ភ្នំពេញៈ អគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នឹងត្រូវមកកាន់តំណែងនៅការិយាល័យក្នុងរាជធានីភ្នំពេញនៅដើមខែកញ្ញាខាងមុខ ដែលការចូលកាន់តំណែងនេះធ្វើឡើងចំពេលដែលប្រព័ន្ធអនុគ្រោះពន្ធ EBA ជិតឈានដល់ការសម្រេចថា តើត្រូវព្យួរ ឬមិនព្យួរ?
លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ និងជាស្នងការរង នៃគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃអង្គារនូវការតែងតាំងជាច្រើន ដែលក្នុងនោះមានការតែងតាំងលោកស្រី Carmen Moreno ដែលជាជនជាតិអេស្ប៉ាញ ឲ្យធ្វើជាអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។
សហភាពអឺរ៉ុបបានឲ្យដឹងថា លោកស្រី Carmen Moreno បច្ចុប្បន្ន គឺជាមន្ត្រីជាន់ខ្ពស់ នៃកិច្ចប្រជុំអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM។ លោកស្រីក៏ជាតំណាងពិសេស នៃក្រសួងការបរទេសអេស្ប៉ាញ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ យោងតាមអាខោន Linked លោកស្រីក៏ធ្លាប់ជាឯកអគ្គរាជទូត នៃប្រទេសអេស្ប៉ាញប្រចាំប្រទេស ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ កាលពីឆ្នាំ ២០១២។
លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាបច្ចុប្បន្ន បានថ្លែងប្រាប់តាមអុីមែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រូបលោកនឹងចាកចេញពីកម្ពុជា នៅចុងខែសីហាខាងមុខនេះ។
លោកថ្លែងថា៖ «ខ្ញុំរំពឹងថា អ្នកស្នងតំណែងរបស់ខ្ញុំ នឹងមកដល់នៅដើមខែកញ្ញានេះ។ ការតែងតាំងលោកស្រីត្រូវបានដាក់ជូនទៅអាជ្ញាធរកម្ពុជារួចហើយសម្រាប់ការទទួលស្គាល់។ ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ អំពីអ្នកស្នងតំណែងខ្ញុំរហូតដល់គាត់ទទួលបានការទទួលស្គាល់ពីកម្ពុជា»។
លោកស្រី Maja Kocijancic អ្នកនាំពាក្យសហភាពអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ មិនអាចសុំការបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញអំពីការតែងតាំងនេះ។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា លោកសុំមិនអត្ថាធិប្បាយលើបញ្ហាតែងតាំងនេះទេ។
លោកស្រី Carmen Moreno នឹងចូលកាន់ការងារនៅការិយាល័យតំណាង EU នៅភ្នំពេញ ស្របពេលប្លុកដែលមានប្រទេសចំនួន ២៨ នេះ កំពុងដំណើរការនីតិវិធី ដែលអាចឈានដល់មានការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ កាលពីខែមុន បេសកកម្មស្វែងការពិតរបស់ EU បានបញ្ចប់ទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជា ប៉ុន្តែការស៊ើបអង្កេតនឹងបន្តដល់ពាក់កណ្ដាលខែសីហា។ បន្ទាប់មក EU នឹងសរសេររបាយការណ៍ នៃការស្រាវជ្រាវរបស់ខ្លួនហើយកម្ពុជា មានពេល ១ ខែ ដើម្បីឆ្លើយតបលើការរកឃើញ។
កាលពីថ្ងៃពុធ តំណាងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ដែលជាភាគីមានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA បានបង្ហាញពីការពិតនៅកម្ពុជា និងបានចោទសួរទៅសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលអំពីមូលហេតុនៃការសម្រេចចិត្តចាប់ផ្ដើមនីតិវិធីផ្លូវការនៃការផ្អាក EBA ដែលត្រូវបានប្រកាសកាលពីខែកុម្ភៈ។
លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងបានបញ្ជាក់ពីជំហររបស់យើងទៅលើការផ្លាស់ប្ដូរដែលរដ្ឋាភិបាល និងវិស័យឯកជនបានធ្វើដើម្បីដោះស្រាយកង្វល់របស់សហភាពអឺរ៉ុប។ យើងក៏បានលើកឡើងនូវផលប៉ះពាល់ដែលអាចកើតមានប្រសិនបើមានការដក (EBA)»។
លោកបន្ថែមថា តំណាងរបស់ GMAC មិនបានទទួលនូវចម្លើយតបរបស់ EBU មកវិញទេដោយសារតែការ បង្ហាញរបស់ GMAC ធ្វើឡើងក្នុងវេទិកាសេរី ដែលភាគី EU ត្រឹមតែស្ដាប់ការលើកឡើងប៉ុណ្ណោះ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា មន្ត្រីការទូត ពីប្រទេសណាក៏ដោយតែងតំណាងឲ្យតម្លៃនៃប្រទេសរបស់គេ។ អគ្គរដ្ឋទូត EU ថ្មី ក៏តំណាងឲ្យតម្លៃនៃសហគមន៍ដែលមានភាពជឿជាក់ មានភាពចាស់ទុំ និងមានភាពជឿនលឿន។
លោកថ្លែងថា៖ «លោកស្រី (Carmen Moreno) នឹងពិចារណាអំពីការដកប្រព័ន្ធ EBA ថាជាស្លាកស្នាមអាក្រក់នៃទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប។ លោកស្រីនឹងឲ្យវាទៅតាមដំណើរ ហើយបន្តគោល នយោបាយរបស់ EU ជាមួយកម្ពុជា។ លោកស្រីអាចជួយកម្ពុជាក្នុងការរក្សាបាននូវទីផ្សារអឺរ៉ុប និងពង្រីកទីផ្សារនេះសម្រាប់ទំនិញពីកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជាចង់ធ្វើដូច្នេះ»។
លោកបន្តថា អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺថា លោកស្រី Carmen Moreno ប្រហែលជាអាចជួយកម្ពុជា ក្នុងការចាកចេញពីគន្លងរបស់ចិន ដែលកម្ពុជាពេលនេះកំពុងស្ថិតនៅ ប្រសិនបើកម្ពុជាប្រាថ្នាចង់បន្ថយការពឹងពាក់របស់ខ្លួន ទៅលើមហាអំណាចពិភពលោកមួយនេះ។
លោកថ្លែងថា៖ «រូបរាងថ្មីនៃទំនាក់ទំនងរវាង EU ដែលជាសហគមន៍ធំ និងកម្ពុជាដែលជាប្រទេសតូច ទោះបីល្អឬមិនល្អ មានផ្លែផ្កាសម្រាប់ភាគីទាំង ២ ឬអត់នោះ វាមិនអាស្រ័យខ្លាំងទៅលើអគ្គរដ្ឋទូតថ្មី ជាជាងរដ្ឋាភិបាលកម្ពុជាខ្លួនឯងនោះទេ»៕