ភ្នំពេញៈ ក្រសួងសុខាភិបាលបានដាក់ការរឹតបន្តឹងក្នុងការត្រួតពិនិត្យជើងហោះហើរផ្ទាល់ពីទីក្រុងវូហាន ប្រទេស ចិន ដែលជាកន្លែងផ្ទុះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ដំបូងបំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះមកកម្ពុជា ស្របពេលកម្ពុជានៅតែមិនទាន់មានតម្រុយនៃការឆ្លងជំងឺនេះនៅឡើយ។
ខណៈដែលប្រទេសនៅក្នុងតំបន់មួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងនោះ បានទទួលស្គាល់ថា ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) បានចម្លងមកដល់ប្រទេសពួកគេ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីម្សិលមិញបានរៀបចំធ្វើសន្និសីទសារព័ត៌មានលើប្រធានបទស្តីពី «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែលជាវាគ្មិនចូលរួមនៅក្នុងសន្និសីទនេះបានលើកឡើងថា កម្ពុជានៅតែពុំទាន់រកឃើញករណីជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះទេ។
លោកស្រីបន្តថា តាមរយៈកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក និងប្រទេសជាដៃគូក្នុងនោះក៏មានកម្ពុជាផងដែរបានប្រកាសថា ជំងឺនេះពិតជាមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែមិនទាន់មានការសិក្សាផ្លូវការណាមួយថា វាមានលក្ខណៈចម្លងខ្លាំងក្លារហូតដល់ប្រកាសអាសន្ននោះទេ។
លោកស្រីថ្លែងថា៖ «យើងបានរឹតបន្តឹងតាមច្រកអន្តរជាតិទាំង ៣ មានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុគឺដាក់ម៉ាស៊ីនត្រួតពិនិត្យ និងមានមន្ត្រីប្រចាំការក្នុងការត្រួតពិនិត្យអ្នកដំណើរដែលមានជើងហោះហើរ ជាពិសេសគឺសំដៅជើងហោះហើរដែលមកពីក្រុងវូហាន»។
ជាមួយនឹងប្រភពព័ត៌មានដែលក្រសួងសុខាភិបាលប្រើប្រាស់ជាផ្លូវការពីអង្គការសុខភាពពិភពលោក និងលេខាធិការអាស៊ានក្នុងវិស័យសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ករណីដែលបាត់បង់ជីវិតដោយសារជំងឺនេះ មិនមែនកើតឡើងដោយសារតែជំងឺរលាកសួតមួយមុខទេ។
ការសិក្សាបានរកឃើញថា ជំងឺរលាកសួតនេះកើតឡើងដោយសារតែកត្តាអ្នកជំងឺ មានជំងឺផ្សេងៗទៀតនៅក្នុងខ្លួនស្រាប់ដែលបង្កឲ្យប្រព័ន្ធការពារចុះខ្សោយងាយរងគ្រោះថ្នាក់ ហើយអ្នកដែលបាត់បង់ជីវិតទាំងនោះគឺសុទ្ធតែមានប្រវត្តិពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន។
លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា បើទោះជាមិនទាន់មានការប្រកាសអាសន្នក៏ក្រសួងសុខាភិបាលបានរៀបចំវិធានការទប់ស្កាត់ និងបន្តតាមដានបន្តទៀត ចំពោះបច្ចុប្បន្នភាពនៃជំងឺរលាកសួតប្រភេទថ្មីនេះ ខណៈអង្គការសុខភាពពិភពលោកបានប្រកាសចូលរួមជួយដល់កម្ពុជាផងដែរ។
លោកស្រីបន្ថែមថា៖ «ប្រសិនបើមានការសង្ស័យណាមួយកើតឡើងនៅកម្ពុជា គឺអង្គការសុខភាពពិភពលោក គេនឹងចូលរួមជាមួយយើងដោយមានការឯកភាពគ្នាហើយមានការបញ្ជាក់ថា បើក្នុងករណីណាមានការសង្ស័យ គាត់នឹងមកចូលរួមជាមួយយើង ជួយយើងក្នុងការពិនិត្យពិច័យ និងវាយតម្លៃឲ្យបានត្រឹមត្រូវ ចៀសវាងការខ្វះចន្លោះ»។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្នុង ១ សប្តាហ៍ មានជើងហោះហើរជាង ២០០ ជើង ដែលបានចុះចតនៅព្រលានយន្តហោះកម្ពុជា ហើយក្នុងនោះមានក្រុមហ៊ុនចិនចំនួន ២ ដែលបានហោះហើរផ្ទាល់ពីទីក្រុងវូហានមកកាន់កម្ពុជា។
លោកបន្តថា ជាមួយនឹងការរឹតបន្ដឹងនេះអាកាសចរស៊ីវិលបានយកចិត្តទុកដាក់ត្រួតពិនិត្យទាំងអស់មិនថាតែជើងហោះហើរពីវូហាននោះទេដើម្បីធានាថា ភ្ញៀវដែលបានមកដល់កម្ពុជាគឺមិនមានរោគសញ្ញាជំងឺរលាកសួតប្រភេទថ្មីនេះ។
លោកបន្ថែមថា៖ «យើងមានមិនច្រើនទេពីវូហាននេះដោយក្នុង ១ សប្តាហ៍មានចន្លោះពី ៥ ទៅ ៦ ជើងហោះហើរ។ ដូច្នេះមិនមានការលំបាកនោះទេ ក្នុងការត្រួតពិនិត្យ។ ព្រោះយើងដឹងថា វូហាន ជាចំណុចក្តៅ យើងប្រយ័ត្នខ្លាំង ហើយយើងប្រយ័ត្នលើជើងហោះហើរទាំងអស់មិនចាំបាច់តែវូហានទេ។ យើងបានដាក់ឧបករណ៍វាស់សីតុណ្ហភាពនៅតាមព្រលានយន្តហោះជាក់លាក់ហើយចាប់តាំងពីភ្ញៀវដើរចេញពីយន្តហោះមក ហើយបានត្រៀមបន្ទប់ដាច់ដោយឡែក ដោយមិនឲ្យមានការធ្វេសប្រហែសនោះទេ»។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលក្រសួងសុខាភិបាលបានទទួលជាផ្លូវការបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៣ មករាម្សិលមិញ នៅក្នុងប្រទេសចិនមានករណីឈឺដោយសារជំងឺរលាកសួតប្រភេទថ្មីសរុបចំនួន ៥៧១ ករណី ដែល ៩៥ ករណីស្ថិតក្នុងសភាពធ្ងន់ធ្ងរដែលក្នុងចំណោមនោះមានចំនួន ១៧ ករណីបានស្លាប់ ដោយសភាពធ្ងន់ធ្ងរនៃជំងឺ។
យ៉ាងណាក៏ដោយកាលពីថ្ងៃម្សិលមិញមានការចុះផ្សាយនៅក្នុងគេហទំព័រ Newscientist ដោយបានដកស្រង់សម្តីលោក Haitao Guo ដែលជាអ្នកសិក្សានៅសាកលវិទ្យាល័យ Pittsburgh ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយបានអះអាងថា ជំងឺរលាកសួតនេះត្រូវបានសង្ស័យថា មានប្រភពចម្លងមកកាន់មនុស្សតាមរយៈសត្វពស់។
ប៉ុន្តែលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំពោះព័ត៌មានទាំងនេះក្រសួងសុខាភិបាលនៅរង់ចាំការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកជាមុនសិន ដើម្បីអាចមានវិធានការជាបន្តទៀតក្នុងការធ្វើការទប់ស្កាត់៕