ភ្នំពេញៈ របាយការណ៍​មួយ​របស់​សហគមន៍​ស៊ើបអង្កេត សហរដ្ឋអាមេរិក (The US Intelligent Community) ស្តីពី​ការ​គំរាម​កំហែង​នៅ​ទូទាំង​ពិភពលោក​បាន​សរសេរ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​លោក​អាច​គ្រប់គ្រង​អំណាច​តទៅ​ទៀត​បាន​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ ២០១៨​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​។

របាយការណ៍​ដែល​មាន​ចំនួន ២៨ ទំព័រ​ចេញ​ដោយ The US Intelligent Community កាលពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​សរសេរ​ថា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នឹង​ងាយ​បាក់បែក​នៅ​ឆ្នាំ​ ២០១៨ នេះ​នៅ​ស្រប​ពេល​ដែល​និន្នាការ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ​បាន​កើត​ឡើង​នៅ​ក្នុង​របប​ដឹកនាំ​មួយ​ចំនួន ហើយ​អំពើ​ពុករលួយ​យ៉ាង​អនាធិបតេយ្យ និង​បក្ខពួកនិយម​នឹង​ធ្វើឲ្យ​ខូច​ដល់​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​។

សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​របាយការណ៍​នេះ​បាន​លើក​យក​ប្រទេស​ចំនួន ៤ រួម​មាន​កម្ពុជា ភូមា ហ្វីលីពីន និង​ថៃ​។ របាយការណ៍​នេះ​លើក​ឡើង​ថា​បញ្ហា​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​ធ្វើឲ្យ​មាន​ហិង្សា​ជ្រុលនិយម និង​បើក​ឲ្យ​មាន​ការ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន​។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា ​លោក Duterte របស់​ប្រទេស​ហ្វីលីពីន​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដោយ​ប្រកាស​បង្កើត​រដ្ឋាភិបាល​បដិវត្តន៍​ និង​បង្កើត​ច្បាប់​អាជ្ញា​សឹក​។ ចំណែក​ប្រទេស​ថៃ​វិញ​នឹង​រៀបចំ​ការ​បោះឆ្នោត​មួយ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ថៃ​នឹង​ប្រើប្រាស់​អំណាច​យោធា​។

សម្រាប់​ប្រទេស​កម្ពុជា​របាយការណ៍​បាន​សរសេរ​ថា​៖ «​មេដឹកនាំ​ប្រទេស​កម្ពុជា​លោក ហ៊ុន សែន នឹង​ដាក់​សម្ពាធ​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​សង្គម​ស៊ីវិល​ប្រើប្រាស់​យ៉ាង​ប៉ិនប្រសប់​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ ប្រើប្រាស់​ការ​គាំពារ និង​ហិង្សា​នយោបាយ​ដើម្បី​ធានា​បាន​នូវ​ការ​ដឹកនាំ​របស់​លោក​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨»​។

របាយការណ៍​បន្ត​ថា​៖ «​ដោយ​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ដៃគូ​ប្រទេស​លោក​ខាង​លិច​លោក ហ៊ុន សែន នឹង​ពឹង​លើ​ការ​គាំទ្រ​ផ្នែក​នយោបាយ ​និង​ហិរញ្ញវត្ថុ​ពី​ក្រុង​ប៉េកាំង​ដែល​ការ​ធ្វើ​ ដូច្នេះ​ជា​លទ្ធផល​នឹង​ធ្វើឲ្យ​កម្ពុជា​ងាក​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​ការ​វាយតម្លៃ​នេះ​វា​ត្រូវ​ខ្លះ និង​មិន​ត្រូវ​ខ្លះ​។ នាយក​រដ្ឋមន្ត្រី​លោក​កាន់​អំណាច​គឺ​លោក​ក្តាប់​អំណាច​លោក​ពង្រឹង​អំណាច​លោក​ការពារ​អំណាច គឺជា​ការ​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច​ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដូចជា​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​»​។

