សៀមរាបៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បានបង្ហាញ​ពី​ការអនុវត្ដ​ជោគជ័យ​នៃ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ក្នុង​វេទិកា​សកល​ស្ដីពី​អាហារូបត្ថម្ភ​កុមារ​លើក​ទី ២១ កាលពី​ថ្ងៃ​ចន្ទ​នៅ​ខេត្ដ​សៀមរាប​។

វេទិកា​សកល​ស្ដីពី​អាហារូបត្ថម្ភ​កុមារ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​សៀមរាប​រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៦ ខែ​​ ធ្នូ ឆ្នាំ​ ២០១៩ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​សហការ​ជាមួយ Global Child Nutrition Foundation (GCNF) និង World Food Programme Centre of Excellence against Hunger (WFPCoE)​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដែល​ចេញ​នៅក្នុង​វេទិកា​កាលពី​ថ្ងៃទី ២ ខែ​ធ្នូ បាន​ឲ្យ​ដឹងថា កម្មវិធី​ផ្តល់​អាហារ​នៅតាម​សាលារៀន គឺជា​ការផ្តល់​លាភការ​ជា​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​អប់រំ អាហារូបត្ថម្ភ និង​សុខភាព​ដល់​កុមារ​នៅតាម​សាលារៀន​។

ក្រសួង​អប់រំ​បន្តថា​៖ «​ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩ ដោយមាន​ការគាំទ្រ​ពី​សំណាក់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍ​មួយ​ចំនួន​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​ត្រូវ​បាន​អនុវត្ត​នៅតាម​សាលា​បឋមសិក្សា​ចំនួន ១១៦៧ នៅក្នុង​ខេត្ត​ចំនួន ៨ និង​មាន​កុមារ​ចំនួន ២៦ ​ម៉ឺន​នាក់​បាន​ទទួល​របប​អាហារ​ពេលព្រឹក កុមារ​ប្រមាណ​ ៨ ​ពាន់​នាក់​ ទទួល​របប​អាហារូបករណ៍​ជា​ស្បៀង និង​ប្រមាណ​ ៥ ​ម៉ឺន​នាក់​ទៀត​ ទទួល​របបអាហារ​ពេលព្រឹក​ដែល​ប្រើប្រាស់​កសិផល​សហគមន៍​»​។

បើតាម​ក្រសួង​អប់រំ​នៅ​ឆ្នាំ​ ២០១៩ ដោយ​ទទួលបាន​ថវិកា​បន្ថែម​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា កម្មវិធី​ផ្តល់​អាហារ​នៅ​សាលា​នឹង​ពង្រីក​វិសាលភាព​នៅតាម​ខេត្ត​ចំនួន​ ៦ ​បន្ថែមទៀត​ដែល​គ្របដណ្តប់​បន្ថែម​លើ​សាលា​បឋមសិក្សា​ចំនួន​ ២០៥ និង​មាន​កុមារ​ប្រមាណ ៥ ​ម៉ឺន​នាក់​បាន​ទទួលផល​។

ការបង្កើន​វិសាលភាព​កម្មវិធី​ផ្ដល់​អាហារ​នៅ​សាលារៀន​នេះ​ធ្វើឱ្យ​បរិមាណ​អង្ករ​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​នឹង​កើន​ដល់​ជិត ៨ ​ពាន់​តោន​ ដែល​ក្នុងនោះ​អង្ករ​ជាង ២ ៥០០ ​តោន និង​បន្លែ​ជិត ៨០០ ​តោន​ នឹង​ត្រូវ​ទិញ​ដោយផ្ទាល់​ពី​សហគមន៍​។

ក្រសួង​បញ្ជាក់ថា កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​ជា​អាទិភាព​ដ៏ចម្បង​ដូច​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ ២០១៩-២០២៣ និង​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​កិច្ច​គាំពារ​សង្គម​ព្រមទាំង​ជា​មូលដ្ឋាន​នៃ​ការកសាង​មូលធន​មនុស្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុង​វេទិកា​នេះ​ថា ប្រទេស​កម្ពុជា​បាន​បង្កើត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​មិន​ត្រឹមតែ​ជាការ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ការលើកកម្ពស់​ថែរក្សា និង​ការអភិវឌ្ឍ​សង្គម​នៃ​ធនធាន​មនុស្ស និង​ស្រប​តាម​គោលការណ៍​នៃ​ការអភិវឌ្ឍ​សហស្សវត្ស៍​។

