ភ្នំពេញៈ គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស Asean Intergovernmental Commission on Human Rights (​អាយឆា-AICHR) ​ប្រចាំ​កម្ពុជា បានរៀបចំ​កិច្ចសន្ទនា​ថ្នាក់​តំបន់​ស្ដីពី «​ការបញ្ជ្រាប​សិទ្ធិ​ទទួល​បាន​ការអប់រំ​ក្នុង​សហគមន៍​អាស៊ាន​» លើក​ទី​ ២ ​រយៈពេល​ ៣ ​ថ្ងៃ ​(២០-២២) ​នៅ​ភ្នំពេញ ដើម្បី​ប្រមូលធាតុ​ចូល​ពី​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ក្នុងការបញ្ជ្រាប​សិទ្ធិ​ទទួលបាន​ការអប់រំ​ស្របតាម​សសរស្ដម្ភ​ទាំង ៣ ​របស់​អាស៊ាន និង​លើកកម្ពស់​កិច្ចសហប្រតិបត្ដិការ​ថ្នាក់​តំបន់​ស្ដីពី​សិទ្ធិ​ទទួលបាន​ការអប់រំ​។

លោកស្រី ហ៊ាន ប៉ូលីណេ តំណាង​កម្ពុជា​ប្រចាំ​អាយឆា (AICHR-Cambodia) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្នុង​កិច្ចពិភាក្សា​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា កិច្ចពិភាក្សា​នេះ​គឺជា​កម្មវិធី​លើក​ទី​ ២ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្រោយពី​បានរៀបចំ​លើក​ទី​ ១ ​កាលពី​ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ នៅ​ភ្នំពេញ​ដែរ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបញ្ជ្រាប​សិទ្ធិ​ទទួល​បាន​ការអប់រំ និង​លើកកម្ពស់​កិច្ចសហប្រតិបត្ដិការ​ថ្នាក់​តំបន់​ពី​សិទ្ធិ​ទទួលបាន​ការអប់រំ​។

លោកស្រី​ថ្លែង​ថា​៖ «​គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ គឺ​ដើម្បី​បញ្ជ្រាប​សិទ្ធិ​ទទួលបាន​ការអប់រំ​ស្របតាម​សសរស្ដម្ភ​ទាំង​ ៣ ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (​អាស៊ាន​) រួមមាន សហគមន៍​សន្តិសុខ​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌​សង្គម​» ។

លោកស្រី​បន្តថា ការរៀបចំ​កិច្ចពិភាក្សា​នេះ​ក៏​ជា​វេទិកា​មួយ​សម្រាប់​លើកកម្ពស់ និង​ទាក់ទាញ​ធាតុ​ចូល​ពី​អង្គភាព និង​ស្ថាប័ន​ផ្សេងៗ​របស់​អាស៊ាន​ដើម្បី​ទទួល​បាន​អនុសាសន៍​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​ការអប់រំ​ស្របតាម​សសរស្ដម្ភ​ទាំង​ ៣ ​របស់​អាស៊ាន​ផងដែរ​។

លោកស្រី ប៉ូលីណេ ថ្លែង​ថា​តាមរយៈ​កិច្ចពិភាក្សា​នេះ​មាន​សិក្ខាកាម​ចូលរួម​ជាង ១០០ ​នាក់​មកពី​ស្ថាប័ន និង​អង្គភាព​ផ្សេងៗ​របស់​អាស៊ាន​ទាំង​ ១០ ​រួម​នឹង​ស្ថាប័ន​ផ្សេងៗ​ទៀត​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ការងារ​ទទួល​បន្ទុក​លើ​ការងារ​សិទ្ធិ​មនុស្ស និង​ការអប់រំ​របស់​អង្គភាព​អាស៊ាន​ទាំងមូល​បូករួម​ជាមួយ​នឹង​អង្គការ​អន្តរជាតិ អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ផងដែរ ។

លោកស្រី ប៉ូលីណេ បញ្ជាក់ថា​៖ «​បើ​ប្រៀបធៀប​ការអប់រំ​របស់​កម្ពុជា​ទៅនឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អ្វី​ដែល​កម្ពុជា​បាន និង​កំពុង​ធ្វើ​កន្លងមក​​នេះ​គឺ​មាន​ភាពល្អប្រសើរ​។ យើង​បាន​លើក​កម្ពស់​ការអប់រំ​របស់​កម្ពុជា​ដល់​កម្រិត​មួយ​ដ៏គួរ​ឲ្យ​កត់សម្គាល់​។ យើង​អាច​មើលឃើញ​ថា បើ​ប្រទេស​កម្ពុជា​យើង​មិនមាន​ការលើក​កម្ពស់​វិស័យ​អប់រំ និង​សិទ្ធិមនុស្ស​បាន​ល្អ​ទេ​ក៏​យើង​មិនអាច​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចពិភាក្សា​ក្រោម​ប្រធានបទ​នៃ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ក្នុងពេល​នេះដែរ​»​។

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​នេះ​កាលពី​ម្សិលមិញ​ដែរ​ថា សមិទ្ធផល​ចុងក្រោយ​ដែល​កម្ពុជា​ទទួលបាន​គឺ​ការចូលរួម​លើកកម្ពស់ និង​ថែរក្សា​សិទ្ធិមនុស្ស និង​សិទ្ធិ​ទទួលបាន​ការអប់រំ​ទាំង​កម្រិត​ថ្នាក់ជាតិ និង​អន្ដរជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ឆ្នាំនេះ​គឺជា​ខួប​គម្រប់​ ៤០ ​ឆ្នាំ ​របស់​កម្ពុជា​នៃ​ការរំដោះ​ខ្លួន​ចេញ​ពី​របប​វាលពិឃាត​ប៉ុលពត​។ របប​វាលពិឃាត​នេះ គឺជា​របប​មួយ​ដែល​បាន​បិទ​សិទ្ធិ​មនុស្សជាតិ​គ្រប់បែប​យ៉ាង​នៅ​កម្ពុជា រួមទាំង​សិទ្ធិ​ក្នុង​ការរស់រាន​មានជីវិត​ផងដែរ ។ ក្រោយ​ការរំដោះ​ខ្លួន​ចេញពី​របប​វាលពិឃាត​ក្នុង​ឆ្នាំ​ ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា​បាន​ដោះស្រាយ និង​ប្ដេជ្ញា​ក្នុងការ​ថែរក្សា​ប្រទេស​កម្ពុជា​មិន​ឲ្យ​ធ្លាក់​ទៅក្នុង​របប​​ដ៏​ខ្មៅ​ងងឹត​នេះ​ម្ដងទៀត​ទេ​»​។

លោក កែវ រ៉េមី ថ្លែងថា​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​បង្កើត​សមិទ្ធផល​ជាច្រើន​ក្នុងនោះ​រួមមាន ទាំង​សមត្ថភាព​របស់​យុវជន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ទាំង​ក្នុងប្រទេស និង​ក្នុង​តំបន់​ផងដែរ​។

លោក​បន្ដថា​៖ «​ជា​គំនិត​ផ្គួចផ្ដើម រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ក្នុងការ​ធ្វើឲ្យ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​រឹតតែ​មាន​ភាពទូលំទូលាយ និង​អាច​ទទួល​យក​បាន​សម្រាប់​យុវជន​ជំនាន់​ក្រោយ​»៕