ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា​កម្ពុជា​គ្រោង​នឹង​ទិញ​យន្តហោះ​ស៊ើបការណ៍​ប្រភេទ L39 ចំនួន​ ៣-៤ ​គ្រឿង​បន្ថែម​ទៀត និង​សពា្វវុធ​មួយ​ចំនួន​ពី​ប្រទេស​ ឆែក​ ដើម្បី​ពង្រឹង​វិស័យ​យោធា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ លោក​ក៏បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ចំពោះ​រដ្ឋាភិបាល​ប្រទេស​ឆែក ដែល​បន្ត​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធានា​នូវ​ដំណើរ​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព និង​ជំហរ​គាំទ្រ​កម្ពុជា​នៅក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​។

ការប្រកាស​ទិញ​សព្វាវុធ​បន្ថែម​បែបនេះ​របស់​លោក​ ហ៊ុន សែន ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក ក្រោយពី​ជំនួប​ទ្វេភាគី​នៅ​ទីក្រុង​ប្រាក​នៅ​ថ្ងៃទី​ ១៤ ខែ​តុលា ឆ្នាំ​ ២០១៩​។ លោក ហ៊ុន សែន ថ្លែងថា​៖ «​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូមបញ្ជាក់​ថា កាលពី​ពេលមុន​កម្ពុជា​បាន​ទិញ​យន្តហោះ​ស៊ើបការណ៍ L39 ចំនួន​ ៦ ​គ្រឿង​ ទៅ​កម្ពុជា​រួចហើយ​។ ឥឡូវនេះ​ព្រឹក​នេះ​ខ្ញុំ​បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​ទិញ​នូវ​យន្តហោះ​ស៊ើបការណ៍ L39 ស៊េរី ប្រភេទ​ថ្មី ៣-៤ ​គ្រឿង​បន្ថែមទៀត​»​។

លោក​បន្ថែមថា កម្ពុជា​នឹង​បន្ត​ការពិភាក្សា​អំពី​បញ្ហា​នេះ​រួមទាំង​អាវុធ​មួយ​ចំនួន ដែល​កម្ពុជា​កំពុង​នាំចូល​អាច​នឹង​បន្ថែម​នូវ​អាវុធ​ធុន​ស្រាល​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ និង​ការពារជាតិ​។

លោក​បញ្ជាក់ថា​៖ «​នៅក្នុង​បរិបទ​កម្ពុជា​សហភាព​អឺរ៉ុប ខ្ញុំ​សង្ឃឹមថា​ប្រទេស​ឆែក​ដែល​ជា​មិត្ត​ចាស់ និង​ជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​នឹង​បន្ត​គាំទ្រ​កម្ពុជា ដើម្បី​ធានាថា​ដំណើរ​របស់​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព និង​កិច្ចអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នឹង​បន្ត​ទៅមុខទៀត​ដោយ​គ្មាន​ការរាំងស្ទះ​។ ខ្ញុំ​សូម​អរគុណ​ឆែក​ដែល​បាន​អះអាង​ជាថ្មី​នូវ​ជំហរ​គាំទ្រ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​។ ខ្ញុំ​សង្ឃឹមថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​ដូច​ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​»​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន បាន​ឲ្យ​ដឹង​ដែរ​ថា​លោក​រីករាយ​ក្នុង​ការត្រៀម​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឆែក​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ដើម្បី​បន្ត​ផ្លាស់ប្តូរ​យោបល់ និង​ទស្សនវិស័យ​របស់​ប្រទេស​ទាំង​ ២ ​សំដៅ​ពង្រឹង ពង្រីក និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ឆែក ទៅដល់​កម្រិត​ថ្មី​មួយ​។

នាយករដ្ឋមន្ត្រី​ឆែក លោក ​Andrej Babis បាន​ស្វាគមន៍​ការរីកចម្រើន​ និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ហើយ​បាន​សន្យា​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​ពាណិជ្ជកម្ម​ និង​ការពារជាតិ​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។ លោក​ថា​ប្រទេស​លោក​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​ក្នុង​ការដោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ការដកចេញ​នូវ EBA ដោយ​គណៈកម្មការ​អឺរ៉ុប ចំពោះ​ប្រទេស​ឆែក​វា​ (EBA) ​គឺជា​ឧបករណ៍​ដ៏មាន​សារៈសំខាន់ ហើយ​កម្ពុជា​មាន​ជំហរ វិជ្ជមាន​ពាក់ព័ន្ធ​ទៅ​សិទ្ធិមនុស្ស​។ យើង​ជឿថា គណៈកម្មការ​អឺរ៉ុប​នឹង​និយាយ​អំពី​បញ្ហា​នេះហើយ​យើង​នឹង​ដោះស្រាយ​»​។