ចំពោះ​ការ​ដែល​លើក​ឡើង​ថា​ កម្ពុជា​នឹង​ងាក​ទៅ​រក​ចិន​នោះ ​លោក​ថ្លែង​ថា​៖ «​ការ​ងាក​ទៅ​រក​ចិន​នេះ ធ្វើ​ម៉េច​កុំ​ឲ្យ​អាមេរិក​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា​ទី​ ២ ​សុំ​ឲ្យ​អាមេរិក​ផ្តល់​ជំនួយ​ឲ្យ​ច្រើន​ប្រហែល​ចិន​មក​បាន​ហើយ​»​។

ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​រាប់អាន​គ្រប់​ប្រទេស​ទាំងអស់​ផ្អែក​លើ​គោលការណ៍​គោរព​ឯករាជ្យ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ទៅវិញ​ទៅមក​ហើយ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ប្រតិកម្ម​ពី​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​។

លោក​និយាយ​ថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មិន​ដែល​បាន​ប្រើ​ចុង​កាណុង ដើម្បី​បាន​អំណាច​ទេ​គឺ​លោក​បាន​អំណាច​ដោយសារ​តែ​ពលរដ្ឋ​ពលរដ្ឋ​ផ្តល់​សេចក្តី​ទុក​ចិត្ត​។

ក៏​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ ២ រូប​យល់​ស្រប​ទៅ​នឹង​អ្វី​ដែល The US Intelligent Community បាន​សរសេរ​។

លោក​ មាស នី ​អ្នក​វិភាគ​បញ្ហា​សង្គម​កម្ពុជា​បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​គេ​បាន​លើក​ឡើង​នេះ មិន​ខុស​ពី​អ្វី​ដែល​វា​បាន​កើតឡើង​ទេ​»​។

លោក​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​ការ​ព្រួយបារម្ភ​ក្រោយ​ពេល​ដែល​សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​កើនឡើង​ខ្លាំង ចាប់​តាំងពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៣ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​។ ចំពោះ​ការ​ងាក​ទៅ​រក​ចិន​នោះ​លោក មាស នី ថា កម្ពុជា​គួរ​តែ​បង្ហាញ​ពី​ឯករាជភាព​របស់​ខ្លួន​ដោយ​រាប់អាន​ប្រទេស​ទាំងអស់​ដោយ​ស្មើភាព​គ្នា​ទើប​ជា​ការ​ប្រសើរ​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា​លោក​យល់ស្រប​នឹង​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​។

លោក​យល់​ឃើញ​ថា គណបក្ស​ប្រជាជន​មាន​ការ​ភ័យខ្លាច ចំពោះ​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ មក​ដល់​ហើយ​ដើម្បី​រក្សា​អំណាច គណបក្ស​នេះ​បាន​រក​វិធី​កម្ទេច​គណបក្ស​ប្រឆាំង​ចោល​តាម​វិធី «​និត្យានុកូលភាព​បែប​សង្គមនិយម​»​។

លោក​បាន​និយាយ​ថា​៖ «​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៧ ដែល​មាន​ចំនួន​អ្នក​បោះឆ្នោត​ ៩០ ភាគរយ បាន​ទៅ​បោះឆ្នោត​ហើយ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កាត់ផ្តាច់​ការ​គាំទ្រ​សម្រាប់​គូប្រកួត​របស់​ខ្លួន គូប្រកួត​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន និង​បាន​ប្រមូល​មូលដ្ឋាន​អំណាច​របស់​ខ្លួន​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​ដើម្បី​ធានា​ថា​ខ្លួន​បាន​ជ័យជម្នះ គណបក្ស​ប្រជាជន​កម្ពុជា មាន​ជម្រើស​តិចតួច​ណាស់​មាន​តែ​សម្រេច​ជ្រើស​យក​និត្យានុកូលភាព​សង្គមនិយម​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ហើយ​បាន​ធ្វើ​ជា​បន្ទាន់​នៅ​ឆ្នាំ​ ២០១៧ ​ដើម្បី​កាត់​ក្បាល​សត្រូវ​របស់​ខ្លួន​ហើយ​ក្រោយ​មក​ក៏​បាន​រំលាយ​ចោល​តែ​ម្តង​»៕