សៀមរាបៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​កំពុង​ចរចា​ជាមួយ​ភាគី​ថៃ​លើ​កិច្ចព្រមព្រៀង​ក្នុង​ការផ្ទេរ​អត្ថប្រយោជន៍​គាំពារ​សង្គម​ដល់​ពលករ​ចំណាកស្រុក​ដែល​ធ្វើការ​នៅ​ប្រទេស​ ថៃ ​ជា​ប្រយោជន៍​សម្រាប់​ពួកគេ​នៅពេល​បញ្ចប់​ពី​ការងារ ហើយ​ត្រឡប់​មក​បម្រើការ​នៅ​ប្រទេស​កម្ពុជា​វិញ​។

ការថ្លែង​បែបនេះ​របស់​លោក​ ហ៊ុន សែន ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​នៅ​ខេត្ត​សៀមរាប​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​ ៣ ស្របពេល​ជាមួយ​នឹង​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ការងារ​លើក​ទី​ ៥ នៃ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​ផងដែរ (CLMTV)​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ការផ្ទេរ​អត្ថប្រយោជន៍ ផ្ទេរ​ធនធាន​មក​ដើម្បី​ចិញ្ចឹម​នោះ វា​សុទ្ធតែ​ជា​បញ្ហា​។ បើ​យើង​ធ្វើ​ដូចនេះ​បាន​ពាក្យ​ដែល​ថា ជោគ​វាសនា​រួម​អាស៊ាន​មួយ ជា​សហគមន៍​ដែល​មាន​ជោគវាសនា​រួម គឺ​នឹង​ទទួល​បាន​ផលប្រយោជន៍​ដល់​ប្រជាជន​។ ឧទាហរណ៍​ថា គ្នា​ធ្វើការ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រឡប់​មក​ប្រទេស​វិញ បែរ​ជា​អត់​បាន​ទទួល​អត្ថប្រយោជន៍​អី​បន្ត​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​បន្ត​ថា​បើ​ប្រទេស​ទាំង​ ៥​ ​មាន​ជំហរ​រួមគ្នា ប្រទេស​ទាំង​ ៥ ​នេះ​អាច​យក​បញ្ហា​ទៅ​ជជែក​ក្នុង​អាស៊ាន​បន្តទៀត​ដើម្បី​បង្កើត​ឱ្យ​មាន​ស្ថានភាព​បន្ត​គឺថា​ពលករ​ចំណាកស្រុក​អាច​ធ្វើការ​នៅ​ប្រទេស​មួយ ប៉ុន្តែ​អាច​ចូលនិវត្តន៍​នៅ​ប្រទេស​មួយ​ហើយ​អាច​ទទួល​បាន​នូវ​ប្រាក់​កម្រៃ​ទៀត​។ នេះ​ជា​អ្វី​ដែល​លោក​ហៅថា​ជា​ការធានា​។

លោក​ ហ៊ុន សែន បន្ថែម​ថា​៖ «​យើង​ត្រូវ​រក​វិធី​ដើម្បី​ធ្វើ​សមាហរណកម្ម និង​បន្ត​គេ​ហៅថា ចល័តភាព​នៃ​របប​សន្តិសុខ​សង្គម​ដែល​នៅក្នុង​ប្រទេស​នោះ​ទទួល​បាន ប៉ុន្តែ​មក​ឯណេះ​ត​គ្នា​យ៉ាងម៉េច ដើម្បី​ពួកគេ​ចូលនិវត្តន៍​។ ពួកគេ​អាច​ទទួលបាន​នូវ​បៀវត្សរ៍​។ ប៉ុន្តែ​នេះ​គ្រាន់តែ​អ្នក​ធ្វើការ​ក្នុង​ស្រុក ប៉ុន្តែ​យើង​ត្រូវ​គិតដល់​អ្នក​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ស្រុក​ផងដែរ​»​។

ប្រទេស CLMTV បាន​ឯកភាពគ្នា​លើ​សេចក្ដីព្រាង​ផែនទី​បង្ហាញផ្លូវ​សៀមរាប​ដើម្បី​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការងារ​ស្ដីពី​ចល័តភាព​នៃ​របប​សន្ដិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​ប្រទេស CLMTV​។ នេះ​បើ​តាម​ហ្វេសប៊ុក​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅថា​ (Central) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្របខ័ណ្ឌ​របស់​ប្រទេស​ទាំង​ ៥ ​នេះ​ប្រហែល​មាន​ការពិបាក ពីព្រោះ​ក្របខ័ណ្ឌ​ និង​របប​គាំពារ​សង្គម​នៃ​ប្រទេស​នីមួយៗ​នេះ​មាន​ភាព​ផ្សេង​ពី​គ្នា​។ ប៉ុន្តែ​រឿង​ដែល​សំខាន់ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​គិតពិចារណា​ទៅ​លើ​យន្តការ​រវាង​ប្រទេស​កម្ពុជា​ដែល​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ដែល​ទទួល​។

