ភ្នំពេញៈ ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី «កម្ពុជា​ និង​តំបន់​និយម​អាស៊ាន ​ក្នុង​បរិបទ​ឥណ្ឌូ-ប៉ាស៊ីហ្វិក» ​ស្រប​ពេល​ខួប​លើក​ទី​៥២ ​នៃ​ការ​បង្កើត​អាស៊ាន ​និង​ខួប​លើក​ទី​២០ ​នៃ​សមាជិកភាព​របស់​កម្ពុជា​ក្នុង​អាស៊ាន​ពី​ម្សិលមិញ​ កម្ពុជា​បាន​បង្ហាញ​កាលានុវត្ដភាព ​និង​ការ​ប្ដេជ្ញាចិត្ដ​របស់​ខ្លួន​ដោយ​ការ​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​គោលការណ៍​នៃ​ការ​មិន​ជ្រៀតជ្រែក​ និង​ការ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ។

លោក ​យង់ ពៅ ​អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ថ្លែង​ក្នុង​សន្និសីទ​ពី​ម្សិល​មិញ​ថា ​ ជា​ការ​ពិត ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សមាជិកភាព​របស់​ខ្លួន​នៅ​ក្នុង​អាស៊ាន​ នូវ​កាលានុវត្តភាព​សេដ្ឋកិច្ច ​កិត្យានុភាព ​និង​ផលប្រយោជន៍ ​ក៏​ដូចជា​តួនាទី​អន្ដរជាតិ​តាមរយៈ​ការ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ និង​ការ​ទូត​អាស៊ាន។ បច្ចុប្បន្ន ​ប្រជាជន​កម្ពុជា​មាន​ឱកាស​កាន់​តែ​ច្រើន ​ដើម្បី​រៀន​សូត្រ​ និង​យល់​ដឹង​អំពី​អ្នក​ជិត​ខាង។

លោក​ថា​៖ «ប្រទេស ​កម្ពុជា ​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​គោលការណ៍​នៃ​ការ​មិន​ជ្រៀតជ្រែក​ ការ​គោរព​អធិបតេយ្យភាព​ និង​ភាព​ជា​ដៃគូ​ស្មើ​មុខ។ ការ​សម្រេច​ចិត្ត​ផ្អែក​លើ​ការ​យល់​ស្រប​គ្នា ​កាលានុវត្តភាព​សេដ្ឋកិច្ច​ដែល​ផ្តើម​ចេញ​ពី​ការ​ធ្វើ​សេរីភាវូបនីយកម្ម​ និង​ការ​សម្របសម្រួល​ខាង​ពាណិជ្ជកម្ម​ និង​វិនិយោគ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​គម្លាត ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ និង​ការ​ពង្រីក​ដៃគូ​សន្ទនា​ទៅ​ខាង​ក្រៅ»។​

លោក ​យង់ ពៅ​ លើក​ឡើង​ថា ​ការ​រំឭក​ខួប​លើកទី​៥២ ​នៃ​ការ​បង្កើត​អាស៊ាន និង​ខួប​លើក​ទី២០ ​នៃ​សមាជិកភាព​របស់​កម្ពុជា​ក្នុង​អាស៊ាន ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាហរណកម្ម​តំបន់​ និង​តុល្យការ​នៃ​ការងារ​ទំនាក់ទំនង​អន្ដរជាតិ។

លោក​បន្ថែម​ថា​៖ «​នា​ពេល​កន្លង​មក​ សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​ឋានៈ​ជា​ប្រទេស​តូច​ កម្ពុជា​មិន​អាច​សង្ឃឹម​ថា​ រស់នៅ​ដោយ​គ្មាន​ការ​ផ្សារភ្ជាប់​ជាមួយ​ពិភព​លោក​ខាង​ក្រៅ​ទេ។ ការ​រីក​លូតលាស់ និង​វិបុលភាព​របស់​ប្រជាជន​កម្ពុជា​ទាំង​អស់​ អាស្រ័យ​ជារួម​លើ​របៀប​ធ្វើ​ការ​ជាមួយ​អាស៊ាន​ក្នុង​ការ​ធ្វើ​ឲ្យ​សមាហរណកម្ម​តំបន់​កាន់​តែ​ស៊ី​ជម្រៅ ​ក៏​ដូច​ជា​ការ​ពង្រឹង​សារៈសំខាន់​ និង​ភាព​រឹងមាំ​របស់​ជាតិ»។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ និង​ជា​គណៈកម្មការ​រៀបចំ​សន្និសីទ​នេះ​ថ្លែង​ថា ​រយៈពេល ​២ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​អាស៊ាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ខែល​សន្តិសុខ ​ដែល​អាច​ទុក​ចិត្ត​បាន និង​ជា​កាតាលីករ​ដ៏​សំខាន់​សម្រាប់​វឌ្ឍនភាព​ និង​ថាមភាព​នៃ​សេដ្ឋកិច្ច​តំបន់។

