កំពង់ឆ្នាំងៈ មន្ទីរពិសោធន៍​ភូគព្ភសាស្ដ្រ​ជាតិ​នៃ​កម្ពុជា​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ក្រោយពី​ប្រើពេល​សាងសង់​អស់​ជាង​ ២ ​ឆ្នាំ​ ចំណាយ​ថវិកា​ប្រមាណ​ ៣ ​លាន​ដុល្លារ​អាមេរិក​ បាន​សម្រេច​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ខេត្ដ​កំពង់ឆ្នាំង​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មន្ទីរពិសោធន៍​នេះ​ជា​ជំនួយ​ឥតសំណង​របស់​ក្រសួង​ធនធាន​ធម្មជាតិ និង​​រដ្ឋបាល​ស្វយ័ត​ខេត្ដ​គ័ងស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្ថិត​នៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។

លោក​បញ្ជាក់ថា​៖ «​សារៈសំខាន់​នៃ​មន្ទីរពិសោធន៍​នេះ គឺ​ដើម្បី​ឲ្យ​កម្ពុជា​មាន​មន្ទីរពិសោធន៍​ផ្នែក​ភូគព្ភសាស្ដ្រ និង​ធនធាន​រ៉ែ​ដោយ​ខ្លួនឯង​នៅ​ប្រទេស ​កម្ពុជា​។ ព្រោះ​កន្លងមក​រហូត​ដល់​បច្ចុប្បន្ន​នេះ​រាល់​សំណាក​រ៉ែ​ទាំងអស់ បើសិន​ជា​ចង់​ដឹងថា​សំណាក​នោះ​ជា​រ៉ែ​អ្វី​មាន​គុណភាព​បែបណា​នោះ គឺ​យើង​ត្រូវ​បញ្ជូន​សំណាក​នោះ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ទាំងអស់​»​។

លោក​បន្ដថា​៖ «​យើង​មាន​មន្ទីរពិសោធន៍​ដែរ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ ប៉ុន្ដែ​វា​មាន​ទ្រង់ទ្រាយ​តូច យើង​អាច​ត្រឹម​ពិនិត្យ​មើល​បាន​តិចតួច​។ បើ​សិន​ជា​យើង​ចង់​ពិនិត្យមើល​សំណាក​ថ្ម​ ១ ​ដុំ​ ថា មាន​សារធាតុ​រ៉ែ​អ្វីខ្លះ​នៅ​មន្ទីរពិសោធន៍​ចាស់​យើង​មិន​អាច​មើល​បានទេ​។ ប៉ុន្ដែ​មន្ទីរពិសោធន៍​ថ្មី​នេះ យើង​មាន​លទ្ធភាព​ពិនិត្យ​សំណាក​រ៉ែ​បាន​ច្រើន​មុខ​»​។

លោក យស មុនីរ៉ាត់ បាន​ឲ្យ​ដឹង​ទៀតថា មន្ទីរពិសោធន៍​ភូគព្ភសាស្ដ្រ​ថ្មី​នេះ​គឺជា​ស្ថាប័ន​ថ្នាក់ជាតិ​របស់​រដ្ឋ​ដែល​អាច​ធ្វើការ​វិភាគ​សំណាក​ធនធាន​រ៉ែ​នៅ​កម្ពុជា​បាន​ច្រើន​មុខ ដោយ​អ្នកជំនាញ​ក្នុង​ស្រុក​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ផ្ទាល់​តែ​ម្ដង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល​ស្តីពី​ការប្រគល់​ទទួល និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរ​ពិសោធន៍​ភូគព្ភសាស្ដ្រ​ជាតិ​នៃ​កម្ពុជា​ពី​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថា ក្នុង​ពិធី​សម្ពោធ​នេះ​លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ចូលរួម​ជា​អធិបតី​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល គណៈប្រតិភូ​នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​រដ្ឋបាល​ស្វយ័ត​ខេត្ដ​គ័ងស៊ី គណៈ​អភិបាល​ខេត្ដ​កំពង់ឆ្នាំង អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី-ខេត្ដ ព្រម​ទាំង​ពលរដ្ឋ​សរុប​ប្រមាណ ៧០០ ​នាក់​ផងដែរ​។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា​៖ «​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​​សាងសង់​មក​ត្រឹម​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពិសោធន៍​ភូគព្ភសាស្ដ្រ​ជាតិ​នៃ​កម្ពុជា​នេះ​បាន​ប្រើ​ពេលវេលា​សាងសង់​សរុប​អស់​រយៈពេល​ ២ ​ឆ្នាំ និង​ ១ ​ខែ និង​ចំណាយ​ថវិកា​ប្រមាណ ៣ ០០០ ០០០ ​ដុល្លារ​អាមេរិក​ លើ​ទំហំ​ផ្ទៃដី​ ១៤ ០០០ ​ម៉ែត្រក្រឡា​»​។

លោក យស មុនីរ៉ាត់ បាន​បន្ថែមថា ការងារ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​វិស័យ​រ៉ែ​។ ដូច្នេះ​ក្រោយពី​បើក​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពិសោធន៍​ធនធាន​រ៉ែ​នេះ ក្រសួង​រ៉ែ​ក៏​ដូចជា​ប្រទេស​កម្ពុជា​នៅតែ​មាន​កិច្ចសហប្រតិបត្ដិការ​បន្ថែម​ទៀត​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា​។

លោក​បន្ដថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ការបើកចំហ​លើ​វិស័យ​រ៉ែ​ចំពោះ​បណ្ដា​ប្រទេស​នានា​លើ​ការវិនិយោគ​លើ​វិស័យ​រ៉ែ​។ បច្ចុប្បន្ន​វិស័យ​រ៉ែ​របស់​កម្ពុជា​នៅ​មិនទាន់​មាន​ការរីកចម្រើន​ខ្លាំង​នៅ​ឡើយ ដូច្នេះ​កម្ពុជា​បើកចំហ​គ្រប់​ទាំងអស់​ការសហប្រតិបត្ដិការ​ទ្វេភាគី ពហុភាគី ក៏​ដូចជា​ការវិនិយោគ​ឯកជន ឲ្យ​តែ​មាន​ប្រទេស​ណា​មាន​ចំណាប់​អារម្មណ៍​ធ្វើការ​សិក្សា​ស្រាវជ្រាវ ឬ​ការវិនិយោគ​៕