​រយៈពេល​សាងសង់​អាច​នឹង​មាន​ការប្រែប្រួល​ខ្លះ ប្រសិន​បើ​តម្រូវការ​ទីផ្សារ​ប្រែប្រួល​»​។ លោក​បាន​បន្ថែមថា អគារ​ការិយាល័យ​ខ្ពស់​ជាងគេ​នេះ​នឹង​ត្រូវ​រចនា​ជា​ការិយាល័យ​ផង និង​កន្លែង​ស្នាក់នៅ​ផង (SOHO) ដើម្បី​តម្រូវ​តាម​តម្រូវការ​ទីផ្សារ​។

បើតាម​លោក ចំរើន នៅក្នុង​គម្រោង Olympia City ទាំងមូល​មាន​អគារ​សរុប​ចំនួន ១២ ដែល​រួមមាន ខុនដូ ផ្សារទំនើប អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ និង​សណ្ឋាគារ​ជាដើម​។ រហូត​មក​ដល់​ពេលនេះ​អគារ​ខុនដូ​ចំនួន​ ៤ អគារ​ការិយាល័យ​ចំនួន​ ២ និង​ផ្សារ​ទំនើប​ចំនួន​ ១ បាន​បញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ហើយ​។

កាលពី​ពេល​កន្លងមក​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គម្រោង Olympia City គ្រោង​ចំណាយ​ប្រាក់​ប្រមាណ ៥០០ លាន​ដុល្លារ​ លើ​ផ្នែក​សំណង់​ដែល​ទំហំ​ទឹកប្រាក់​នេះ​មិន​រាប់បញ្ចូល​តម្លៃ​ដី​នៅ​តំបន់​នេះ​នៅ​ឡើយ​ទេ​។ គម្រោង Olympia City បាន​ចាប់ផ្តើម​សាងសង់​កាលពី​អំឡុង​ឆ្នាំ ២០១២ លើ​ផ្ទៃដី​ជាង ៦ ​ហិកតា​។

លោក ឡុង គឹមសួគ៌ នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Advanced Property បាន​ប្រាប់ថា តម្រូវការ​អគារ​ការិយាល័យ និង​សណ្ឋាគារ​កំពុង​មាន​កំណើន​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​កំណើន​នៃ​ការមក​ដល់​នៃ​វិនិយោគិន​ថ្មីៗ និង​ការបើក​អាជីវកម្ម​ចម្រុះ​ជាច្រើន​។

លោក​បន្តថា ខណៈ​ចំនួន​ក្រុមហ៊ុន​ថ្មីៗ​កំពុង​កើនឡើង​ច្រើន​ស្របពេល​តម្លៃ​ផ្ទះជួល​សម្រាប់​បើក​ការិយាល័យ​កើនឡើង​កាន់តែ​ខ្ពស់ និង​មិនមាន​ចំណត​ត្រឹមត្រូវ​នោះ​បាន​ធ្វើឲ្យ​តម្រូវការ​អគារ​ការិយាល័យ​កើនឡើង​យ៉ាង​ច្រើន​នាពេលនេះ​។ ចំណែក​សណ្ឋាគារ​ក៏​មាន​ការសាងសង់​ច្រើន​ដែរ ដើម្បី​បម្រើ​ដល់​កំណើន​តម្រូវការ​របស់​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​។

លោក​មានប្រសាសន៍​ថា​៖ «​សក្តានុពល​នៃ​ទីតាំង​របស់​គម្រោង Olympia City នឹង​ធ្វើឲ្យ​គម្រោង​នេះ​ងាយ​ស្រូប​បាន​អតិថិជន​»​។

លោក​បញ្ជាក់ថា កំណើន​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើឲ្យ​មាន​តម្រូវ​ការបន្ថែម​លើ​គ្រប់​វិស័យ​។

អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នកសាងសង់​កម្ពុជា​លោក ជីវ ស៊ីវផេង បាន​និយាយថា ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​សំណង់​ធំៗ និង​ខ្ពស់ៗ​បាន​លេចឡើង​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា នៅ​គ្រប់​ការដ្ឋាន​សាងសង់​សុទ្ធតែ​មាន​សកម្មភាព​មមាញឹក និង​មាន​ការដ្ឋាន​ខ្លះ​ដំណើរការ​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​។

លោក​និយាយថា​៖ «​ការសាងសង់​មាន​សកម្មភាព​នៅ​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដែល​នេះ​មានន័យថា ទីផ្សារ​កំពុង​មាន​សម្ទុះ​ខ្លាំង​»​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា​គិត​ត្រឹម​ខែតុលា​ឆ្នាំ​នេះ​នៅ​កម្ពុជា​មាន​អគារ​កម្ពស់​ចាប់ពី ៣០ ​ជាន់​ឡើង​ទៅ​ចំនួន ១៣៣ ​អគារ​៕ LA