លោក​ ឃុន ថារ៉ូ ថ្លែង​ថា​៖ «​អ៊ីចឹង យើង​ត្រូវ​សិក្សា​ឡើង​វិញ​នូវ​ប្រទេស​ណា​ដែលជា​ប្រទេស​អាទិភាព ហើយ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គាំពារ​សង្គម​។ ឥឡូវ​យើង​ឧទាហរណ៍​នៅ​ប្រទេស​ថៃ រឿង​ដែល​សំខាន់​ថា តើ​ការចុះបញ្ជី​ពលករ​ខ្មែរ​ដែល​ស្របច្បាប់​ដែល​គាត់​ត្រូវតែ​មាន​កាតព្វកិច្ច​នៅក្នុង​ការបង់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​ប្រទេស​ថៃ​ហ្នឹង វា​មាន​ការ​ចុះបញ្ជី​ហ្នឹង​ត្រឹមត្រូវ ហើយ​និង​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​ត្រឹមត្រូវ​របស់​ប្រទេស​ថៃ ហើយ​ប្រទេស​កម្ពុជា​ហ្នឹង​យ៉ាងម៉េច​?»​។

លោក​ ថារ៉ូ បញ្ជាក់​ថា​វា​ចៀស​មិន​ផុត​នោះទេ​ដែល​ត្រូវតែ​មាន​កិច្ចព្រមព្រៀង ឬ​ក្របខ័ណ្ឌ​ច្បាប់​រវាង​ប្រទេស​នីមួយៗ​ដើម្បី​ធានា​ដល់​ការផ្ទេរ ការ​វេរ ឬ​ក៏​ការធ្វើ​សមាហរណកម្ម​ពលករ​ដែល​ចប់​ពី​ការងារ​នៅ​ប្រទេស​ដែល​ទទួល​។ អំឡុង​ពេល​ដែល​ពលករ​ធ្វើ​ការងារ​គឺ​ត្រូវ​មាន​ការកត់​ទុក​ជា​ប្រព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ​។ នៅពេល​ដែល​ពលករ​ចប់​ពី​បម្រើ​ការងារ​នៅ​ប្រទេស​ដែល​ទទួល ពួកគាត់​ត្រូវ​តែ​ត្រូវបាន​ធានា​ថា ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ នៅពេល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​។

ក្នុង​ជំនួប​ជាមួយ​លោក​ យូ ធាន ស្វេ (U Thein Swe) រដ្ឋមន្ត្រី​ការងារ​មីយ៉ាន់ម៉ា លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​ថ្លែង​ថា ពលករ​មីយ៉ាន់ម៉ា​ប្រមាណ​ជាង​ ១ ៣០០ ​នាក់​ទទួល​បាន​បណ្ណ​ការងារ​ជនបរទេស​នៅ​កម្ពុជា ហើយ​មាន​ប្រមាណ​ ១៨០ ​នាក់​ជា​សមាជិក បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស​.)​។ ចំនួន​នេះ​រំពឹង​ថា​នឹង​កើនឡើង​បន្តទៀត​។ ពលករ​មីយ៉ាន់ម៉ា​ដែល​កំពុង​ធ្វើការ​នៅ​កម្ពុជា​ទទួល​បាន​ការការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដូច​កម្មករនិយោជិត​កម្ពុជា​ដែរ​។ នេះ​បើ​តាម​ហ្វេសប៊ុក​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ចន្ទ​។

យោងតាម​ហ្វេសប៊ុក​ក្រសួង​ការងារ​លោក ចាទុមង្គល សូណាគុល (Chatumongol Sonakul) រដ្ឋមន្ត្រី​ការងារ​ថៃ​ថ្លែង​ក្នុង​ជំនួប​ជាមួយ លោក​ អ៊ិត សំហេង ថា​ភាគី​ថៃ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ពលករ​កម្ពុជា​ដែល​នឹង​ផុត​សុពលភាព​ធ្វើការងារ​ក្នុងប្រទេស​ថៃ ដោយ​រៀបចំ​យន្តការ​បន្ថែមទៀត មិន​ចាំបាច់​តម្រូវ​ឱ្យ​ពលករ​ធ្វើការ​ចំណាយ​ច្រើន​ត្រឡប់មក​ប្រទេស​របស់ខ្លួន​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា ក្នុងជំនួប​រវាង​លោក​ អ៊ិត សំហេង និង​លោក​ ខាំផែង សាយស៊ុមផេង​ (Khampheng Saysompheng) រដ្ឋមន្ត្រី​ការងារ​ឡាវ ភាគី​ទាំង​ ២ ប្ដេជ្ញា​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា​ក៏​ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្សេង​ទៀត​ឱ្យមាន​ប្រសិទ្ធភាព​៕