ភ្នំពេញៈ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នៃ​ក្រសួង​ការពារជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា​កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​វិស្វកម្ម​មួកខៀវ​ ២០៤ ​នាក់​ ទៅ​ចូលរួម​បំពេញ​បេសកកម្ម​រយៈពេល​ ១ ​ឆ្នាំ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ចុង​ខែ​តុលា​នេះ​។

មន្ត្រី​នាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អ្នកស្រី កុសល ម៉ាលីនដា ​ថ្លែងថា​ក្នុង​ចំណោម​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ​ទាំង​ ២០៤ ​នាក់​នោះ​មាន​ ១០ ​នាក់​ជា​ស្ត្រី​។ បេសកកម្ម​រយៈពេល​ ១ ​ឆ្នាំ​នេះ​ ពួកគេ​នឹង​ត្រូវ​ចូលរួម​ជាមួយ​កងកម្លាំង​រក្សា​សន្តិភាព​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ក្នុងការ​ស្ថាបនា​ផ្លូវ និង​ទីបញ្ជាការ​កងកម្លាំង​រក្សា​សន្តិភាព ព្រមទាំង​ការងារ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

អ្នកស្រី​បាន​បន្តថា​៖ «​យោងតាម​គម្រោង​ផែនការ​ដែល​យើង​ទទួល​បាន​នៅក្នុង​បេសកកម្ម​នេះ កងកម្លាំង​មួកខៀវ​របស់​យើង​នឹង​ត្រូវ​ឈរជើង​នៅក្នុង​ទីតាំង​ចំនួន​ ២ ក្នុង​នោះ​នៅ​ទីក្រុង​ប្រៀ​ (Bria) មាន​មួយ​ទីតាំង និង​នៅ​ទីក្រុង​បាំបារី (Bambari) ​មាន​មួយ​ទីតាំង​»​។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា គិត​ចាប់​តាំងពី​ឆ្នាំ​ ២០០៦ រហូត​ដល់​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន​ ៦ ៣០០ ​នាក់​។ ក្នុងនោះ​មាន​កម្លាំង​នារី​ជិត​ ៣០០ ​នាក់​ លើ​ជំនាញ​បោសសម្អាត​មីន វិស្វកម្ម​សំណង់​ផ្តេក-បញ្ឈរ តម្រួត​សណ្តាប់ធ្នាប់ មន្ទីរពេទ្យ​កម្រិត​ ២ វិស្វកម្ម​ព្រលាន​យន្តហោះ​ និង​កងកម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ចំនួន​ ១០ ​លើក ​ក្នុង​ប្រទេស​ចំនួន​ ៨ រួមមាន​ប្រទេស​ ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ ស៊ីរី ស៊ីប អាហ្វ្រិក​កណ្តាល លីបង់ និងប្រទេស​ ម៉ាលី​។

អ្នកស្រី​បន្ថែមថា​៖ «​បច្ចុប្បន្ន​កម្លាំង​មួកខៀវ​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម នៅ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​ចំនួន​ ៥ រួមមាន​ប្រទេស​ អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ូដង់​ខាងត្បូង និង​ប្រទេស ​ស៊ូដង់​ ដែល​មាន​កម្លាំង​ចំនួន​ជាង​ ៨០០ ​នាក់​ ក្នុង​នោះ​កម្លាំង​នារី​មាន​ជាង​​ ៦០ ​នាក់​»​។

បើ​តាម​អ្នកស្រី ម៉ាលីនដា ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចូល​ទៅក្នុង​បេសកកម្ម​នេះ​គឺ​បង្ហាញថា​កម្ពុជា​អនុវត្ត​បាន​ ១០០% តាម​អ្វី​ដែល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​សហប្រជាជាតិ ហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ពេញលេញ​។

កាលពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​លោកស្រី Paulin Tamesis អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថ្លែង​ថា​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ គឺជា​គំរូ​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ក្នុង​លក្ខណៈ​ពហុភាគី ហើយ​រដ្ឋាភិបាល​នៃ​សហគមន៍​អាស៊ាន​​ក៏​បាន​ផ្តល់​នូវ​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ផងដែរ​។

សមាជិក​អាស៊ាន​ទាំង​ ១០ ​ប្រទេស​ បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​សកម្មភាព​ដើម្បី​សន្តិភាព​នេះ​។ ជាពិសេស​ប្រទេស​កម្ពុជា​បាន​ទទួល​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។ ក្នុង​ចំណោម ១២២ ​ប្រទេស ​ដែល​បាន​បរិច្ឆាគ កងកម្លាំង​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ២៩​។

លោកស្រី Paulin Tamesis បាន​បញ្ជាក់​ថា​៖ «​ក្នុង​វិស័យ​រក្សា​សន្តិភាព រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​ក្នុង​គោលដៅ​ធានា​និរន្តរភាព​នៃ​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ដោយ​ប្តេជ្ញា​បន្ត​វិភាគទាន​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​ដទៃ​នៅលើ​សកលលោក​តាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ​»៕