ភ្នំពេញៈ កម្ពុជា​ សិង្ហ​បុរី ​និង​វៀតណាម បាន​ព្រម​ព្រៀង​ជ្រើសរើស​យក​ផ្លូវ​​សហប្រតិបត្តិការ ​សន្ទនា​ និង​មិត្ត​ភាព​ ក្នុង​ការ​បញ្ចប់​ភាព​ចម្រូង​ចម្រាស​នៃ​ការលើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃប្រទេស​កម្ពុជា​ សិង្ហ​បុរី និង​វៀតណាម ​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ទូរស័ព្ទ​ក្នុង​កិច្ច​សន្ទនា​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​បញ្ចប់​ភាពចម្រូង​ចម្រាស​រឿង​ប្រវត្តិសាស្ត្រ​ ដែល​លើក​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​Lee Hsien Loong កាល​ពី​ចុង​ខែ​ឧសភា ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការខឹង​សម្បាពី​សំណាក់​ថ្នាក់​ដឹកនាំ​កម្ពុជា​ មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​ ដោយសារតែ​លោក​លើកឡើងថា​ វៀតណាម​ឈ្លានពាន​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​​ ឧសភា​ លោក Lee Hsien Loong បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​មរណភាព​​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ឧត្តម​សេនីយ៍ Prem Tinsulanonda។

លោក Lee Hsien Loong សរសេរ​ថា៖ «​ប្រទេស (ថៃ)​ ជា​អ្នក​​នៅ​ខ្សែ​មុខ​ ដោយ​ប្រឈ​មមុខ​នឹង​កម្លាំង​វៀត​ណាម​ដែល​ឆ្លង​កាត់​ព្រំដែន​របស់​ខ្លួន​ជាប់​កម្ពុជា។ ឧត្តម​សេនីយ៍ Prem ​តាំង​ចិត្ត​មិន​ទទួល​យក​អ្នក​ជំនួស​នេះ​ហើយ​បាន​ធ្វើ​ការ​ជាមួយ​ដៃ​គូ​អាស៊ាន​នានា​ដើ​ម្បី​ប្រឆាំង​នឹង​ការ​កាន់​កាប់​របស់​វៀតណាម​នៅ​លើ​វេទិកា​អន្តរជាតិ​»។

លោក​បន្ត​ថា៖ ​«នេះ​បាន​រារាំង​មិន​ឲ្យ​មាន​ការចូល​ឈ្លាន​ពាន​ដោយ​យោធា​ និង​ការ​ផ្លាស់​ប្តូរ​នៅ​​ក្នុង​តំបន់​ពី​ភាព​ស្រប​ច្បាប់​។ វា​បាន​ការ​ពារ​សន្តិសុខ​របស់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ៗ​ទៀត​ ​ហើយ​ជា​ការ​ការ​ពារ​តំបន់​យ៉ាង​មាន​ប្រសិទ្ធភាព ​និង​លឿន»។

ប៉ុន្តែ​កាល​ពី​ថ្ងៃសុក្រ ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង ​៣ ​បានថ្លែង​តាម​ទូរស័ព្ទ​ដើម្បី​បញ្ចប់​ជម្លោះ​ប្រវត្តិសាស្ត្រ​នេះ​ដែល​កើត​ចេញ​ពី​ការ​យល់ឃើញ​ខុស​គ្នា​ផ្នែក​ប្រវត្តិសាស្ត្រ ​និង​ថ្លែង​ថា​ នឹង​ពង្រឹង​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ​ដោយ​ទុក​បញ្ហា​ប្រវត្តិសាស្ត្រ​មួយ​ឡែក។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រ​សួង​​ការបរទេស​កម្ពុជា​​បញ្ជាក់​ថា​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សិង្ហបុរី​ លោក Vivian Balakrishnan បាន​ប្រាប់​សមភាគី​កម្ពុជា ​លោក ​ប្រាក់ សុខុន ​ថា ​លោក Lee Hsien Loong បាន​បញ្ជាក់​ពីការ​​យល់​ដឹង​អំពី​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​របប​ខ្មែរ​ក្រហម ​ហើយ​ថា ​ការ​លើក​ឡើង​នោះ​មិន​មាន​ចេតនា​អាក្រក់​ទេ​ពី​ភាគី​សិង្ហបុរី។

លោក​ Vivian Balakrishnan បន្ត​ថា ​សារ​នាយក​រដ្ឋ​មន្ត្រីសិង្ហបុរី​ គ្រាន់​តែ​ជា​ការ​រំឭក​ស្ថានការណ៍​ និង​បញ្ហា​ប្រឈម​នៅ​ពេល​នោះ​ ហើយ​សារ​បែប​នេះ​ត្រូវ​បាន​ថ្លែង​ជា​សាធារណៈ​រួច​ហើយ​កាល​ពី​ពេល​មុន។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​សរសេរ​ថា​៖ «រដ្ឋ​មន្ត្រី​ទាំង ២​ រូប​យល់​ថា​ទោះ​បី​ប្រទេស​យើង​ទាំង ២​ មាន​ទស្សន​វិស័យ​ខុស​គ្នាស្ដី​ពី​ប្រវត្តិសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប្រទេស​ទាំង​ ២ ​នៅ​បន្ត​ជា​អ្នក​ជិត​ខាង​ល្អ ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ​ហើយ​ខិត​ខំ​បំភ្លេច​អតីតកាល​ ដើម្បី​បន្ត​រក្សា​ការ​សន្ទនា​ និង​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នាត​ទៅ​ទៀត»។

