Postal Service បានផ្លាស់ចេញពីអគារប្រៃសណីយ៍ធំរបស់ខ្លួននៅទីប្រជុំជននៃទីក្រុងឈីកាហ្គោក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែការផ្តួចផ្តើមក្នុងការស្តារអគារ Art Deco ដ៏ធំមហិមានោះមិនត្រូវបានគេអើពើទេ។
អគារដ៏ធំនេះត្រូវបានគេទុកចោលខុសគ្នាដាច់ស្រឡះពីពេលដែលអ្នកធ្វើការនៅទីនោះធ្លាប់តែធ្វើការរៀបសំបុត្រដែលមានរហូតដល់ចំនួន ៣៥ លានច្បាប់ក្នុងមួយថ្ងៃៗហើយអ្នកស្នាក់នៅទីនោះធ្លាប់តែផ្ញើឯកសារក្នុងកន្លែងមួយដ៏ប្រណីតធំទូលាយមានខ្យល់អាកាសស្រស់ស្រាយជាមួយឥដ្ឋថ្ម ផ្ទាំងដេគ័រដ៏ស្រស់ស្អាត។
បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ 601W កំពុងតែព្យាយាមកែលម្អអគារនេះឡើងវិញ។ ជាមួយនឹងប្រាក់កម្ចីសម្រាប់សាងសង់ដែលមានចំនួន ៥០០ លានដុល្លារក្នុងដៃហើយក្នុងនោះក្រុមហ៊ុន 601W កំពុងតែផ្លាស់ប្តូរអគារដែលធ្លាប់តែមានសៀវភៅបញ្ជី និងតែមមួយនេះឲ្យទៅជាអគារការិយាល័យមួយដែលមានទំហំ ២.៨ លានហ្វុតការ៉េដោយដាក់ឈ្មោះយ៉ាងសាមញ្ញថា The Post Office។
នេះជាគម្រោងមួយក្នុងចំណោមគម្រោងកែលម្អអគារប្រៃសណីយ៍ធំៗក្នុងសហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉ក និងទីក្រុង Houston ផងដែរ។ ជាមួយនឹងតំបន់នៅចំកណ្តាលទីប្រជុំជន និងឃ្លាំងធំៗដែលអាចយកទៅកែលម្អជាថ្មីនោះអគារប្រៃសណីយ៍ចាស់ៗកំពុងទទួលបាននូវការចាប់អារម្មណ៍ក្នុងការយកទៅកែលម្អសាជាថ្មី។
លោក Matt Garrison នាយកគ្រប់គ្រងក្រុមហ៊ុន R2 Companies ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅទីក្រុងស៊ីកាហ្គោដែលបានទិញអគារប្រៃសណីយ៍ទំហំ ១.១ លានហ្វុតការ៉េនៅតំបន់ប្រជុំជននៃ Milwaukee ពីវិនិយោគិនមួយរូបក្នុងឆ្នាំ ២០១៥ បាននិយាយថា៖ «ជាការពិតគឺអ្វីៗមិនអាចចម្លងឲ្យដូចគ្នាបាននោះទេ ពិសេសគឺអគារដែលស្ថិតនៅទីតាំងល្អៗបំផុត។ អគារទាំងនេះមិនមានច្រើនទេ។ នេះជាមូលហេតុដែលធ្វើឲ្យអគារទាំងនេះពិសេស និងខុសប្លែកពីគេមានន័យថា អ្នកមិនអាចចម្លងធ្វើថ្មីឲ្យដូចគ្នាបាននោះទេ»។
ក្រុមហ៊ុន R2 គ្រោងនឹងកែលម្អអគារនៅ Milwaukee នេះជាឡើងវិញដោយជំហានដំបូងធ្វើជាអគារការិយាល័យបើទោះជា Postal Service នៅតែប្រើវានៅឡើយក្តី។
នៅក្នុងទីក្រុងស៊ីកាហ្គោក្រុមហ៊ុន 601W បានទិញអគារប្រៃសណីយ៍ចាស់មួយកាលពីខែឧសភា ឆ្នាំ ២០១៦ ពីវិនិយោគិនជនជាតិអង់គ្លេសមួយរូប។ ចាប់តាំងពីពេលនោះមកកម្មករបានផ្លាស់ប្តូរបង្អួច បោសសម្អាតសំរាម និងកម្ទេចកម្ទី និងរៀបចំដំឡើងប្រព័ន្ធអគារថ្មីៗផ្នែកខាងក្នុងផងដែរ។
គម្រោងកែលម្អនេះនឹងប្តូរអគារប្រៃសណីយ៍នេះទៅជាអគារការិយាល័យប្លែកៗដែលមានកម្ពស់ពិតានដល់ទៅ ១៩ ហ្វុតនេះបើតាមសម្តីរបស់លោក Brian Whiting ដែលជាប្រធានក្រុមហ៊ុន Telos Group ជាក្រុមហ៊ុនរត់ការឯកសារនៅទីក្រុងស៊ីកាហ្គោដែលស្វែងរកអ្នកជួលការិយាល័យនៃអគារនេះ។ ទំហំ ១ ជាន់នៃអគារនេះមានទំហំដល់ទៅ ២៨៥០០០ ហ្វីតការ៉េ។
