ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៃ​ប្រទេស​សិង្ហបុរី និង​មូលនិធិ​ថេម៉ាសេក​អន្តរជាតិ​រៀបចំ​ការបណ្ដុះបណ្ដាល ស្ដីពី​ «​ភាពជា​អ្នកដឹកនាំ​សាលារៀន​» រយៈពេល​ ៣ ​ឆ្នាំ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ដឹកនាំ​សាលារៀន​មាន​នាយក និង​នាយករង​សាលារៀន​ឲ្យ​មាន​សក្តានុពល​កាន់តែ​ខ្ពស់​ក្នុង​ការដឹកនាំ និង​គ្រប់គ្រង​ដំណើរការ​អប់រំ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ពី​ម្សិលមិញ​បង្ហាញថា វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ៣ ​ឆ្នាំ​ ដែល​ចាប់ពី​ឆ្នាំ​ ២០១៩-២០២១ នឹង​ប្រព្រឹត្ត​ទៅ​ចំនួន ៦ ​លើក​។ ៥​ លើក​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ ១ ​លើក​ នៅ​ប្រទេស​សិង្ហបុរី​។ វគ្គ​បណ្តុះបណ្តាល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១២៨ ​នាក់ រួមមាន​មន្ដ្រី​ជំនាញ​ដែល​មាន​បទពិសោធ​ក្នុង​ការងារ​គ្រប់គ្រង​សាលារៀន​ចំនួន​ ២០ ​នាក់​។ នាយក និង​នាយករង​ចំនួន​ ១០៨ ​នាក់​ ជា​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ក្នុង​រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ដ​តាកែវ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹងថា​៖ «​ក្នុងអំឡុងពេល​នៃ​កិច្ចសហប្រតិបត្ដិការ​ក្នុង​ភាព​ជា​ដៃគូ​នេះ ភាគី​កម្ពុជា និង​ភាគី​សិង្ហបុរី​នឹង​មាន​ឱកាស​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​អប់រំ និង​ផ្លាស់ប្ដូរ​បទពិសោធ​ការងារ​អប់រំ​នៅក្នុង​បរិបទ​នៃ​ប្រទេស​ទាំង​ ២ ​ផងដែរ​»​។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី ក្រសួង អប់រំ យុវជន និង​កីឡា​ថ្លែង​ពេល​សម្ពោធ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ថា ដោយ​មើលឃើញ​ភាពចាំបាច់​នៃ​តួនាទី​នាយក​សាលា ក្រសួង​អប់រំ បាន​និង​កំពុង​ខិតខំ​យក​ចិត្ដ​ទុកដាក់​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​រីកចម្រើន​ក្នុង​បរិបទ​សាលារៀន ដើម្បី​ឆ្លើយតប​នឹង​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​ក្នុង​បរិបទ​តំបន់ និង​សកលលោក​ស្របពេល​ការប្រែប្រួល​ក្នុងសង្គម​សតវត្សរ៍​ទី​ ២១ បាន​នាំមក​នូវ​បញ្ហា​ធំ​ជាច្រើន​។ ក្នុងនោះ​យុវជន​កម្ពុជា​ទទួល​បាន​ជំនាញ​សតវត្សរ៍​ទី​ ២១ ​នៅ​មាន​កម្រិត​នៅឡើយ​។

លោក​​ ណារ៉ុន ​ថ្លែងថា​៖ «​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ វិស័យ​អប់រំ​មាន​តួនាទី​ធ្វើយ៉ាងណា​ជួយ​ឱ្យ​យុវជន​ទទួល​បាន​ជំនាញ​សតវត្សរ៍​ទី​ ២១ ​កាន់តែ​រឹងមាំ និង​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។

