មណ្ឌលគិរីៈ ស្រប​ពេលដែល​ទិវា​ពិភពលោក​ជំងឺ​គ្រុន​ចាញ់​ត្រូវ​ធ្វើ​ឡើង​ថ្ងៃ​ទី ២៥ ខែ​ មេសា ខាងមុខ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ជំងឺ​គ្រុន​ចាញ់​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ដល់​ពលរដ្ឋ ក្នុង​បំណង​ចូលរួម​លុប​បំបាត់​ជំងឺ​នេះ​ឲ្យ​អស់​ក្នុង​ឆ្នាំ ២០២៥។

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​បុ​ស្តិ៍​កាល​ពី​ម្សិលមិញ​ថា ការ​ប្រារព្ធ​ពិធី​នេះ​ធ្វើ​ឡើង​ដោយ​ផ្តោត​លើ​ប្រធាន​បទ “គ្មាន​ជំងឺ​គ្រុន​ចាញ់​ផ្តើម​ចេញ​ពី​ខ្ញុំ” ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ជូន​ដល់​ពលរដ្ឋ​លើ​កិច្ចការពារ ការ​រួមគ្នា​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់។

លោកស្រី បាន​បញ្ជាក់ថា៖ «ជំរុញ​ធ្វើ​ម៉េច​ឱ្យ​បុគ្គល​គ្រប់រូបជាពិសេស​គឺ​ប្រជាជន​ចល័ត ដែល​គាត់​បំ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ប្រក​បរបរ​ផ្សេងៗ​ឱ្យ​គាត់​កាន់​តែ​យល់​ដឹង ឱ្យ​គាត់​ចូលរួម​ក្នុង​នាម​បុគ្គល ផ្តើម​ចេញ​ពី​បុគ្គល​ក្នុង​កិច្ច​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ហើយ​ឱ្យ​បុគ្គល​នីមួយៗ​ហ្នឹង​ចេះ​ជួយ​គ្នាទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​គាត់​ធ្វើដំណើរ​ទៅណា​មក​ណា​ហ្នឹង ឱ្យ​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ សម្រាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​នូវ​ជំងឺ​គ្រុន​ចាញ់»។

លោកស្រី លើកឡើងថា ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​គឺ​ត្រូវ​ផ្តើម​ចេញ​ពី​បុគ្គល ហើយ​ប្រសិន​បើ​ពួកគាត់​ធ្វើ​តេស្ត​ទៅ​ឃើញ​មេរោគ​គឺ​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​ជា​បន្ទាន់ដើម្បី​កុំឱ្យ​ស្លាប់ និង​កុំឱ្យ​មេរោគ​បន្ត​នៅ​ក្នុង​ខ្លួន។

បើតាម​សេចក្ដីប្រកាស​រួមគ្នា​របស់​ក្រសួងសុខាភិបាល និង WHO កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មេសា​បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​នេះ​មាន​ការ​ចូលរួម​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​គាំទ្រ និង​តាំង​ចិត្ត​ផ្នែក​នយោបាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ឱ្យបាន​ជោគជ័យ ខណៈ​នៅ​ស្រុក​កោះ​ញែក​កំពុង​មាន​ជំងឺ​គ្រុន​ចាញ់​ខ្ពស់​នៅ​ឡើយ។

តាម​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា៖ «យើង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​សហគមន៍​ដើម្បី​ចូលរួម​ជំរុញ​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់។យើង​ធ្វើការ​ជួប​ជុំគ្នា​នៅ​ស្រុក​កោះ​ញែក​នាពេល​នេះ​ជាការ​ត្រឹមត្រូវ។ ការលុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យអស់ពី​តំបន់​ចុងក្រោយ​នេះ​គឺជាជំហាន​ដ៏​សំខាន់​មិន​មែន​សម្រាប់តែម​ហា​អនុ​តំបន់​ទន្លេ​មេគង្គ​ទេ តែ​សម្រាប់​ពិភពលោក​ទាំងមូល»។

