ភ្នំពេញៈ កម្ពុជាបានបដិសេធសំណើរបស់វៀតណាមដែលបានស្នើឱ្យជួយផ្ដល់សញ្ជាតិកម្ពុជាដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្នុងតំបន់ត្រីកោណកម្ពុជាមានដូចជា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះជាអ្វីដែលមន្ត្រីកម្ពុជាថាជាការអនុវត្តតាមច្បាប់ និងដើម្បីកុំឱ្យមានការវាយប្រហារពីសំណាក់អ្នកនយោបាយប្រឆាំង ខណៈអ្នកវិភាគថាជារឿងត្រឹមត្រូវ។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា នៅសន្និសីទលើកទី៧ របស់គណៈកម្មាធិការបរទេសនៃប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីតួនាទីរបស់សភាក្នុងការជំរុញ និងអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណដែលធ្វើឡើងកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហានៅទីក្រុងខ្វាងនិញ ប្រទេសវៀតណាមគឺភាគីទាំង ៣ បានជជែកគ្នាយ៉ាងតានតឹងលើប្រធានបទមួយចំនួនដូចជា បញ្ហាពាណិជ្ជកម្ម និងវិនិយោគ បញ្ហាព្រំដែន បញ្ហាគ្រឿងញៀន បញ្ហានាំចូលឈើខុសច្បាប់ និងបញ្ហាពលរដ្ឋវៀតណាមរស់នៅកម្ពុជា។
លោកបន្តថាសន្និសីទនោះគឺវៀតណាមបានស្នើឲ្យកម្ពុជាជួយផ្ដល់សញ្ជាតិដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ប៉ុន្តែលោកបានឆ្លើយតបថាកម្ពុជាមិនអាចធ្វើតាមបានឡើយ ព្រោះកម្ពុជាចាំបាច់ត្រូវការពារផលប្រយោជន៍ខ្លួន។
លោកថា៖ «វៀតណាមបានស្នើយើងពីរឿងប្រជាពលរដ្ឋវៀតណាមដែលមករស់នៅតំបន់ហ្នឹងយូរមកហើយ ម៉េចក៏យើងមិនផ្ដល់សញ្ជាតិឱ្យអ៊ីចឹង។ ខ្ញុំ និងគណៈប្រតិភូយើងបានឆ្លើយតបយ៉ាងច្បាស់លាស់អំពីរឿងនេះថា យើងមានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ទម្លាប់ទាំងនោះរួមមានច្បាប់សញ្ជាតិផង និងច្បាប់អន្តោប្រវេសន៍ផង។ យើងមិនអាចឱ្យសញ្ជាតិដោយស្វ័យប្រវត្តិចំពោះបងប្អូនវៀតណាមដែលមករស់នៅខុសច្បាប់នៅក្នុងប្រទេសយើងបានទេ» ។
លោកបន្ថែមថា៖ «រឿងទឹកដីក៏ដូចជា រឿងសញ្ជាតិដែរ ភាគីណាមួយហ៊ានតែលះអាហ្នឹង សត្រូវនយោបាយ គេចោទប្រកាន់យើងថាក្បត់ជាតិ សំខាន់ណាស់យើងមិនអាចបណ្ដោយបានទេ អ៊ីចឹងហើយជំហររបស់រដ្ឋាភិបាលគឺការពារដាច់ខាតមិនឱ្យរបេះទឹកដីទៅឱ្យគេទេ ហើយសញ្ជាតិហ្នឹង ក៏មិនចេះតែឱ្យ និងឱ្យគេបំពានយកស្រេចតែចិត្តបានដែរ»។
កាលពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភាគឺនៅពេលលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាទៅទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីគីមងិន ក៏ធ្លាប់ស្នើសុំឱ្យកម្ពុជាយកចិត្តទុកដាក់បន្ថែមទៀតចំពោះពលរដ្ឋវៀតណាមដែលត្រូវអាជ្ញាធរកម្ពុជាជម្លៀសចេញពីទន្លេសាប និងឲ្យជួយសម្រួលផ្ដល់ឯកសារស្របច្បាប់ដល់ពួកគេដែរ។
