ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា គណៈប្រឹក្សាភិបាល​នៃ​កម្មវិធី​រួមគ្នា​របស់​អង្គការ​សហប្រជាជាតិ «​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» គ្រោង​នឹង​ចាប់​អនុវត្ត​ជំហាន​ទី​ ២ ​នៃ​ «​គម្រោង​ការងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​» រយៈពេល​ ៤ ឆ្នាំ​ដែល​ចំណាយ​ទឹកប្រាក់​ជាង ៨ ​លាន​ដុល្លារ​បន្តទៀត ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​គម្រោង​ទី​ ១​។

ការបញ្ជាក់​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៥ ​នៃ​ការចូលរួម​ជា​សហប្រធាន​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Pauline Tamesis អ្នក​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​ ៩-១០ ​ខែ​ធ្នូ ​នៅ​សណ្ឋាគារ​សោមាទេវី​អង្គររីសត និង​ស្ប៉ា​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ចន្ទ​។

ក្រសួង​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​បាន​អនុម័ត​ទៅលើ​គោលការណ៍​ប្រតិបត្តិ​នៃ​គណៈប្រឹក្សាភិបាល ក្រុមប្រឹក្សា​យោបល់ គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​។ អនុម័ត និង​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​រួមគ្នា​ជំហាន​ទី​ ២ សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ចាប់ពី​ខែ​មករា ឆ្នាំ ២០២០ ​ដល់​ឆ្នាំ​ ២០២៣»​។

គម្រោង​ការងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រោង​នឹង​បន្ត​រយៈពេល ៤ ​ឆ្នាំ​ទៀត​នេះ​បាន​ទទួល​ការគាំទ្រ​ពី​ការរួម​វិភាគទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ភ្នាក់ងារ​ស្វ៊ីស​ដើម្បី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ​ទីភ្នាក់ងារ​ចូលរួម​របស់​អង្គការ​សហប្រជាជាតិ និង​ដៃគូ​ឯកជន​នានា​។

បើតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការងារ​ដដែល​បាន​ឲ្យ​ដឹងថា ជំហាន​ទី​ ១ ​នៃ​គម្រោង​រួមគ្នា​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​ខែ​កញ្ញា ឆ្នាំ​​ ២០១៧ និង​ត្រូវ​បានបញ្ចប់​ដោយ​ជោគជ័យ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ​ដែល​មាន​រយៈពេល​ ២ ​ឆ្នាំ​ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៤ ៤៧៨ ០០០ ​ដុល្លារ​អាមេរិក​ ក្រោម​ជំនួយ​គាំទ្រ​សប្បុរសធម៌ និង​ការចូលរួម​ជា​យុទ្ធសាស្ត្រ​ពី​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​មាន​ការសហការ​ជា​ដៃគូ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្រសួង​ការងារ​បញ្ជាក់ថា​៖ «​ជំហាន​ទី​ ១ បានរួម​ចំណែក​ក្នុង​ការសម្រួល​ដល់​ការចូល​ក្នុង​ទីផ្សារការងារ​របស់​យុវជន និង​បាន​កាត់បន្ថយ​បញ្ហា​វិសមភាព ជាពិសេស​សម្រាប់​ក្រុម​ដែល​បាត់បង់​ឱកាស និង​ងាយ​រងគ្រោះ និង​ធានាថា យុវនារី និង​យុវជន​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ទីផ្សារការងារ​បាន​កាន់​តែ​ល្អ​ជាង​មុន​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​គម្រោង​ជំហាន​ទី​ ២ នេះ​បានទេ​កាលពី​ម្សិលមិញ ព្រោះតែ​លោក​មិន​លើក​ទូរស័ព្ទ​។

យ៉ាងណាក្តី​ក្រសួង​ការងារ​បាន​លើក​ឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ពី​ក្តី​រំពឹងទុក​ថា ជំហាន​ទី​ ២ ​នេះ​នឹង​បន្ត​រួមចំណែក​ផ្តល់​ឱកាស​ដល់​យុវជន​ទាំង​បុរស និង​ស្ត្រី​កាន់តែ​ច្រើន​ឲ្យ​ទទួល​បាន​ការងារ​សមរម្យ និង​ប្រកប​ដោយ​ផលិតភាព ដើម្បី​សម្រេច​បាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ​ ២០៣០ ជាពិសេស​គោលដៅ​ទី​ ៨ «​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច ផលិតភាព​ការងារ និង​ការងារ​សមរម្យ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​សម្រាប់​ជន​គ្រប់រូប​» ដែល​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​កម្ពុជា​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​សាទរ​ចំពោះ​ការបន្ត​គម្រោង​ជា​លើក​ទី​ ២ របស់​អង្គការ​សហប្រជាជាតិ​រវាង​ក្រសួង​ការងារ​នៅពេល​នេះ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ជាពិសេស​សម្រាប់​យុវជន​ក្នុង​ការទទួល​បាន​ឱកាស​ការងារ​ដែល​មាន​ជំនាញ​ច្បាស់លាស់ ស្រប​ពេល​ដែល​កម្ពុជា​នៅ​ខ្វះ​កម្មករ​ជំនាញ​ជាច្រើន​។

លោក​បន្តថា​៖ «​អនុវត្ត​ធ្វើ​យ៉ាងម៉េច​បង្កើត​ឲ្យ​មាន​ឯកសារ និង​ធនធាន​មនុស្ស​ឲ្យ​បាន​ច្រើន​បន្ទាប់មក​គឺ​បណ្តុះបណ្តាល​បង្កើត​ជំនាញ​ទៅ​ដល់​យុវជន​យើង​ឲ្យ​បាន​ច្រើន ហើយ​ការណែនាំ​ដល់​យុវជន និង​និស្សិត​ឲ្យ​រៀន​ជំនាញ​ ឬ​បំណិន​ជីវិត​របស់គាត់​នេះ​គឺជា​រឿង​សំខាន់​ហើយ​ពេលនេះ​គឺជា​ការល្អ​បំផុត​សម្រាប់​កម្ពុជា ព្រោះ​សេវាកម្ម​ឌីជីថល ៤.០ ហ្នឹង​គឺ​វា​ជ្រាបចូល​ហើយ​មក​ស្រុក​ខ្មែរ​»​។ បន្ថែម​ពីនេះ​លោក អាត់ ធន់ ក៏​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវ​​ពង្រីក​បន្ថែមទៀត​ទៅ​ដល់​ក្រុមកម្មករ​នៅតាម​រោងចក្រ​កាត់ដេរ ជាពិសេស​ផ្តល់​ឱកាស​ចូលរួម​ដល់​ក្រុម​សហជីព ដើម្បី​ជា​ការរួមចំណែក​មួយ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ផង​ដែរ​៕