ភ្នំពេញៈ ប្រទេសកម្ពុជាប្រកាសជាផ្លូវការក្លាយជាសមាជិកទី ២៦ នៃប្រទេសជាដៃគូសកល ដើម្បីចូលរួមបញ្ចប់អំពើហិង្សាលើកុមារ និងជាប្រទេសឈានមុខក្នុងតំបន់ដែលបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារកាលពីថ្ងៃទី ១២ ខែកញ្ញានៅសណ្ឋាគារសុខាភ្នំពេញ។
ការប្រកាសចូលជាសមាជិកដៃគូសកលនេះបានធ្វើឡើងតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាតំណាងប្រទេសកម្ពុជា ដោយបានសហការជាមួយមូលនិធិសហប្រជាជាតិ ដើម្បីកុមារ និងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC)។
សេចក្ដីថ្លែងការណ៍រួមនៃការចូលជាសមាជិកនេះបង្ហាញថា ប្រទេសកម្ពុជាបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសទី ៤ នៅក្នុងតំបន់ដែលបានក្លាយជាប្រទេសនាំមុខបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសម៉ុងហ្គោលី។ ការប្តេជ្ញាចិត្តនេះធ្វើឡើង ខណៈដែលកម្ពុជាកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថាក្នុងទិសដៅឆ្លើយតបនឹងបញ្ហាអំពើហិង្សាលើកុមារ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា។
ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីអាចឱ្យកុមាររស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍតាមរយៈការដាក់ចេញនូវវិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋាននានាជាច្រើនដើម្បីធានាដល់កិច្ចការពារកុមារឱ្យកាន់តែប្រសើរឡើង។
លោកថ្លែងថា៖ «កម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេសអាស៊ានដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំវិសាលភាព។ ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្តដែលកុមារបានជួបប្រទះ និងកំពុងជួបបញ្ហាប្រឈម»។
លោកបន្ដថាផ្អែកលើលទ្ធផលនៃការអង្កេតខាងលើនេះផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ ត្រូវបានរៀបចំឡើងក្នុងទិសដៅធានាដល់ការដោះស្រាយ និងមានវិធានការទាន់ពេលវេលាលើបញ្ហាអំពើហិង្សាលើកុមារគ្រប់រូបភាពក៏ដូចជា ដើម្បីលើកកម្ពស់ការការពារ និងការអភិវឌ្ឍសិទ្ធិកុមារប្រកបដោយចីរភាព។
តាមការសិក្សាអង្កេតថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារនៅកម្ពុជាក្នុងឆ្នាំ ២០១៣ បង្ហាញថាក្នុងចំណោមកុមារចំនួន ២ នាក់មានម្នាក់ទទួលរងយ៉ាងហោចណាស់មួយទម្រង់នៃអំពើហិង្សាមុនពេលពួកគេឈានដល់វ័យ ១៨ ឆ្នាំ។
ការសិក្សាបង្ហាញថា អំពើហិង្សាលើកុមារគឺជាបញ្ហាសកលដែលបង្កផលវិបាកធ្ងន់ធ្ងរស្ទើរពេញមួយជីវិតដល់សង្គមជាតិ។ អំពើហិង្សាលើកុមារបានធ្វើឱ្យកុមារ និងគ្រួសារទទួលរងនូវការឈឺចាប់ និងអាចបង្កផលវិបាករយៈពេលវែង ដូចជាការអភិវឌ្ឍរូបរាងកាយយឺត បញ្ហាឥរិយាបថ បញ្ហាសុខភាពផ្លូវកាយ និងបញ្ហាសុខភាពផ្លូវចិត្តជាដើម។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ថ្លែងថារាជរដ្ឋាភិបាលអាណត្តិទី ៦ បានដាក់បញ្ចូលបញ្ហាកុមារជាបញ្ហាអាទិភាពទៅក្នុងកម្មវិធីនយោបាយ។ ជាពិសេសយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាលក្នុងយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្ស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលសុទ្ធតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានលទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត។
លោកស្រីថ្លែងថា៖ «ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គឺតម្រូវឱ្យមានការទទួលខុសត្រូវរួមគ្នា និងការកៀរគរអ្នកពាក់ព័ន្ធទាំងអស់ និងសង្គមទាំងមូលគឺចាំបាច់បំផុតស្របទៅតាមបទដ្ឋានជាតិដែលមាន និងកំពុងដាក់ឱ្យអនុវត្តជាធរមានរួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរនោះទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់»។
លោកស្រីបញ្ជាក់ថាទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច «បញ្ហាអំពើហិង្សាលើកុមារ» នៅជាតែការប្រឈមសម្រាប់ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ។ លោកស្រីថាកម្ពុជាបានអង្កេតស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារនៅកម្ពុជាឆ្នាំ ២០១៣ ជាលទ្ធផលបង្ហាញថា កុមារជាង ៥០ ភាគរយ បានទទួលរងអំពើហិង្សាផ្លូវកាយ។ កុមារម្នាក់ក្នុងចំណោម ៤ នាក់បានទទួលរងអំពើហិង្សាផ្នែកផ្លូវចិត្ដ និងកុមារី-កុមារា ១ នាក់ក្នុងចំណោម ២០ នាក់ បានទទួលរងការរំលោភបំពានផ្លូវភេទ។
លោកស្រី គ្រីមៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាជំហានដ៏មានសារៈសំខាន់ ដើម្បីឆ្ពោះទៅសម្រេចសិទ្ធិរបស់កុមារកម្ពុជាគ្រប់រូប ដើម្បីឱ្យពួកគេអាចធំដឹងក្តីប្រកបដោយសុវត្ថិភាព និងទទួលបានការការពារ។
លោកស្រីថ្លែងថា៖ «គ្មានហេតុផលណាមួយនាំឱ្យពួកគេត្រូវប្រព្រឹត្តអំពើហិង្សាលើកុមារឡើយ ហើយអំពើហិង្សាលើកុមារគឺជាទង្វើដែលមិនត្រូវអត់ឱនឲ្យជាដាច់ខាត។ ការបញ្ចប់អំពើហិង្សាលើកុមារគឺជាសកម្មភាពដែលអាចធ្វើទៅបាន ហើយការបញ្ចប់អំពើហិង្សាលើកុមារគឺជាការទទួលខុសត្រូវរួមរបស់យើង»។
លោក ហូវើដ ថាយល័រ នាយកប្រតិបត្តិនៃភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារថ្លែងថានៅថ្ងៃនេះជាការចាប់ផ្ដើមភាពជាដៃគូថ្មីជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន រួមទាំងក្រុមការងារ និងបុគ្គលសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងរួមគ្នាក្នុងគោលដៅតែមួយ គឺយើងចង់បានសង្គមមួយដែលកុមារគ្រប់រូបចម្រើនពេញវ័យប្រកបដោយសុវត្ថិភាព និងសន្តិសុខ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺជាការវិនិយោគដ៏ឆ្លាតវៃទៅលើកុមារគ្រប់រូបនៅថ្ងៃនេះ ហើយវានឹងផ្តល់ត្រឡប់វិញនូវលទ្ធផលវិជ្ជមានជាច្រើនជំនាន់ទៅខាងមុខ»៕