ភ្នំពេញៈ រាជរដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​ ១៥ ខែ ​តុលា ម្សិលមិញ​បាន​នាំគ្នា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបរមរតន​កោដ្ឋ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ គម្រប់​ខួប​ ៧ ​ឆ្នាំ ​នៃ​ការសោយ​ទិវង្គត​របស់​ព្រះអង្គ​ ខណៈ​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ បាន​ប្រទាន​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ១ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១២ ​ដែល​បាន​រៀបរាប់​អំពី​អាការ​របស់​ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ មុន​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​ឲ្យ​ប្រជារាស្ត្រ​បាន​ជ្រាប​។

នៅក្នុង​ព្រះរាជសារ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​ហ្វេសប៊ុក Royal du Cambodge កាលពី​ថ្ងៃ​ទី​ ១៣ តុលា​ឆ្នាំនេះ ​សម្តេចព្រះ​មហាក្សត្រី​បាន​រៀបរាប់​ថា​នៅ​យប់​ថ្ងៃទី​ ១៤ ខែ​ តុលា ឆ្នាំ​ ២០១២ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ ព្រះអង្គ ចាប់ផ្តើម​ចាប់​ចុក​ព្រះឱរា​ព្រះហទយៈ​ (​បេះដូង​)​។ ភ្លាមៗ​ជាបន្ទាន់​នោះ​សម្តេច​ព្រះមហាក្សត្រី​ព្រម​ទាំង​កូនចៅ​ចាំ​គាល់​បម្រើ​ហ្លួង​នៅ​ក្រុង​ប៉េកាំង​បាន​យាង​សម្តេចឪ​ចាកចេញ​ពី​ព្រះរាជដំណាក់​ទីក្រុង​ប៉េកាំង​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់ ។

នៅក្នុង​ព្រះរាជសារ​នោះ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​រៀបរាប់​​អំពី​ព្រះរាជ​សកម្មភាព ចុងក្រោយ​បំផុត​នៃ​ព្រះជន្ម​ព្រះបរម​រតនកោដ្ឋ​ថា នៅក្នុង​មន្ទីរពេទ្យ​សម្តេច​​ម៉ែ ទ្រង់​បាន​ទូរស័ព្ទ​មក​កាន់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គង់ប្រថាប់​នៅឯ​រាជធានី​ភ្នំពេញ​ដើម្បី​ទូលថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ឲ្យ​ទ្រង់​​បាន​ជ្រាប​ពី​អាការ​ប្រឈួន​ព្រះវររាជបិតា​ទ្រង់ ហើយ​សម្តេច​ម៉ែ​ក៏​បាន​យក​ទូរស័ព្ទ​នោះ​ទៅ​​ថ្វាយ​ព្រះករុណា​ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា​ជាតិខ្មែរ​​ទ្រង់​ព្រះ​សណ្តាប់​។ ​ក្រោយពី​ព្រះសណ្តាប់​ព្រះរាជបន្ទូល​របស់​​ព្រះរាជបុត្រ​ហើយ​ព្រះអង្គ​ញញឹម​ និង​មាន​ព្រះរាជឱង្ការ​ ២-៣ ​ព្រះឱស្ឋ ដោយសារ​តែ​ព្រះអង្គ​ប្រឈួន​ខ្លាំង ។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​កំពុង​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស​អឺរ៉ុប​កណ្ដាល​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ «​ទឹក​» ​លើក​​ទី​ ៣ ​នៅ​ប្រទេស ​ហុងគ្រី ​ដែល​​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ១៥ ​ខែ​តុលា ​ម្សិលមិញ​ដែរនោះ ក៏​បាន​បង្ហោះ​សារ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​គម្រប់​ខួប​ ៧ ​ឆ្នាំ​ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្តេច នរោត្តម សីហនុ ផង​ដែរ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​​ផ្ទាល់​ខ្លួន​របស់​លោក​។