លោក​ថា​៖ «​កម្មវិធី​បណ្ដុះបណ្ដាល​នេះ គឺជា​គន្លឹះ​សំខាន់​មួយ​ឈាន​ទៅ​ដល់​ការរួមចំណែក​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​រីកចម្រើន​នៅ​កម្រិត​សាលារៀន​កម្ពុជា​។ នាយក​សាលា​អាច​អនុវត្ដ​ចំណេះដឹង និង​ជំនាញ​ស្ដីពី​ភាព​ជា​អ្នកដឹកនាំ​សាលារៀន​ដែល​ទទួល​បាន​ពី​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​បេសកកម្ម​ការផលិត​ធនធាន​យុវជន​កម្ពុជា​ឱ្យ​មាន​ជំនាញ​សតវត្សរ៍​ទី​ ២១ ​ពិតប្រាកដ​»​។

លោក​ឱ្យដឹង​ទៀត​ថា ជំនាញ​ដែល​នាយក​នាយករង​សាលារៀន​នឹង​ទទួល​បាន​ពី​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​រួមមាន ជំនាញ​គិត​បែប​ស៊ីជម្រៅ​ជំនាញ​ទំនាក់ទំនង ជំនាញ​ដោះស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​ភាពច្នៃប្រឌិត និង​ជំនាញ​ធ្វើការ​បែប​សហការ​។ លោក​ថា​ដូច្នេះ​ក្នុងតួនាទី​ជា​នាយក​សាលា​ចាំបាច់​ត្រូវតែ​មាន​ជំនាញ​នេះ​ជាមុន​។

នាយក​កម្មវិធី​មូលនិធិ​ថេម៉ាសេក​អន្តរជាតិ​លោក Stanley Lee ថ្លែង​ក្នុង​ឱកាស​នោះ​ថា លោក​រីករាយ​ក្នុង​ការសហការ​ជាមួយ​ក្រសួង​អប់រំ​រៀបចំ​ការបណ្ដុះបណ្ដាល​ស្ដីពី​ «​ភាព​ជា​អ្នកដឹកនាំ​សាលារៀន​» ​នេះ​ឡើង​។ លោក​នឹងចូលរួម​ចែករំលែក​បទពិសោធ​នានា​មកដល់​នាយក​សាលារៀន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​តូច​មួយ​ក្នុង​តំបន់ យើង​ចង់​ចែករំលែក​នូវ​អ្វីដែល​យើង​ធ្លាប់ធ្វើ និង​មាន​បទពិសោធ​ល្អៗ​។ យើង​ក៏​ចង់យក​ឱកាស​នេះ ចែករំលែក​នូវ​បញ្ហា​ប្រឈម​ដែល​យើង​បាន​ជួបប្រទះ និង​ឆ្លងកាត់ ដើម្បី​ផ្លាស់ប្ដូរ​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​យើង​»​។

លោក​បន្ដថា​តាមរយៈ​ការសហការ​គ្នា​លើ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ភាគី​ទាំង​ ២ ​នឹង​បាន​ធ្វើ​កិច្ចការងារ​រួមគ្នា​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក និង​បង្ហាញ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ធ្លាប់​ជួបប្រទះ​នៅពេល​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ប្រព័ន្ធ​អប់រំ​។

លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​សាទរ​ចំពោះ​កិច្ចសហប្រតិបត្ដិការ​ក្នុង​វិស័យ​អប់រំ​រវាង​កម្ពុជា និង​សិង្ហបុរី​។ លោក​ថ្លែងថា ស្ថាប័ន អប់រំ​សិង្ហបុរី​តែងតែ​ពិភាក្សា​ជាមួយ​ក្រសួង​អប់រំ​លើ​ការពង្រឹង​ភាព​ជា​អ្នកដឹកនាំ​នៅតាម​សាលារៀន​នេះ​។

លោក​ថ្លែងថា​៖ «​ការជួបពិភាក្សា​ជា​បន្តបន្ទាប់​ពី​ការពង្រឹង​សមត្ថភាព ភាព​ជា​អ្នកដឹកនាំ​នៅ​តាម​សាលារៀន​នេះ ដើម្បី​លើក​ទឹកចិត្ដ​ឱ្យ​អ្នកគ្រប់គ្រង​សាលារៀន​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​នៅក្នុង​សាលារៀន​របស់​ខ្លួន​ស្រប​ទៅ​តាម​បរិបទ​អប់រំ​នៃ​សតវត្សរ៍​ទី​ ២១ ​នេះ​»៕