ភ្នំពេញៈ កម្ពុជា និង​ស៊ុយអែត​ ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​ទាក់ទង​នឹង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខណៈដែល​ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​មាន​​ឱកាស​ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ​។

ការប្រកាស​ពី​កិច្ចសហការ​បន្ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ម្សិលមិញ​ជាមួយ​លោក Björn Häggmark ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ការងារ​។

លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តល់​បទសម្ភាស​ដល់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​ជំនួប​នោះ​ថា ភាគី​ទាំង​ ២ បាន​វាយតម្លៃ​ខ្ពស់ បន្ទាប់ពី​បាន​ពិភាក្សាគ្នា​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ស៊ុយអែត និង​កម្ពុជា ជាពិសេស​ទៅលើ​វិស័យ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែម្តង​។

លោក​បន្តថា តាមរយៈ​ជំនួប​នេះ​ភាគី​ទាំង​ ២ បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​អ្វី​ដែល​កម្ពុជា និង​ស៊ុយអែត​បាន​បង្កើត​រួមគ្នា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រកាស​បន្ត​ពង្រឹង និង​ពង្រីក​ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​ភាគី​ស៊ុយអែត​តាមរយៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ដល់​ក្រសួង​ការងារ រួមទាំង​ការជួយ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​ការងារ​ទាំងឡាយ​សម្រាប់​ផ្តល់នូវ​ឱកាស​ការងារ ការផ្តល់​សេវា​ការងារ និង​ការពិគ្រោះ​យោបល់​ផ្សេងៗ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​របស់​យើង​ដើម្បី​ឲ្យ​ពួកគាត់​អាច​ស្វែងរក​ការងារ​ធ្វើ និង​ត្រូវ​ជំនាញ​ដែល​ពេញចិត្ត​»​។

ក្រៅពីនេះ​មាន​គម្រោង​ដ៏ធំ​មួយទៀត​ដែល​ប្រទេស​ទាំង​ ២ ​នឹង​បន្ត​ដែល​តាម​លោក ងុយ រិទ្ធ បាន​បញ្ជាក់ថា​៖ «​កម្ពុជា​បាន​គាំទ្រ​ទៅដល់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ជា​សកល​ជួយ​ទៅដល់​គ្រប់ភាគី​ទាំងអស់ ក្នុង​ការ​បង្កើត​កិច្ចសន្ទនា​សង្គម​ដែល​ជួយ​ធានា​ដល់​សិទ្ធិ​របស់​កម្មករ​...»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បានលើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​កាលពី​ម្សិលមិញ​ដែរ​ថា បន្ទាប់ពី​កម្ពុជា​បាន​ផ្តល់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​កាលពី​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ភាពសុខដុម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

លោក​បន្តថា​៖ «​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​ដើម្បី​ធានា​បាន​នូវ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ដែល​តំណាង​ឱ្យ​សំឡេង និង​ឆន្ទៈ​ពិតប្រាកដ​របស់​កម្មករ​និយោជិត និង​និយោជក​...»​។

បន្ថែម​ពីនេះ លោក អ៊ិត សំហេង ក៏បាន​អះអាង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​នេះ​ក៏បាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ជា​ក្របខ័ណ្ឌ​គតិយុត្ត​រឹងមាំ​ក្នុង​ការការពារ​ប្រកប​ដោយ​និរន្តរភាព​នូវ​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត និង​ធានា​នូវ​ការប្រើប្រាស់​យន្តការ​ចរចា​ត្រីភាគី​តាមបែប​ប្រជាធិបតេយ្យ​ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត ដោយ​ឈរលើ​លក្ខណៈវិនិច្ឆ័យ​បែប​វិទ្យាសាស្ត្រ ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ភាពជឿជាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ការគោរព​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត និង​និយោជក ទប់ស្កាត់ ក៏ដូចជា​បង្ការ​មិនឱ្យ​​មាន​បញ្ហា​ផ្សេងៗ​ដែល​ឈានទៅរក​វិវាទ និង​ការតវ៉ា​នានា​»​។

លោក Björn Häggmark ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា នៅ​​ឆ្នាំ​ ២០២០ ​នេះ រដ្ឋាភិបាល​ស៊ុយអែត បានសម្រេច​រួចហើយ​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្កាល​វិជ្ជាជីវៈ​។

លោក​បន្តថា កិច្ចសហប្រតិបត្តិការ​បន្ត​នេះ​គឺអាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក៏ដូចជា យុវជន​ទទួល​បាន​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​កាន់តែ​ល្អ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងមូល​។ នេះ​បើតាម លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​ដល់​អ្នកសារព័ត៌មាន​។

ដោយឡែក​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​បាន​ប្ដេជ្ញា​បន្ត​គម្រោង​ទំនាក់ទំនង​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​ស៊ុយអែត​តាមរយៈ​អង្គការ SIDA ដែល​បាន​ជួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រួមទាំង​ការបង្កើត​មជ្ឈមណ្ឌល​ការងារ​នៅតាម​បណ្ដា​រាជធានី-ខេត្ត នានា​ផងដែរ ៕