កំពង់ឆ្នាំងៈ លោក សុខសុវណ្ណ វឌ្ឍនាសាពង្ស ប្រធានគណបក្សខ្មែរក្រោក (KRP) និងជាប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រកាសពីការរកឃើញពីភាពមិនប្រក្រតីមួយចំនួនក្នុងការបែងចែកដីទំហំជាង ១៧ ហិកតា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលទទួលបានពីរដ្ឋាភិបាល ក្នុងការធ្វើអនុបយោគដល់ប្រជាពលរដ្ឋតាមច្រាំងទន្លេជាង ៥០០ គ្រួសារ ខណៈការរកឃើញនេះ ត្រូវបានអះអាងថា នឹងដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ កញ្ញា ឆ្នាំ ២០១៦ បានសម្រេចធ្វើប្រទានកម្មដីចំនួន ១៧,៥០ ហិកតា ដោយបែងចែកជា ៥២៥ ក្បាលដី ក្នុងតំបន់២ ភូមិ ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋចំនួន ៥២៥ គ្រួសារ និង ១០ ក្បាលដីផ្សេងទៀត ទំហំ ៤ ហិកតា ប្រគល់ឲ្យសម្រាប់ធ្វើសាលាបុណ្យ ផ្សារ ចំណតរថយន្ត និងសួនច្បារ។
ទោះជាយ៉ាងណាក៏ដោយ លោក សុខសុវណ្ណ វឌ្ឍនាសាពង្ស បានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មានពលរដ្ឋតែ ២១០ គ្រួសារប៉ុណ្ណោះ ដែលទទួលបានក្បាលដីទាំងនោះ ដោយពួកគេថែមទាំងត្រូវចំណាយលុយ ១ ០០០ ដុល្លារ ក្នុង ១ គ្រួសារ ទៅឲ្យរដ្ឋបាលខេត្ត ជាថ្នូរនឹងការទទួលបានដីទៀតផង។
លោក សុខសុវណ្ណ វឌ្ឍនាសាពង្ស បានបន្តថា ចំពោះដីដែលសេសសល់ពីទំហំជាង ១៧ ហិកតានោះ ក៏ត្រូវបានបែងចែកមិនមានតម្លាភាព និងផ្តល់ឲ្យក្រុមហ៊ុនមួយ ដែលមានឈ្មោះថា LKL ធ្វើការកាន់កាប់ និងពុះជាឡូត៍លក់យ៉ាងអនាធិបតេយ្យ បើទោះជាធ្លាប់មានការរារាំងពីអាជ្ញាធរសុរិយោដីក៏ដោយ។
លោកបញ្ជាក់ថា៖ «របាយការណ៍របស់រដ្ឋបាលខេត្តនេះ គឺជារបាយការណ៍ភូត ដើម្បីយកដីសេសសល់ យកទៅលក់ ឬក៏យកទៅធ្វើអីយើងមិនដឹងទេ ប៉ុន្តែភូតកុហករដ្ឋាភិបាល ហើយមិនត្រឹមតែកិបកេងដីមួយចំនួនទេ ថែមទាំងកេងកម្លាំងញើសឈាមរបស់ពលរដ្ឋថែមទៀត»។
លោក វឌ្ឍនាសាពង្ស បានអះអាងថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងធ្វើរបាយការណ៍មួយដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងស្នើឲ្យមានវិធានការជាបន្ទាន់ជុំវិញបញ្ហាបែងចែកដីធ្លីដែលមានភាពមិនប្រក្រតី។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងឈ្មោះ លី លាងគីម ដែលត្រូវបានចោទប្រកាន់ថា ជាតំណាងក្រុមហ៊ុន LKL ដែលបានដាក់ពាក្យស្នើសុំកាលពីខែ មេសា ឆ្នាំ ២០១៧ ដើម្បីធ្វើប្លង់កម្មសិទ្ធិលើដីជាង ៧ ម៉ឺនម៉ែត្រការ៉េ ក្នុងតំបន់នោះបានទេ កាលពីម្សិលមិញ។