កាលពី​ថ្ងៃ​សុក្រ ​ក្រសួង​ការ​បរទេស​សិង្ហ​បុរី​ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ជា​ការ​ឆ្លើយ​តប​លើ​បញ្ហា​នេះ​ដែរ ​ដោយ​​បញ្ជាក់​ថា​ រដ្ឋ​មន្ត្រី​ការបរទេស ​Vivian Balakrishnan ក៏​បាន​ទូរស័ព្ទ​ទៅ​សមភាគី​វៀតណាម។

សេចក្តីថ្លែងការណ៍​ថា​៖ «​ខណៈ​​សិង្ហបុរី​និង​វៀតណាម​ស្ថិត​នៅ​លើ​ការ​ប្រឆាំង​គ្នា​កាល​ពី​អតីតកាល​ និង​មាន​ទស្សនៈ​យល់​ឃើញ​ផ្សេង​គ្នា​រឿង​ប្រវត្តិសាស្ត្រ​ មេដឹកនាំ​របស់​យើង​បាន​សម្រេច​ទុក​ភាពខុស​គ្នា​នោះ​ដោយ​​ឡែក ហើយ​ធ្វើ​ឲ្យ​មានការចម្រើ​នទៅ​មុខ​លើ​ភាពជា​ដៃ​គូ ទាំង​ទ្វេភាគី​និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន»។

សេចក្តីថ្លែងការណ៍​ថា៖ ​«​សិង្ហ​បុរី​ប្ដេជ្ញា​កសាង​​ទំនាក់​ទំនង​ល្អ​របស់​យើង​ជា​មួយ​វៀតណាម ​កម្ពុជា​ ហើយ​សង្ឃឹម​ថា​ ពួក​គេ​នឹង​​បន្ត​រីក​លូតលាស់​ជោគជ័យ​កាន់​តែ​ខ្លាំង​ឡើងៗ ​ដោយ​ផ្អែក​លើ​ភាព​​ស្មោះត្រង់»។ និង​ការ​ជឿ​ទុក​ចិត្ត»។

លោក​ គិន ភា ​នាយក​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ថ្លែង​ថា ​ប្រវត្តិសាស្ត្រ​គួរ​ត្រូវ​ទុក​ដោយ​​ឡែក​ពីព្រោះ​វា​មាន​ភាព​ចម្រូង​ចម្រាស​ ហើយ​បង្ក​ឲ្យ​មាន​អរិភាព និង​ការ​សង្ស័យ​ក្នុង​ចំណោម​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន។

លោកបាន​​បន្ត​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ាន​គឺ​ជា​ជន​រងគ្រោះ​នៃ​កា​រប្រកួត​ប្រជែង​​មនោគមន៍​វិជ្ជា​ដូចគ្នា​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​ ហើយ​របួស​ចាស់​នេះ​មិន​គួរ​ត្រូវ​បាន​ចាក់​អំបិល​ពី​លើ​ទេ។

លោក​ថ្លែង​ថា​៖ «ទាំង​អស់​គ្នា​គួរ​តែ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ ថា​តើ​សហគមន៍​អាស៊ាន​មាន​អត្តសញ្ញាណ​តែ​មួយ​ និង​មាន​ជោគ​វាសនា​តែ​មួយ​យ៉ាង​ណា ​ហើយ​​គួរ​ធ្វើ​ការ​រួម​គ្នា​ឆ្ពោះ​ទៅ​កាន់​សមាគមន៍​មួយ​ដែល​មាន​វាសនា​រួមគ្នា»។

លោក ​គិន ភា ​លើក​ឡើង​ពី​ជម្លោះ​រវាង​វៀតណាម ​និង​អាមេរិក កាល​ពី​អតីតកាល ​ប៉ុន្តែ​ប្រទេស​ទាំង​ ២ នា​ពេល​បច្ចុប្បន្ន​មាន​ទំនាក់​ទំនង​ល្អ។ ចំណែក​បារាំង​ធ្លាប់​ដាក់​អាណានិគម​លើ​កម្ពុជា​ ៩០​ ឆ្នាំ ហើយ​កម្ពុជា​ធ្លាប់​បាត់​បង់​ទឹក​ដី ​១៩​ ខេត្ត​ទៅ​វៀតណាម​ រួម​ទាំង​កោះ​មួយ​ដែល​មាន​ទំហំ​ប៉ុន​ប្រទេស​សិង្ហបុរី។

លោកថា ​ការ​លើក​យក​ប្រវត្តិសាស្ត្រ​មក​ជជែក​គ្នា​ឡើង​វិញ​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

លោក​ថ្លែង​ថា​៖ «ប្រជាជន​កម្ពុជា ​ក៏​ដូច​ជា​មេដឹកនាំ​នៅ​ក្នុង​សមាគម​អាស៊ាន ​មិនគួរ​គាស់​ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ​​យក​មក​ហិត​ឡើង​វិញ​ទេ ព្រោះ​វា​បាន​ត្រឹម​តែ​ឈឺចាប់ហើយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់»។

លោក​ ឈាង វណ្ណារិទ្ធ ​ប្រធាន​​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ហៅ​កាត់​ថា​ AVI បាន​ថ្លែង​​កាល​ពីថ្ងៃ​​ម្សិលមិញ​ថា អ្វី​ដែល​អាច​ទៅ​រួច​គឺ​ការ​គិត​ពី​អនាគត​ទៅ​មុខ​ក្នុង​សហគមន៍​អាស៊ាន​ដើម្បី​​រក​ដំណោះ​ស្រាយ​រួម​គ្នា​ក្នុង​តំបន់ ​ក៏​ដូចជា​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ទាំង ៣ នេះ៕