លោក Whiting ថ្លែងថា៖ «វាជារឿងដ៏សាមញ្ញមួយ។ យើងកំពុងសង់នូវអគារមួយដែលទាក់ទាញបុគ្គលិកវ័យក្មេងៗដែលមានការបើកទូលាយសហការគ្នាល្អ និងចូលចិត្តធ្វើការរួមគ្នា»។
ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ២ គឺ Related Companies និង Vornado Realty Trust កំពុងតែធ្វើការលើគម្រោងស្រដៀងគ្នាមួយផងដែរសម្រាប់អគារ James A. Farley ក្នុងទីក្រុងញូវយ៉កដែលអគារនេះបានសាងសង់ចប់រួចរាល់ក្នុងឆ្នាំ ១៩១៣ ដែលមានការរចនាផ្នែកខាងមុខជាមួយនឹងសសរម៉ូដ Corinthian នៅផ្នែកម្ខាង។ ឆ្លងពីស្ថានីយ Pennsylvania អគារនេះនឹងផ្លាស់ប្តូរទៅជាសាលសម្រាប់រថភ្លើងដោយនឹងដាក់ឈ្មោះថា Sen. Daniel P. Monynihan។
Amtrak និង Long Island Rail Road នឹងប្រើផ្លូវរថភ្លើងដែលក្រុមហ៊ុនម៉ៅការសំណង់របស់ប្រទេសស្វ៊ីសឈ្មោះ Skanska កំពុងតែសាងសង់នៅតំបន់នោះ។ Vornado និង Related នឹងផ្តោតលើទំហំដីប្រហែល ៥៨៨០០០ ហ្វីតការ៉េនៃអគារនេះចាប់ពីជាន់ទី ២ ដល់ជាន់ទី ៥ និងទាក់ទាញអ្នកជួលថ្មីៗឲ្យជួលជាន់ទី ១ និងកន្លែងរង់ចាំនានាផងដែរ។ អគារ Postal Service នឹងជួលការិយាល័យនៅជាន់ទី ៣។
ទស្សនវិស័យក្នុងការផ្លាស់ប្តូរជាន់ខាងលើដែលធា្លប់ជាកន្លែងគ្រប់គ្រងសំបុត្រសារប្រៃសណីយ៍ទៅជាការិយាល័យបានធ្វើឲ្យអគារ Farley លេចធ្លោនេះ បើយោងតាមលោក Andrew Rosen ដែលជានាយករងជាន់ខ្ពស់នៅក្រុមហ៊ុនRelated។
លោកបានថ្លែងថា អគារប្រភេទនេះមិនងាយមានទេនៅទីក្រុង ញូវយ៉ក ប៉ុន្តែមានតម្រូវការខ្ពស់ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយ និងក្រុមហ៊ុនផ្សេងៗទៀត។
លោក Rosen ថ្លែងថា៖ «វាមានទំហំប៉ុនប្លុក ២ ជាប់ៗគ្នានៃទីក្រុងនេះតែម្តង។ ជាន់នីមួយៗអាចមានទំហំដល់ទៅ ២ សែនហ្វីតការ៉េ និងមានលម្ហធំព្រមទាំងមានពន្លឺចូលបានល្អព្រមទាំងមានបណ្តាញ មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនល្អផងដែរ។ អ្នកនឹងទទួលបទពិសោធដ៏អស្ចារ្យ និងប្លែកៗ»។
Lovett Commercial ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅ Houston គ្រោងនឹងផ្លាស់ប្តូរអតីតអគារប្រៃសណីយ៍ Barbara Jordan ក្បែរតំបន់ប្រជុំជននៃទីក្រុងនេះទៅជាតំបន់បណ្តុំពាណិជ្ជកម្ម។ Lovett បានទិញអគារមួយដែលបានសង់ក្នុងឆ្នាំ ១៩៦២ ដោយមានម៉ូដ Brutalist ពី Postal Service កាលពីឆ្នាំ ២០១៥។
លោក Kirby Liu នាយកផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Lovett បាននិយាយថា៖ «អគារនេះមានលក្ខណៈជាសំណង់ប្រវត្តិសាស្ត្រក្នុងសម័យកាលរុងរឿងរបស់ Houston។ នេះគឺជាបេតិកភណ្ឌមួយដែលយើងចង់អភិវឌ្ឍ។ វាជាកន្លែងដែលបានបង្ហាញនូវអតីតកាលដែលយើងចង់យកទៅប្រើក្នុងពេលអនាគត»។