ទាក់ទិន​នឹង​ការប្រកាស​គ្រោង​ទិញ​សព្វាវុធ​បន្ថែម លោកនាយ​ឧត្តមសេនីយ៍​ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ថ្លែង​ថា​យន្តហោះ​ស៊ើបការណ៍​ប្រភេទ L39 អាច​ត្រូវ​សម្រាប់​ការ​ស៊ើបការណ៍​នៅតាម​បណ្តោយ​ព្រំដែន ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​តម្លៃ​នោះទេ​។ លោក​ថ្លែងថា​យន្តហោះ​នោះ គឺ​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ និង​ «​សម្រាប់​ការពារ​ទឹកដី​ និង​ប្រទេសជាតិ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចាត់ទុក​ការគ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍​ប្រភេទ L39 ចំនួន ៣-៤ ​គ្រឿង​ និង​សពា្វវុធ​មួយចំនួន​បន្ថែម​ទៀត​ថា​ជា​ផ្នែក​នៃ​ការពង្រឹង​វិស័យ​យោធា ដោយសារ​តែ​ស្ថានភាព​នៃ​ការវិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​ខឿន​ការពារជាតិ​វា​ជា​រឿង​សំខាន់​ណាស់ ហើយ​យន្តហោះ​ស៊ើបការណ៍​ទាំងនេះ​បម្រើ​សម្រាប់​វិស័យ​ការពារជាតិ​។ ប្រទេស​ជុំវិញ​យើង​មានការ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​ការពារជាតិ ដូច្នេះ​យើង​ត្រូវ​ហ៊ាន​ចំណាយ​ថវិកា​មួយ​ចំនួន ដើម្បី​ពង្រឹង​សមត្ថភាព​កងយោធពល​ខេរភូមិន្ទ​ និង​ការពារជាតិ​របស់​យើង​។ វា​គឺជា​រឿង​ចាំបាច់ ដោយសារ​តែ​ស្ថានភាព​តំបន់ និង​ពិភពលោក​នាពេល​បច្ចុប្បន្ន​ដែល​ប្រទេស​នីមួយៗ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​ខឿន​ការពារជាតិ​របស់​ខ្លួន​»​។

លោក​សង្ឃឹមថា ការគាំទ្រ​របស់​រដ្ឋាភិបាល​ប្រទេស​ឆែក អាច​នឹង​រួមចំណែក​ក្នុងការ​ធ្វើឲ្យ​មាន​ភាពប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​កម្ពុជា និង​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​មិន​យល់​គ្នា​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​លោក​ថា ប្រទេស​ឆែក​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​ប្រទេស ​ឆែក ​នឹង​នាំយក​រូបភាព និង​សភាពការណ៍​ពិតប្រាកដ​អំពី​ប្រទេស ​កម្ពុជា ​ទៅ​ដល់​សហភាព​អឺរ៉ុប​។ វា​អាច​ជា​មូលដ្ឋាន​សម្រាប់​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេចចិត្ត​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​បក្ស​សង្គ្រោះជាតិ​ស្វាគមន៍​ការគ្រោង​ទិញ​គ្រឿង​ចម្បាំង​នេះ​ដោយសារ​តែ​វិស័យ​ការពារជាតិ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​។ លោក​ថា ​វា​នឹង​ជួយ​លើកស្ទួយ​វិស័យ​ការពារ​ជាតិ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ប៉ុន្តែ​ថា​ប្រទេស​ឆែក​នឹង​ពិបាក​ជួយ​កម្ពុជា​ឱ្យ​ទទួល​ជោគជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា EBA ដោយសារ​ប្រទេស​នេះ​ពុំ​សូវ​មាន​ឥទ្ធិពល​ក្នុង​សហភាព​អឺរ៉ុប​។

លោក​ថា​៖ «​ការទិញ​អាវុធ ដើម្បី​រក្សា​សន្តិសុខ និង​បូរណភាព​ទឹកដី វា​ជា​រឿង​ធម្មតា ហើយ​វា​ជា​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​​ ២​។ ប្រទេស​នៅក្នុង​អឺរ៉ុប​ខាងកើត​ដែល​ជា​មិត្ត​របស់​កម្ពុជា​មិន​មាន​លទ្ធភាព​ធ្វើឱ្យ​កម្ពុជា​ទទួល​លទ្ធផល​ដុំកំភួន​ទេ​ពី​ប្រទេស​ទាំងអស់​ហ្នឹង​។ ទាំង​ផ្នែក សេដ្ឋកិច្ច និង​នយោបាយ​ពុំ​សូវ​មាន​ឥទ្ធិពល​នៅក្នុង​សហភាព​អឺរ៉ុប​នោះទេ​»​។

លោក​ ហ៊ុន សែន កាលពី​ថ្ងៃអាទិត្យ​បាន​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​ ៣ ចាប់ពី​ថ្ងៃទី​ ១៣-១៧ ​តុលា​ដើម្បី​ជួបពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​ក្នុងនោះ​ក៏មាន​បញ្ហា​តំបន់​ និង​អន្តរជាតិ និង​មាន​ការចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​មួយ​ចំនួន​ផងដែរ​៕

វីដេអូ៖