មន្ត្រី​កម្ពុជា​ក្នុង​ពេល​យក​កម្រង​ផ្កា​ទៅ​ដាក់​នៅ​ស្ដូប​រូបសំណាក​ព្រះបរមរតនកោដ្ឋ​ពី​ម្សិលមិញ​។ហេង ជីវ័ន

ដោយ​បាន​បង្ហាញ​អំពី​ការគោរព​ដឹងគុណ​ដ៏ខ្ពង់ខ្ពស់​បំផុត​​ថ្វាយ​ចំពោះ​ព្រះបរមរតនកោដ្ឋ​​លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «​ទោះបី​ព្រះអង្គ​បាន​​សោយ​ទិវង្គត​ទៅ​ហើយ​ក្តី ក៏​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​នៅ​ចងចាំ​ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ដ៏ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះអង្គ​។ ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ចំពោះ​ស្នាព្រះហស្ត​ព្រះអង្គ​ក្នុងការ​ទាមទារ​​ឯករាជ្យ​ជាតិ​ពី​បារាំង​នៅ​ថ្ងៃទី​ ៩ ខែ ​វិច្ឆិកា ឆ្នាំ​ ១៩៥៣ ដែល​បាន​​ធ្វើ​ឲ្យ​កម្ពុជា​ងើប​មុខ​មាត់​រីកចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​​ដល់​សព្វថ្ងៃ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះបរមរតនកោដ្ឋ​ដើម្បី​ផ្តល់​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ និង​​សម្តេចម៉ែ​ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏ត្រជាក់​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​។

ព្រះករុណា ព្រះបាទ​សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​បាន​ប្រសូត​នៅ​ថ្ងៃទី​ ៣១ ខែ​ តុលា ឆ្នាំ​ ១៩២២ និង​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​ ១៥ ខែ​តុលា ឆ្នាំ​ ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ក្នុង​ព្រះជន្មាយុ ៩០ ​ព្រះវស្សា​។

អតីតព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ គឺជា​ឥស្សរជន​លេចធ្លោ​បំផុត​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ក្នុង​រយៈពេល​ប្រមាណ​ជា​ ៧ ​ទសវត្សរ៍​កន្លងទៅ​។ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់​គ្រង​រាជបល្ល័ង្ក​​រហូត​ដល់​ទៅ​ ២ ​លើក​ហើយ​បាន​ដាក់​រាជ្យ​ ២ ​លើក​។ ​

ទ្រង់​គឺ ជា​តួអង្គ និង​ជា​សាក្សី​ដ៏ចម្បង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប​​រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូត​ដល់​យុគសម័យ​សន្តិភាព ការផ្សះផ្សា​ជាតិ និង​ការបង្កើត​របប រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅក្នុង​ទសវត្សរ៍​ទី​ ៩០​។ ស្នា​ព្រះហស្ត​របស់​ព្រះបរមរតនកោដ្ឋ ដែល​គេ​មិន​អាច​បំភ្លេច​បាន​មួយទៀត​គឺ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​។

កាលពី​ចុងខែ​តុលា​ឆ្នាំ​ ២០១១ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​យាង​ចូល​ ៩០ ​ព្រះវស្សា​របស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ទៅ​កាន់​ជនរួមជាតិ​របស់​ព្រះអង្គ​ថា​៖ «​យើង​មិន​ចង់​ធ្វើ​មហាអំណាច​ទេ តែ​ចង់​ឲ្យ​ពិភពលោក​ដឹងថា​យើង​រួមគ្នា​»​។

សម្រាប់​ព្រះបរមរតនកោដ្ឋ ព្រះអង្គ​ចង់តែ​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ដឹង​អំពី​ការរួបរួម​គ្នា​នៃ​ប្រជាជាតិ​ខ្មែរ ហើយ​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​បញ្ជាក់​ថា​៖ «​សាមគ្គី​ជា​កម្លាំង​»៕