ទោះជាយ៉ាងណាលោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់កាលពីម្សិលមិញថា កម្ពុជាមានជនអន្តោប្រវេសន៍ស្របច្បាប់ជាង ៨ ម៉ឺននាក់ក្នុងនោះមានពលរដ្ឋវៀតណាមប្រហែល ៩០%។ លោកថាចំពោះជនអន្តោប្រវេសន៍ដែលរស់នៅកម្ពុជាខុសច្បាប់នឹងត្រូវបណ្ដេញចេញភ្លាម ប្រសិនបើអាជ្ញាធរស៊ើបដឹង។
លោកថា៖ «អន្តោប្រវេសន៍ខុសច្បាប់អត់មានទេ (នៅកម្ពុជា) តែខុសមួយដេញមួយហើយ»។
លោក តុប នេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកឡើងដែរថា ចាប់ពីឆ្នាំ ១៩៩៩ មក គឺមានជនបរទេសជិត ២ ពាន់នាក់ហើយ ត្រូវបានផ្ដល់សញ្ជាតិកម្ពុជា ប៉ុន្តែលោកមិនច្បាស់អំពីតួលេខរបស់ពលរដ្ឋវៀតណាមដែលទទួលបានសញ្ជាតិកម្ពុជាទេ។
លោកបន្តថាជនបរទេសដែលអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិបាន គឺទាល់តែមានលក្ខខណ្ឌដូចជា មានប្ដី ឬប្រពន្ធជាជនជាតិខ្មែរ និងត្រូវរស់នៅជាមួយគ្នាយ៉ាងតិច ៣ ឆ្នាំហើយត្រូវរស់នៅកម្ពុជាចាប់ពី ១២ ខែឡើង ជនបរទេសដែលរស់នៅកម្ពុជាស្របច្បាប់រយៈពេល ៧ ឆ្នាំជាប់គ្នា ជនបរទេសដែលវិនិយោគចាប់ពីទឹកប្រាក់ប្រហែល ១ លានដុល្លារ និងស្នាក់នៅកម្ពុជាយ៉ាងតិច ១២ ខែ និងជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ចាប់ពី ៣ លានដុល្លារឡើងទៅ។
លោកថា៖ «ច្បាប់ស្ដីពីចូលសញ្ជាតិរបស់យើងគឺមានលក្ខណៈតឹងតែងគួរសម ហើយមានការរឹតត្បិតក្នុងការចូលសញ្ជាតិ។ យើងគិតមើល ប្រសិនបើជនបរទេសស្នាក់នៅជាប់រយៈពេល ៧ ឆ្នាំទើបអាចមានសិទ្ធិដាក់ពាក្យ ហើយត្រូវរស់នៅស្របច្បាប់ទៅទៀត ហើយប្រសិនបើមិនរស់នៅស្របច្បាប់ទេ គាត់ក៏អត់ទទួលបានការពិនិត្យ និងពិចារណាក្នុងការផ្ដល់សញ្ជាតិជាខ្មែរដែរ»។
លោក មាស នី អ្នកវិភាគនយោបាយបានថ្លែងថាប្រសិនបើវៀតណាមពិតជាបានស្នើសុំឱ្យកម្ពុជាផ្ដល់សញ្ជាតិឱ្យពលរដ្ឋវៀតណាមមែននោះគឺជាការប៉ុនប៉ងរំលោភលើដែនអធិបតេយ្យកម្ពុជា និងប្រហែលជាវៀតណាមគិតថា កម្ពុជាគឺជាប្រទេសរណបខ្លួន។ លោកបន្តថាប្រសិនបើកម្ពុជាធ្វើតាមការស្នើសុំរបស់វៀតណាមគឺកម្ពុជានឹងត្រូវបាត់បង់អធិបតេយ្យ។
លោកថា៖ «ការបដិសេធរបស់រដ្ឋាភិបាលគឺត្រឹមត្រូវ ហើយប្រសិនបើហ៊ានទទួលយល់ព្រមជាមួយគេ អាហ្នឹងបានន័យថាលក់អធិបតេយ្យ និងជាប្រទេសរណបរបស់វៀតណាម»។
កាលពីម្សិលមិញភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានទេ ដោយសារមិនមានអ្នកទទួលទូរស័ព្ទ៕
វីដេអូ៖