លោក​ថា ​អាស៊ាន​មាន​សមត្ថភាព​លើក​កម្ពស់​ និង​ផ្សព្វផ្សាយ​នូវ​វិធាន​ច្បាប់​នានា ​និង​ជំរុញ​ឲ្យ​មហា​អំណាច​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ក្រប​ខ័ណ្ឌ​ស្ថាប័ន ​ការ​ទូត​ និង​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី និង​ការ​ទទួល​ខុស​​ត្រូវ។ កម្ពុជា ​ក្នុង​ឋានៈ​ជា​សមាជិក​អាស៊ាន​ បាន​ដើរ​តួនាទី​ដ៏​សំខាន់​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ផ្ទៃ​ក្នុង​អាស៊ាន ​និង​ក្រៅ​តំបន់​អាស៊ាន។

បើ​តាម​លោក ​គិន ភា​ អាស៊ាន​ហាក់​កំពុង​ក្លាយជា​តំបន់​យុទ្ធសាស្ត្រ​មួយ ​ដែល​ប្រឈម​មុខ​នឹង​ការ​ប្រណាំង​ប្រជែង​ពី​ប្រទេស​មហា​អំណាច។ ការ​លេច​ឡើង​នៃ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​ បាន​បង្កើត​នូវ​ភាព​មិន​ប្រាកដប្រជា​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​នាំ​ឲ្យ​អាស៊ាន​ និង​បណ្តា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​វាយ​តម្លៃ​ឡើង​វិញ​ នូវ​ជម្រើស​យុទ្ធសាស្ត្រ ​និង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន។ អាស៊ាន​ និង​សមាជិក​ភាគ​ច្រើន​របស់​ខ្លួន ​បាន​ព្យាយាម​គេចវេះ​ពី​ស្ថានភាព ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ជ្រើសរើស ​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន។

លោក​ថ្លែង​ថា​៖ «ជា​កាលានុវត្តភាព ​២០ ​ឆ្នាំ ​របស់​កម្ពុជា​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ជា​សមិទ្ធផល​សំខាន់ ​គឺ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ពី​មុន​ជា​ប្រទេស​ឯកោ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច បាន​ក្លាយ​ជា​រដ្ឋ​មួយ​មាន​សំឡេង​ស្មើ​មុខ​ស្មើ​មាត់​ ស្មើ​សិទ្ធិ ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់​ និង​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្ដិ​ការ​អន្តរជាតិ​។ ​សំឡេង​កម្ពុជា ​គឺ​ជា​សំឡេង​អាស៊ាន​ សំឡេង​អាស៊ាន​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្ដិការ​អន្តរជាតិ»។

លោក​បន្ត​ថា ទីផ្សារ​របស់​កម្ពុជា​កាន់​តែ​រីក​ធំធាត់​ ការ​វិនិយោគ​នៅ​កម្ពុជា​មិនមែន​សម្រាប់​តែ​មនុស្ស​តែ​ជាង ​១៥ លាន​នាក់​​ទេ ​ប៉ុន្ដែ​ការ​វិនិយោគ​នៅ​កម្ពុជា​គឺ​សម្រាប់​ទីផ្សារ​ជាង ៦០០ លាន​នាក់​។ ​ព្រោះ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​កម្ពុជា​មាន​ដៃគូ​ផ្សេងៗ​ទៀត​ដែល​នេះ​​បាន​ធ្វើ​ឲ្យ​កម្ពុជា​រឹត​តែ​មាន​តួនាទី​សំខាន់​ក្នុង​កិច្ច​ការ​តំបន់ ​និង​អន្តរជាតិ​ ពិសេស​ផ្ដល់​កាលានុវត្តភាព​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា។

លោក ​មាស នី ​អ្នក​វិភាគ​នយោបាយ​ មើល​ឃើញ​ថា ​សព្វ​ថ្ងៃ​​ មាន​ព្រឹត្ដិការណ៍​មួយ​​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​មើល​មក​កម្ពុជា​ឃើញ​ថា​ឃ្លាត​ចេញ​ពី​គុណ​តម្លៃ​ដើម​របស់​សហគន៍​អាស៊ាន​ គឺ​តាមរយៈ​ការ​បង្ហាញ​នូវ​ជំហរ​កាន់​តែ​ជិតស្និទ្ធ​ឡើងៗ​ជាមួយ​មហា​មិត្ដ​ចិន​ពិសេស​លើ​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន។

លោក​​ថ្លែង​ថា​៖ «កម្ពុជា​យើង​មិន​ត្រឹម​តែ​ទទួល​យក ​(គម្រោង​​របស់​ចិន) ខ្លួន​ឯង​ទេ​រហូត​ដល់​ពេល​ខ្លះ​យើង​ជា​អ្នក​ដើរ​លក់​ផលិតផល​ឲ្យ​ចិន​ថែម​ទៀត​។ រឿង​នេះ​បាន​បង្ហាញ​ពី​ជំហរ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដែល​ជា​ ភាព​ខុស​គ្នា​ជាក់លាក់​រវាង​កម្ពុជា​ដែល​ជា​សមាជិក​មួយ​របស់​អាស៊ាន ​ជា​មួយ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត»៕