ទោះជាយ៉ាងណាក៏ដោយលោក ឈូ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអះអាងថា ការបែងចែកដីទាំងនោះ គឺស្ថិតក្នុងនីតិវិធីនៅឡើយ ហើយការដែលក្រុមហ៊ុន LKL មានចំណែកដីក្នុងតំបន់នោះ ព្រោះក្រុមហ៊ុន បានដើរទិញដីពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ ក៏សម្រេចសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានផលប្រយោជន៍ទាំងសងខាង។
លោក ច័ន្ទឌឿន ថ្លែងថា៖ «ដីហ្នឹងមិនមែនជាដីដែលរដ្ឋកាន់កាប់ទាំងស្រុងទេ ដីនេះជាដីឯកជន ឬជាដីស្រែប្រាំងរបស់ប្រជាជនលោកកាន់កាប់អាស្រ័យផល»។
លោក ច័ន្ទឌឿន ថ្លែងថា៖ «គេមានក្រុមអន្តរក្រសួងគេមកពិនិត្យមុននឹងដាក់ជូនទៅប្រមុខរដ្ឋាភិបាល វាគ្មានខ្ញុំទៅធ្វើអីខុសតាមឧត្តមក្រុមប្រឹក្សាហ្នឹងណា។ ហើយខ្ញុំអត់មានអីបារម្ភទេ ព្រោះថាវានៅដំណើរការអ៊ីចឹង វាមានឯកសារដាក់ទៅក្រុមការងារ ដែលរដ្ឋាភិបាលមកពិនិត្យសព្វគ្រប់តើ ខ្ញុំនឹងធ្វើការបំភ្លឺជូន»។
យោងតាមលិខិតមួយច្បាប់ ដែលចេញដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះហត្ថលេខាដោយលោក ឈូ ច័ន្ទឌឿន កាលពីខែ មករា ឆ្នាំ ២០១៧ ជូនដល់ប្រជាពលរដ្ឋចំនួន ២១០ ខ្នងផ្ទះ តាមបណ្តោយមាត់ទន្លេ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង បានបញ្ជាក់ថា រដ្ឋបាលខេត្តបានទិញដីពីឯកជនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានស្ម័គ្រចិត្តរួចហើយ ១ ប្លង់ (៥ គុណ ២០ ម៉ែត្រ) ដោយមិនគិតថ្លៃ ក្នុងនោះបងប្អូនចេញថ្លៃចាក់ដី ១ ០០០ ដុល្លារ ក្នុង ១ ប្លង់។
លោក សំ ច័ន្ទគា អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រសួងដែលពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ដែលបានចេញអនុក្រឹត្យឲ្យធ្វើអនុបយោគដីដើម្បីដោះស្រាយដល់ពលរដ្ឋដូច្នេះរាជរដ្ឋាភិបាល គួរតែធ្វើការស៊ើបអង្កេតក្នុងរឿងនេះ ដើម្បីនាំខ្លួនអ្នកដែលមានចេតនាបន្លំរាជរដ្ឋាភិបាលយកទៅដាក់ទោសតាមច្បាប់។
លោកថ្លែងថា៖ «ការធ្វើអនុបយោគដីដើម្បីដោះស្រាយដល់ពលរដ្ឋ បែរជាមិនឲ្យទៅប្រជាពលរដ្ឋគ្រប់ចំនួន ហើយដកខ្លះទៅឲ្យក្រុមហ៊ុនហ្នឹង គឺមានន័យថា អ្នកធ្វើសំណើទៅរាជរដ្ឋាភិបាលបានភូតកុហករាជរដ្ឋាភិបាលរួចទៅហើយ»។
លោក វឌ្ឍនាសាពង្ស បានឲ្យដឹងថាកន្លងទៅដីដែលរកឃើញថាមានភាពមិនប្រក្រតីទាំងនោះ ក៏ធ្លាប់ត្រូវបានក្រសួងរៀបចំដែនដី និងមន្ទីរសុរិយោដីខេត្ត ចេញដីកាបដិសេធ និងច្រានចោលផងដែរ៕