ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រតិកម្មទៅនឹងការសម្រេចព្យួរ EBA ដោយគណៈកម្មការអឺរ៉ុបសម្រាប់ទំនិញនាំចូលទីផ្សារអឺរ៉ុបថា ជាការផ្ដើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្ដែងនៅកម្ពុជាដែលការព្យួរ ១ ភាគ ៥ នៃ EBA នេះនឹងធ្វើឲ្យកម្ពុជាត្រូវបង់ពន្ធលើមុខទំនិញ ៤០ មុខ ខណៈដែលទំនិញកម្ពុជាចំនួន ៩ ០០០ មុខផ្សេងទៀតនៅតែអាចបន្តនាំចេញទៅកាន់សហភាពអឺរ៉ុបដោយគ្មានបង់ពន្ធដូចធម្មតា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះអ្នកវិភាគយល់ថា ការព្យួរនេះនឹងមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ថមថយខ្លាំង ឬក៏ដួលរលំនោះទេ។
ប្រតិកម្មរបស់ក្រសួងការបរទេសធ្វើឡើង បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានសម្រេចព្យួរ ១ ភាគ ៥ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ» ពីកម្ពុជាចូលទីផ្សារអឺរ៉ុប ដែលមានទឹកប្រាក់សរុបប្រមាណជាង ១ ពាន់លានដុលា្លរក្នុង ១ ឆ្នាំដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមានលក្ខណៈជាប្រព័ន្ធ និងការមិនគោរពតាមអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិការងារ។
ក្រសួងការបរទេសថ្លែងថា ការយល់ឃើញថាកម្ពុជាមាន «ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ» នេះផ្ដើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្ដែងនៅកម្ពុជា ហើយការយល់ច្រឡំនេះត្រូវបានយកមកប្រើតាមទំនើងចិត្ត ដើម្បីចាប់ផ្ដើមនីតិវិធីដក។ ក្រសួងបន្តថា ការសម្រេចនេះត្រូវបានជំរុញដោយហេតុផលនយោបាយ គ្មានការពិចារណា ដោយកត្តាសត្យានុម័ត និងភាពមិនលម្អៀង។
ក្រសួងបន្តថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុបធ្វើឡើងដោយស្ដង់ដាទ្វេហើយពុំបានទទួលស្គាល់ និងគោរពមូលដ្ឋាននៃអធិបតេយ្យភាពកម្ពុជាដែលមិនមែនជាការផ្លាស់ប្ដូរដើម្បីអភិវឌ្ឍន៍។ ក្រសួងសរសេរថា៖ «រាជរដ្ឋាភិបាលប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការដោះស្រាយភាពខ្វះខាត លើបញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មាន បើទោះបីជាបញ្ហាទាំងនេះត្រូវគណៈកម្មការអឺរ៉ុបទទួលស្គាល់ថាមានវឌ្ឍនភាពជាក់លាក់ក៏ដោយ។ ទោះយ៉ាងណាក្រសួងបញ្ជាក់ច្បាស់ថា កម្ពុជាមិនអាចធ្វើតាមអឺរ៉ុបចំពោះកិច្ចការទាំងឡាយណាដែលពាក់ព័ន្ធនឹងច្បាប់ស្ថិតក្រោមយុត្តាធិការនៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។
«ទោះបីមានការសម្រេចរបស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មនេះក្ដី កម្ពុជានៅតែមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហពអឺរ៉ុបបន្ថែមទៀតដោយឈរលើស្មារតីនៃការគោរពការទទួលផលប្រយោជន៍ទៅវិញទៅមកជាមួយនឹងការបញ្ជាក់ជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ខ្លួន ក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់»។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានមួយថា មានទំនិញកម្ពុជាចំនួនតែ ៤០ មុខទេដែលត្រូវបានសហភាពអឺរ៉ុបគិតពន្ធ ខណៈដែលទំនិញកម្ពុជាចំនួន ៩០០០ មុខផ្សេងទៀតនៅតែអាចបន្តនាំចេញទៅកាន់សហភាពអឺរ៉ុបបានដូចធម្មតាដោយគ្មានការបង់ពន្ធ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានទទួលលិខិតមួយរបស់សហភាពអឺរ៉ុបតាមរយៈស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជាពាក់ព័ន្ធនឹងនីតិវិធីនៃការព្យួរបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មលិខិតរបស់សហភាពអឺរ៉ុបបញ្ជាក់ថា «សេចក្តីនៃលិខិតនេះបានគូសបញ្ជាក់អំពីទំនិញ ៤០ មុខនៃបន្ទាត់ពន្ធ ៦ ខ្ទង់ដែលផលិតនៅកម្ពុជា ហើយមានសមត្ថភាពប្រកួតប្រជែងដែលអ្នកនាំចេញរបស់កម្ពុជាមានលទ្ធភាពបង់ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនឹងនោះនៅសល់មុខទំនិញប្រមាណ ៩ ពាន់មុខទៀតនៅតែទទួលបានភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ក្នុងគោលបំណងបន្តជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរក្សាការងារ និងប្រភពចំណូលជូនដល់កម្មករ-កម្មការិនី និងក្រុមគ្រួសារ»។
បើតាមក្រសួងពាណិជ្ជកម្មតាមនីតិវិធីនៃបទប្បញ្ញត្តិស្តីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុបមុខទំនិញដែលបានស្នើសុំព្យួរសម្បទានពន្ធជាបណ្តោះអាសន្នចំនួន ៤០ មុខនឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបពិនិត្យលើទម្រង់ និងគតិច្បាប់ដែលត្រូវប្រើពេលប្រមាណ ២ ខែបន្តទៀតចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។ ក្នុងន័យនេះសភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្តីស្នើច្បាប់សុំព្យួរជាបណ្តោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់សភាអឺរ៉ុបអាចប្រើពេល ២ ខែបន្ថែមទៀតដើម្បីពិចារណា។
អ្នកវិភាគសេដ្ឋកិច្ចលោក ចាន់ សុផល បានថ្លែងថាកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន ២០% នៃទំនិញនាំចេញសរុបទៅសហគមន៍អឺរ៉ុបដោយ ៨០% ទៀតនៅរួចពន្ធដដែល។ តាមការវាយតម្លៃជាបឋមរបស់លោក ពន្ធលើទំនិញ ២០% នេះមានកម្រិតប្រហែល ១០០ លានដុល្លារក្នុង ១ ឆ្នាំ។ បរិមាណនេះមិនច្រើនពេកទេបើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។
លោកថា ការយកពន្ធនេះវាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងសរុប ហើយវាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ «វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ»។
លោកថ្លែងថា៖ «ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជាទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេជាបណ្តើរៗព្រោះថា ៥ ឆ្នាំទៀតគេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថា បានរីកចម្រើនឡើងផុតពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច»។
តំណាងរោងចក្រកាត់ដេរមួយដែលមានថៅកែជាជនជាតិចិនដែលថ្លែងសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ពីម្សិលមិញថា ការសម្រេចរបស់សហភាពអឺរ៉ុប អាចធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់រោងចក្រ ប៉ុន្តែថាផលប៉ះពាល់នោះមិនខ្លាំងប៉ុន្មានទេ ដោយសារតែរោងចក្របានត្រៀមខ្លួនរួចរាល់ហើយ។
តំណាងរោងចក្ររូបនេះថ្លែងថា៖ «អ៊ីចឹងបើប៉ះពាល់គឺប៉ះពាល់តិចតួច។ យើងនឹងនាំទៅអាមេរិក និងជប៉ុនវិញយើងឈប់នាំទៅអឺរ៉ុប។ តាមផែនការផលិតរបស់ខ្ញុំគឺភាគច្រើននាំទៅអាមេរិកចាប់តាំងពីគេនិយាយរឿង EBA ហ្នឹងមកគឺពួកយើងចាប់ផ្ដើមផ្ទេរទៅអាមេរិកវិញ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិយល់ឃើញថា ការសម្រេចព្យួរតែ ១ ភាគ ៥ នៃទំនិញកម្ពុជានាំចូលអឺរ៉ុបគឺជាកាយវិការយោគយល់របស់ EU ចំពោះកម្ពុជា។ «បើប៉ះពាល់ដល់កម្មករក៏មិនប៉ះពាល់ធ្ងន់ធ្ងរពេកដែរ។ ខ្ញុំមើលឃើញថា គេជ្រើសរើសយកតែម៉ាកយីហោខ្លះមិនទូទៅទេ។ ខ្ញុំគិតថាវាជាយុទ្ធសាស្ត្រជានយោបាយរបស់សហគមន៍អឺរ៉ុបគឺដូច្នេះហើយគឺគេមិនចង់ឲ្យប៉ះពាល់ដល់ជីវភាពអ្នកក្រីក្រធ្ងន់ធ្ងរពេកទេ។ បើយើងមិនផ្លាស់ប្ដូរនីតិវិធីទៅថ្ងៃក្រោយក៏គេនៅតែដាក់សម្ពាធបន្តបន្តិចម្ដងៗ។ ដូច្នេះគឺគេឲ្យយើងត្រៀមខ្លួនឯងទៅ»៕
វីដេអូ៖