លោក​ថ្លែងថា​៖ «​កម្មវិធី​នេះ​បាន​លើក​ទឹកចិត្ដ​ដល់​មាតាបិតា អាណាព្យាបាល​កុមារ​នៅក្នុង​សហគមន៍​ក្នុង​ការចូលរួម​ជាមួយ​សាលារៀន​ក្នុង​សហគមន៍​ពួកគេ​»​។

លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​វេទិកា​នេះដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ចាត់ទុក​អាហារូបត្ថម្ភ​ជា​កិច្ចការ​សំខាន់​សម្រាប់​ការលូតលាស់​របស់​មនុស្ស​ជាពិសេស​សម្រាប់​កុមារ​អាយុ ១ ០០០ ថ្ងៃ​ដំបូង (​អាយុ​ ៣ ​ឆ្នាំ​) ដើម្បី​ឱ្យ​ពួកគេ​មាន​ការរីកលូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ផ្នែក​បញ្ញា​។ រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​លុបបំបាត់ អត្រា​ក្រិន​របស់​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​ត្រឹម​ឆ្នាំ​ ២០៣០​។

លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​នឹង​វិនិយោគ​បន្ថែមទៀត ដើម្បី​ពង្រីក​ការអប់រំ​ជា​មូលដ្ឋាន​កែលម្អ​វិស័យ​សុខាភិបាល កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក បង្កើន​អាហារូបត្ថម្ភ និង​ការគាំពារ​សង្គម និង​ការងារ​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​ផលិតភាព​ខ្ពស់​»​។

លោកស្រី Francesca Erdelmann នាយិកា​ប្រចាំ​ប្រទេស​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ឲ្យ​ដឹងថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ចាប់ផ្ដើម​គម្រោង កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​តាមរយៈ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលា​ (School feeding program) ​តាំងពី​ឆ្នាំ ១៩៩៩ និង​កម្មវិធី​ទិញ​កសិផល​ពី​​សហគមន៍ ដើម្បី​ធ្វើ​អាហារ​ដល់​កុមារ​នៅ​សាលា​តាំងពី​ឆ្នាំ​ ២០១៤ រហូតដល់​បច្ចុប្បន្ន​ដែល​បានផ្ដល់​អាហារ​ដល់​សាលា​មត្ដេយ្យ និង​បឋមសិក្សា​ជាង ១ ​ពាន់​សាលារៀន​។

លោកស្រី​ថ្លែងថា​៖ «​តាមរយៈ​កម្មវិធី​ផ្ដល់​អាហារ​ដល់​កុមារ​នៅតាម​សាលារៀន​នេះ​គឺ​បាន​ធ្វើឲ្យ​កុមារ​ចូល​សិក្សា​បាន​ច្រើន​ជាង​មុន និង​មាន​សុខភាព​ល្អ ហើយ​ការសិក្សា​ក៏មាន​លទ្ធផល​ល្អប្រសើរ​ជាង​មុន​ផងដែរ​។ ចំពោះ​កម្មវិធី​ទិញ​កសិផល​ពី​សហគមន៍​ដើម្បី​យកមក​ធ្វើ​អាហារ​ដល់​កុមារ យើង​បាន​ផ្សារភ្ជាប់​រវាង​ពលរដ្ឋ​ដែល​រស់នៅ​សហគមន៍​ទៅ​នឹង​កម្មវិធី​ផ្ដល់​អាហារ​នៅ​សាលារៀន​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មាន​មុខរបរ​ដាំដុះ​បន្លែ​យក​មក​លក់​ឲ្យ​សាលា​ដើម្បី​ចម្អិន​ឲ្យ​កុមារ​បរិភោគ​នៅពេល​ព្រឹក និង​ថ្ងៃត្រង់​»​។

លោកស្រី Valerie Guarnieri, ជំនួយការ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ថ្លែងថា សុខភាព និង​ការបំបៅដោះ​កូន​មាន​ភាព​ល្អប្រសើរ​ជាង​មុន​។ កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ប្រមាណ ៧២ ​លាន​នាក់​​ ក្នុង​ពិភពលោក​បាន​ទៅ​សាលា​ក្នុងនោះ​មាន​ ១០ ​លាន​នាក់​ គឺជា​កុមារ​នៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ី​។

លោកស្រី​ថ្លែងថា​៖ «​វេទិកា​នេះ​ពិតជា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការចូលរួម​របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការផ្ដល់​អាហារ​ដល់​កុមារ​តាម​សាលារៀន ដល់​ប្រទេស​ពួកគេ និង​ពិភពលោក​ផងដែរ​»៕