ភ្នំពេញៈ ក្នុង​ថ្ងៃ​ទិវា​ពិភព​លោ​ក​សម្រាប់​វប្ប​ធម៌​ចម្រុះ​ សម្រាប់​ការ​ពិភាក្សា និង​ការអភិវឌ្ឍ «The World Day for Cultural Diversity for Dialogue and Development» កាល​ពី​ម្សិល​មិញ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា បាន​មើលឃើញ​ថា ជន​ជាតិ​ដើម​ភាគ​តិចនៅ​កម្ពុជា​ ទទួលបាន​ការ​គោរព​សិទ្ធិ​សេរី​ភាព​ស្មើៗគ្នា​ ​ប៉ុន្ដែ​អង្គ​ការ​នេះ​ចង់​ឱ្យ​ជន​ជាតិ​​ដើម​ភាគ​តិច​ត្រូវ​ហ៊ាន​តស៊ូ​មតិ​ បើ​មាន​ការ​រំលោភ​បំពាន​ណាមួយ។

លោក ចាន់ វិចិត្រ ប្រធាន​កម្មវិធី​នៃ​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា (Save Cambodia Wildlife) បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទិវា​ពិភព​លោ​ក​ សម្រាប់​វប្ប​ធម៌​ចម្រុះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ម្សិល​មិញ គឺ​ដើម្បី​​គោរព​ដល់​សិទ្ធិ​ជន​ជាតិដើម​ភាគ​តិច រួម​មាន​សិទ្ធិ​ក្នុង​ការ​រស់​នៅ សិទ្ធិ​ក្នុង​ការ​អាស្រ័​យ​​​ផល​ជា​មួយ​ធនធាន​ធម្ម​ជាតិ​ និង​សិទ្ធិ​ក្នុងការ​រក្សា​នូវ​ប្រ​ពៃណី​វប្បធម៌​​ទំនៀម​ទម្លាប់​របស់​គាត់​ជាដើម​។ លោក​​បន្ដ​ថា SC​W ចង់​ធ្វើ​​ឱ្យ​ជនជាតិដើម​ភាគតិច​ អាច​បំពេញ​នូវ​សិទ្ធិ​ឱ្យបាន​ពេ​ញលេញ​ព្រោះ​ពួកគេ​រស់​នៅ​អា​​ស្រ័យ​ផល​លើ​ធន​ធាន​ធម្មជាតិ​បើ​សិនជា​បាត់បង់​ធនធា​ន​ធម្មជាតិ​ ជីវភាព​របស់​ពួក​គេ ប្រាកដ​​ជា​ជួប​ការ​លំបាក​មិន​ខាន។

លោក វិចិត្រ លើក​ឡើង​ថា​៖​ «ជា​ទិដ្ឋភាព​ច្បាប់​ យើង​មើល​ឃើញ​ការ​គោរព​សិទ្ធិ​របស់​ពួកគាត់ (ជន​ជាតិ​ដើម​ភាគ​តិច​) បាន​ស្មើៗ​គ្នា​ទៅ​លើ​សិទ្ធិ កា​ត​ព្វ​កិច្ច​គ្រប់​បែប​យ៉ាង​ និង​ការទទួល​បាន​នូវ​សេវា​សាធារ​ណៈ ​មាន​សេវា​សុខ​ភាពហេដ្ឋា​រចនា​​​សម្ព័ន្ធ​ និង​សន្ដិសុខ​ភូមិ-ឃុំ ពី​ថ្នាក់ខេត្ដ​ដល់​ថ្នាក់​មូល​ដ្ឋាន ​យើង​ឃើញ​ថា​ ពួក​គាត់​ទទួល​បាន​ស្មើៗ​គ្នា»។

តាមរយៈ​ទិវា​នេះលោក វិចិត្រ​បាន​លើក​ឡើង​ថា អ្វីដែ​ល​​ប្រជាពលរដ្ឋ ដែល​ជា​ជន​ជាតិ​ដើម​ភាគតិច​ត្រូវ​តែ​ធ្វើ គឺ​ត្រូវ​តែ​មាន​សេចក្ដី​ក្លាហាន​ទាម​ទារ​នូវ​អ្វី​ដែ​​​ល​ខ្លួន​គួរ​ទាមទារដូច​ជា​មាន​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​បំពាន​លើ​ការ​រស់​នៅ​របស់​ពួកគាត់ឬ​ព្រៃ​អាស្រ័យ​​​ផល​របស់​ពួក​គាត់គឺ​ត្រូវ​ប្រើ​សិទ្ធិ​របស់​ពួក​គាត់​ដើម្បី​ការ​ពារ​​ធន​ធាន​ធម្ម​ជាតិ​ទាំង​អស់​នោះដែល​ធន​ធា​ន​​នោះ​មាន​តម្លៃ​ស្មើ​នឹង​អាយុ​ជីវិត​របស់​ពួកគាត់។

