ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​ដាក់​ចេញ​យុទ្ធនាការ​ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវាសាធារណៈ​ពេញ​ ១ ​ឆ្នាំ​ ២០២០ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ផ្សារភ្ជាប់​ការពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​សេវាសាធារណៈ និង​ជំរុញ​ការអនុវត្ត​យន្តការ​ទទួល​ព័ត៌មាន​ក៏ដូចជា​ដោះស្រាយ​បណ្តឹង​អ្នកទទួល​សេវា និង​ពង្រឹង​ក្រមសីលធម៌​មន្ត្រី​ក្នុង​ការផ្តល់​សេវាសាធារណៈ​។

ការដាក់ចេញ​យុទ្ធនាការ​នេះ​ក៏​ដើម្បី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅ​ថ្ងៃទី​ ៩ ​ធ្នូ​ផងដែរ ក្រោម​ប្រធានបទ ​«​រួមគ្នា​លើកស្ទួយ​ការផ្តល់សេវា​សាធារណៈ​ល្អ​»​។

សេចក្តី​ប្រកាស​របស់​​ ACU ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេសប៊ុក​ ACU កាលពី​ចុង​សប្ដាហ៍​មុន​បាន​បញ្ជាក់ថា​៖ «​ការចុះ​ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវាសាធារណៈ​នឹង​ផ្សារភ្ជាប់​នឹង​ការពង្រឹង និង​ពង្រីក​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​ស្តី​ពី​សេវាសាធារណៈ លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការប្រឆាំង​អំពើ​ពុករលួយ​ជំរុញ​ការអនុវត្ត​យន្តការ​ទទួល​ព័ត៌មាន​ត្រឡប់ និង​ដោះស្រាយ​បណ្តឹងតវ៉ា​របស់​អ្នក​ប្រើប្រាស់​សេវា និង​ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ក្រមសីលធម៌​ការងារ​របស់​មន្ត្រី​សាធារណៈ​»​។

សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់ថា​ការចុះ​ត្រួតពិនិត្យ​នេះ​ក៏​ដើម្បី​ធានា​នូវ​ការអនុវត្ត​អភិក្រម​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ «​ធ្វើ​ឱ្យ​បាន ធ្វើឱ្យ​លឿន និង​ធ្វើឱ្យមាន​តម្លាភាព​» ​ផងដែរ​។

សេចក្តី​ប្រកាស​នេះ​ក៏បាន​ដកស្រង់​សម្ដី​របស់​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ប្រធាន​អង្គភាព ACU ដែល​បានលើក​ឡើង​ពី​សារៈសំខាន់​នៃ​ការលើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ពលរដ្ឋ​មកលើ​រដ្ឋបាល​សាធារណៈ​។

លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ប្រកាស​នោះ​ថា ការ​សម្រួច​យុទ្ធសាស្ត្រ​អប់រំ បង្ការ​ទប់ស្កាត់ ដែល​បាន​ចាប់ផ្តើម​អនុវត្ត​ការត្រួតពិនិត្យ​កាលពី​ខែ​មុន​នៅក្នុង​សង្កាត់​ទាំង​ ៧ ​នៃ​ខណ្ឌ​មានជ័យ​ទទួល​បានការ​ «​គាំទ្រ​យ៉ាង​ពេញទំហឹង​» ពី​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​កិច្ចប្រជុំ​កាលពី​ដើមខែ​នេះ​។

លោក ឱម យ៉ិនទៀង មិន​អាច​ទាក់ទង​​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ​កាលពីថ្ងៃ​ពុធ​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នកទទួល​។

យ៉ាងណាក្ដី​លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា សម្រាប់​យុទ្ធនាការ​នេះ​វា​មិន​មាន​អ្វី​អាក្រក់​នោះទេ​។ ប៉ុន្តែ​លោក​ចង់​ឃើញ​ការកំណត់​អាទិភាព​ទៅលើ​សេវា​មួយ​ចំនួន​ដែល​ពលរដ្ឋ​កំពុង​មាន​បញ្ហា​ប្រឈម​ដូចជា​សេវា​សុំច្បាប់​សាងសង់​ជាដើម​។ ​សេវា​បែបនេះ​ជា​មុខសញ្ញា​ដែល​ពលរដ្ឋ​ខ្វះ​ព័ត៌មាន​ខ្វះ​ការយល់ដឹង​ច្រើន​ទៅលើ​នីតិវិធី និង​មាន​ការពាក់ព័ន្ធ​នឹង​ភាពស្មុគស្មាញ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​បើ​កាលណា​ភាពស្មុគស្មាញ​ត្រូវ​បាន​កាត់បន្ថយ​ការ​សូក​លុយកាក់​ក្រៅផ្លូវការ ឬ​ក៏​ការពឹង​អ្នក​រត់ការ​ក៏​វា​មាន​ការថយចុះ​ដែរ​។

នេះ​ជា​មុខសញ្ញា​ដែល​យើង​ចង់ឃើញ​ជា​ជាង​ការចំណាយ​ពេលវេលា​ទៅ​វាយតម្លៃ​ ឬ​ក៏​តាមដាន​នូវ​សេវា​ដដែលៗ​ដូចជា​ធ្វើ​សំបុត្រកំណើត សំបុត្រ​បញ្ជាក់​កំណើត លិខិត​រដ្ឋបាល​មួយចំនួន និយាយ​ឱ្យ​ចំ​ទៅ​ឃើញ​ថា​វា​ (​សេវា​សំបុត្រ​កំណើត​) ​គ្រាន់បើ​មួយ​ចំនួន​ធំ​ហើយ​។ ​វា​មិនទាន់​ល្អឥតខ្ចោះ​អី​ទេ​។ ​អ៊ីចឹង​គេ​គួរតែ​មើល​អ្វីដែល​នៅ​សេសសល់​អ្វី​ដែល​ជា​កត្តា​ប្រឈម​នៅឡើយ​»​។

លោក​ សន ជ័យ បន្តថា ACU គួរតែ​វាយតម្លៃ​លើ​ភាពចាំបាច់​មួយ​ថា តើ​បញ្ហា​ណា​ដែល​នៅតែ​ប្រឈម​។ កាលណា​បញ្ហា​នោះ​ប្រឈម​កាន់តែ​ខ្លាំង ACU ​គួរ​ចាត់​បញ្ហា​នោះមក​ធ្វើ​ជា​អាទិភាព​។ ​ការធ្វើ​បែប​នេះ​ក៏​ចូលរួម​ចំណែក​បាន​ច្រើន​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង​ដែរ​៕