ក្នុងអតីតឃ្លាំង ២ ជាន់មួយលើអគារនេះបច្ចុប្បន្នត្រូវបានក្រុមហ៊ុន Lovett ចង់ច្នៃឲ្យក្លាយជាកន្លែងដែលមានហាងលក់ទំនិញកន្លែងសម្រាប់វិចិត្រករ និងភោជនីយដ្ឋាននៅជាន់ផ្ទាល់ដីហើយមានការិយាល័យសម្រាប់ជួលឲ្យក្រុមហ៊ុននានានៅជាន់ទី ២ ចំណែក ៥ ជាន់ទៀតគឺទុកសម្រាប់ធ្វើជាសណ្ឋាគារ។
លោក Liu ថ្លែងថា៖ «អគារនេះមានចំណុចជាច្រើនដែលមានភាពពិសេសប្លែក។ វាជារឿងមួយដែលគេស្គាល់ច្រើន ប៉ុន្តែប្រជាជននៅ Houston ជាច្រើនក៏មិនបានដឹងអំពីវាដែរពីព្រោះពួកគេមិនបានដឹងអំពីប្រវត្តិរបស់ផ្នែកជាច្រើននៃអគារនេះ»។
ឧទាហរណ៍មួយនោះគឺ៖ កន្លែងពួន និងការពារពីវិទ្យុសកម្មជាច្រើនកន្លែងក្នុងអគារនេះជាដើម។
ក្រុមហ៊ុនអភិវឌ្ឍន៍នានាមានគម្រោងកែលម្អអគារប្រៃសណីយ៍សម្រាប់ប្រើប្រាស់ជាថ្មីជាច្រើនឆ្នាំទៅមុខទៀត។ គម្រោងដែលកែលម្អរួចហើយរួមមានអគារដ៏ធំមហិមាមួយដែលបានសង់រួចរាល់កាលពីឆ្នាំ ១៨៨៤ ក្នុងតំបន់ប្រជុំជន St. Louis និងអគារប្រៃសណីយ៍ចាស់នៅ Washington ដែលក្រុមហ៊ុនអចលនទ្រព្យរបស់លោកប្រធានាធិបតី Donald Trump បានជួលក្នុងឆ្នាំ ២០១៣ ពីការិយាល័យរដ្ឋបាល General Services Administration និងបានផ្លាស់ប្តូរអគារនេះទៅជាសណ្ឋាគារ។
Postal Service មានអចលនទ្រព្យដល់ទៅ ៨៤៤៨ កន្លែងបើគិតត្រឹមខែកញ្ញានេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ ដែលចំនួននេះគឺធ្លាក់ចុះចំនួន ២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១១។ ប៉ុស្តិ៍ប្រៃសណីយ៍បានជួលអគាររបស់ខ្លួនជាច្រើនដែលមានចំនួនដល់ទៅ ២៣១៨៤ កន្លែងនេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ។
ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយមកនេះភ្នាក់ងារនេះបានលក់អចលនទ្រព្យជាមធ្យម ៣២ កន្លែងជារៀងរាល់ឆ្នាំនេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ។ ការលក់អាចនឹងជួបបញ្ហាចម្រូងចម្រាស។ ក្នុងករណីមួយចំនួនសហគមន៍បានព្យាយាមប្រឆាំងដើម្បីធ្វើយ៉ាងណាឲ្យអគារទាំងនេះនៅតែជាអគារសាធារណៈ និងបើកបម្រើជូនអតិថិជន។ ភ្នាក់ងារនេះក៏បានរងការរិះគន់ដែលបានលក់អគារប្រវត្តិសាស្ត្រផងដែរ។ Postal Service ក៏ចូលរួម និងលក់អចលនទ្រព្យដើម្បីបើកឱកាសមុខជំនួញ និងហិរញ្ញវត្ថុផងដែរ ខណៈដែលការផ្ញើសំបុត្រតាមប្រៃសណីយ៍បានធ្លាក់ចុះ។ នេះបើយោងតាមអ្នកនាំពាក្យ Kimberly Frum នៃក្រុមហ៊ុននេះបានសរសេរក្នុងអ៊ីមែល។
អ្នកស្រី Frum បានសរសេរថា៖ «នៅតំបន់មួយចំនួនយើងមានអគារច្រើនលើសលប់។ បើក្រឡេកមកមើលស្ថានភាពហិរញ្ញវត្ថុរបស់យើងវិញការលក់អគារទាំងនេះក្នុងកាលៈទេសៈបែបនេះជាការសម្រេចចិត្តមួយល្អដែរ»។
អ្នកស្រីបានបន្ថែមថាមុនពេលលក់អគារនីមួយៗភ្នាក់ងារតែងតែស្នើសុំ និងគិតដល់យោបល់របស់សហគមន៍។ វាក៏ស្របទៅតាមបញ្ញតិ្ត និងច្បាប់អភិរក្សមុនពេលខ្លួនអាចលក់អចលនទ្រព្យប្រវត្តិសាស្ត្របានផងដែរ៕
Micah Maidenberg/The New York Times