ក្នុង​ទិវា​នេះ អង្គការ SCW ក៏​បាន​បង្ហាញ​ជា​សាធា​រណៈ​នូវ​វីដេ​អូ​ខ្លី​មួយ​មាន​រយៈ​ពេល ១​០​ នាទី ដោយ​បាន​បង្ហាញ​ពី​ជីវភា​ព ការរស់នៅ វប្បធម៌ និង​ការ​គោរ​ព​ជំនឿ​សាសនា​របស់​ជនជាតិ​ដើម​​ភាគតិច និងបាន​បោះពុម្ព​ផ្សាយសៀវភៅ​ស្តីពី​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា រួមមាន​ជនជាតិ​ភាគ​តិច​ចំនួន ៤ ក្រុម​គឺ ប្រៅ កា​វ៉ែត គ្រឹ​ង និង​ខ្មែរ-ឡាវ។ SCW បញ្ជាក់ថា ទិវានេះ ​គឺជា​ឱកាស​ដើម្បី​ជួយ​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​យល់ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌​ចម្រុះ និង​រៀន​ពី​របៀប​រស់នៅ​ជាមួយ​គ្នា​ដោយ​ភាព​សុខដុម។

តាម​រយៈ​វីដេអូ​ខាងលើនេះ ជនជាតិ​ដើម​ភាគតិច​ភាគច្រើន ​បាន​សំ​ណូ​ម​ពរ​ដល់​ជនជាតិ​ដើម​​ភាគតិច​ដូចគ្នា ឲ្យចូល​រួម​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​របស់​ខ្លួន កុំ​ទទួល​យក​វប្បធម៌​ទំនើប ហើយ​បោះបង់​វប្បធម៌​ប្រពៃណី​ខ្លួនឯង។

ទាក់​ទង​នឹង​ការរក្សា​ធនធា​ន​​ធម្មជាតិ​នេះ កាលពី​ម្សិលមិញ ក្រសួង​បរិស្ថាន​ បាន​ប្រារ​ព្ធ​ទិវា​ជីវៈចម្រុះ​អន្ដរជាតិ​លើក​ទី៦ ដោយ​ផ្តោតលើ​ប្រធានបទ «ជីវៈ​ចម្រុះ​របស់​យើង អាហារ​របស់​យើង សុខ​ភាព​របស់​យើ​ង (Our Biodiversity, Our Food, Our Health)»។

លោក​ស្រី ចាន់ សុ​ម៉ាលី អគ្គ​លេខា​ធិការ​រង នៃ​ក្រុម​ប្រឹក្សា​​​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្នុងនាម​ជា​តំណាង​ជន​បង្គោ​ល​​ នៃ​អនុ​សញ្ញា​សហ​ប្រជាជាតិ ស្តីពី​ជីវៈចម្រុះ បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រទេស​ហត្ថ​លេខីក្រសួង​បរិស្ថាន មា​ន​​​​កាតព្វកិច្ច​រៀបចំ​ពិធី​អបអរ​សាទ​រ​​ទិវា​ជីវៈចម្រុះ​អន្តរជាតិ​ប្រចាំឆ្នាំ ២០១៩ នេះ ដើម្បី​ពង្រឹង​កិច្ច សហ​ប្រតិ​បត្តិ​ការ ​​រ​វាង​​បណ្តា​ស្ថាប័ន​ប្រជា​សហគ​មន៍អង្គ​ការដៃគូ​ជាតិ-អន្តរ​ជាតិ និង​បណ្តា​អ្នក​ពាក់ព័ន្ធ។​

លោកស្រី​បន្ដថា​៖​ «ទិវា​នេះ​ សំដៅ​លើកកម្ពស់​ការគ្រប់​គ្រង និង​ការអភិរក្ស​ធនធាន​ជីវៈចម្រុះ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​​ប្រសិទ្ធភាព និង​ជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​ដល់​​សាធារណជនឱ្យ​កាន់​​តែ​យល់ដឹង​ពី​តម្លៃ​នៃ​ជីវៈចម្រុះ និង​ប្រព័ន្ធ​​អេកូឡូស៊ី ដែល​មិន​អាច​ខ្វះ​បាន»។

លោក ជា សំអាង អនុរដ្ឋ​លេ​ខា​ធិការ​ក្រសួង​បរិស្ថាន​ បាន​លើក​ឡើង​ថា៖ «ប្រធាន​បទ​ឆ្នាំ​នេះផ្សារ​ភ្ជាប់​នឹង​អត្ថន័យ គុណ​តម្លៃ​របស់​ជីវចម្រុះ ភាព​សម្បូរ​បែប ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ធម្មជាតិ សម្រាប់ជីវិត​មនុស្ស និង​សុខុមាល​ភាព នៅលើ​ផែនដី​ ហើយក៏​ចូលរួម​ចំណែក​ដល់​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោ​យ​ចីរភាព​ផ្សេងៗ​ទៀត រួមទាំង​កា​រកាត់​បន្ថយ​ការប្រែ​ប្រួល​អា​កា​ស​ធាតុ និង​ការ​បន្សាំ ការស្តារ ប្រព័ន្ធ​អេកូឡូ​ស៊ី ទឹកស្អាត និង​ការបំបាត់​សេចក្តី​ស្រេក​ឃ្លាន​​ជាដើម»៕