ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៣ រូបដែលថា សវនាការ លោក កឹម សុខា «មិនមានគុណភាពដែលអាចទទួលយកបាន»។
ប្រតិកម្មរបស់ស្ថាប័នទាំង ២ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងអ្នកជំនាញ ២ រូបទៀត រួមមានលោក David Kaye អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកការការពារ និងលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងលោក Diego García-Sayán អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកឯករាជភាពនៃចៅក្រម និងមេធាវីបានចេញសេចក្ដីថ្លែងការណ៍ពីថ្ងៃសុក្រ បន្ទាប់ពីសវនាការសំណុំរឿងក្បត់ជាតិលើលោក កឹម សុខា បានប្រព្រឹត្តទៅអស់រយៈពេល ២ ថ្ងៃ។
ស្ថាប័នផ្នែកការទូតកម្ពុជាទាំង ២ បានថ្លែងថា ខ្លួនត្រូវបានរំខាន និងសូមច្រានចោលនូវការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសទាំង ៣ រូបហើយថា សេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសធ្វើឡើងក្រោមហេតុផលនយោបាយ និងមានបំណងបំភ័ន្តសាធារណជន។
កាលពីថ្ងៃសុក្រ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៣ រូបបានថ្លែងថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់រហូតដល់ការជំនុំជម្រះក្តីលើលោក កឹម សុខា គ្របដណ្តប់ដោយភាពមិនប្រក្រតីហើយធ្វើឲ្យសំណុំរឿងនេះមិនមានគុណភាព និងមិនគោរពតាមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា។ សេចក្ដីថ្លែងការណ៍បន្តថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយគ្មានដីកាដោយមិនគោរពទៅលើអភ័យឯកសិទ្ធិសភារបស់លោកមិនមានវត្តមានមេធាវីនៅដំណាក់កាលដំបូង ហើយការឃុំខ្លួនត្រូវបានធ្វើឡើងលើសរយៈពេល ១៨ ខែ។
សេចក្ដីថ្លែងការណ៍ដដែលសរសេរថា៖ «យើងមានមូលដ្ឋានរឹងមាំក្នុងការជឿជាក់ថា បទចោទ «ក្បត់ជាតិ» លើលោក កឹម សុខា គឺជារឿងនយោបាយ និងបង្កើតជាផ្នែកមួយនៃការអនុវត្តមិនត្រឹមត្រូវនៃច្បាប់ ដើម្បីផ្ដោតគោលដៅលើអ្នកប្រឆាំងផ្នែកនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល»។
សេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសបានថ្លែងថា៖ «ក្រុមអ្នកជំនាញអំពាវនាវម្តងហើយម្តងទៀតដល់អាជ្ញាធរធានាឲ្យមានយុត្តិធម៌សម្រាប់លោក សុខា ដកចេញជាបន្ទាន់នូវលក្ខខណ្ឌធានានៅក្រៅឃុំដែលមានការរឹតត្បិត ផ្តល់សិទ្ធិនយោបាយរបស់លោកឡើងវិញ និងធានាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត»។
អ្នករាយការណ៍ពិសេសក៏បានលើកឡើងពីការធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់លោក កឹម សុខា ដោយសារតែការថ្លែងរបស់មន្ត្រីជាន់ខ្ពស់មួយចំនួន និងការដែលសាធារណជនមិនអាចចូលរួមស្ដាប់សវនាការបាន។
ក្រសួងការបរទេសបានសរសេរថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះការប្រព្រឹត្តមិនស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលាការ និងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ»។
ក្រសួងបន្តថា បុគ្គលបំពានច្បាប់ត្រូវរងការកាត់ទោសដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំង ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពទេ។ ហេតុផលបុគ្គល ឬនយោបាយមិនអាចប្រើប្រាស់ជាទឡ្ហីករណ៍សម្រាប់ការប្រពឹត្តបទល្មើសទ្បើយ។
ក្រសួងក៏បានបញ្ជាក់ដែរថា លោក សុខា មិនត្រូវបានឃុំខ្លួនលើសរយៈពេលកំណត់ ១៨ ខែទេ ពោលគឺលោកត្រូវបានដោះលែងកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ ក្រោមការត្រួតពិនិត្យរបស់តុលាការដោយមានលក្ខខណ្ឌជាក់លាក់ ហើយការដោះលែងនោះក៏មិនមែនជាការឃុំឃាំងក្នុងផ្ទះឡើយ។ ពាក់ព័ន្ធនឹងការចូលរួមក្នុងសវនាការលោក កឹម សុខា ពីសំណាក់សាធារណជនក្រសួងលើកឡើងថា វាជាឆន្ទានុសិទ្ធិរបស់តុលាការដោយពិចារណាលើកន្លែងទំនេរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការចេញសេចក្ដីថ្លែងការណ៍របស់អ្នកស្រី ស្ម៊ីត និងអ្នករាយការណ៍ពិសេសផ្សេងទៀតនោះគឺជាសិទ្ធិរបស់ពួកគេក្នុងការធ្វើសេចក្ដីថ្លែងការណ៍ពីមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែវាជ្រៀតជ្រែកទៅដល់ដំណើរក្ដីដល់តុលាការនៃរដ្ឋអធិបតេយ្យមួយ។
លោកថ្លែងថា៖ «អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ១ ឆ្នាំមាន ៣៦៥ ថ្ងៃគាត់មកស្រុកខ្មែរ ៤-១០ ថ្ងៃ តើគាត់អាចរាយការណ៍ពីស្ថានភាពជាក់ស្ដែងកម្រិតណា អាហ្នឹងយើងត្រូវសួរទៅគាត់វិញ។ ខ្ញុំមើលទៅគាត់រាយការណ៍មានភាពលម្អៀងក្នុងការធ្វើរបាយការណ៍ជុំវិញបញ្ហាសិទ្ធិមនុស្ស និងបញ្ហានយោបាយនៅកម្ពុជា។ ដូច្នេះគាត់គួរតែគោរពលើអធិបតេយ្យនៃរដ្ឋមួយទៀត»៕