លោកស្រី ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹង​ដែរ​ថា ពិធី​នេះ​ក៏​ជំ​រុញឱ្យ​ខេត្ត​សេស​សល់​ដទៃ​ទៀត​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​ត្រូវ​អនុវត្ត​វិធានការ​បន្ថែម​លើ​ចំណុច ៤ ផង​ដែរ​ដើម្បី​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់ ក្នុង​នោះ ទី១- ចុះ​ជួប​ប្រជាជន​គោល​ដៅ​ផ្ទាល់ ទី២- ផ្តល់​ការ​អប់រំ​សុខភាព​ទៅដល់​ប្រជាពលរដ្ឋ ទី៣- ធ្វើ​តេស្ត​ដើម្បី​រក​មេរោគ​គ្រុន​ចាញ់ និងទី៤-ផ្តល់​ថ្នាំ​ព្យាបាល​ទៅដល់​ប្រជា​ពលរដ្ឋ (ប្រសិន​រក​ឃើញ​មេរោគ​គ្រុនចាញ់)។

បើតាម​លោកស្រី ឱ វណ្ណឌី​ន តំបន់​សេសសល់​ចុងក្រោយ​ដែលនៅមាន​ជំងឺ​គ្រុន​ចាញ់​នេះ​រួម​មាន ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ ឧត្តរ​មានជ័យ មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង ខណៈដែល​កម្ពុជា​មាន​គោល​ដៅ​ខ្ពស់​ក្នុងការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥។

លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងថា ក្រសួង​មាន​សុទិដ្ឋិនិយម​ចំពោះ​គោល​ដៅ​នេះ ពីព្រោះ​បាន​អនុវត្ត​ដោយ​ជោគជ័យ​មុន​ផែនការ​ដែល​មិន​ឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ ២០២០ តែ​អត្រា​មិន​មានអ្នក​ស្លាប់​សម្រេច​បាន​តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ។

លោកស្រី ឱ វណ្ណឌី​ន ថា៖ «យើង​មាន​សុទិដ្ឋិនិយម​ហើយ​ការដែល​យើង​ធ្វើ​មិន​ឱ្យមាន​អ្នក​ស្លាប់​គឺ​ពិបាក​ណាស់។ ក្រោយ​យើង​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចេញ​មក​យើង​ធ្វើបាន​ជោគជ័យ​ហើយ មុន​ការ​កំណត់ ២-៣ ឆ្នាំ​ទៀត។ អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​នៅ​ឆ្នាំ ២០១៨ គឺ​អត់​មាន​អ្នកស្លាប់​ទេ ហើយ​យើង​បាន​កំណត់​ថា​សូន្យ (មិន​មាន​អ្នក​ស្លាប់) នៅ​ឆ្នាំ ២០២០។អ៊ីចឹង​អ្វីដែល​យើង​ត្រូវ​ធ្វើ​បន្ត​គឺ​ត្រូវតែ​ខិតខំ​ធ្វើ​ម៉េច​កាត់​បន្ថយ​និង​លុប​បំបាត់​នូវ​ការឆ្លង​ជំងឺ​គ្រុន​ចាញ់»។

ខណៈ​កាលពី​ឆ្នាំមុន កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នោះ អត្រា​ឈឺ​ជំងឺ​គ្រុន​ចាញ់​ប្រភេទ Plasmodium falciparum ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ត្រូវ​បាន​កាត់​បន្ថយ​បាន​ប្រមាណ ៣០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម។

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិ​ការ​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​តាមរយៈ​សេចក្តី​ប្រកាស​នោះ​ថា៖ «នៅ​ទីបំផុត​ការ​វិនិយោគ​ទៅលើ​ការ​ផ្តល់​សេវា​សុខភាព​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ធានាថា​សហគមន៍​ទាំង​អស់​អាច​ទទួល​បាន​សេវា​សុខភាព​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។

លោក​ថា៖ «ការផ្តល់​សិទ្ធិអំណាច​ដល់​បុគ្គល​និង​សហគមន៍​តាមរយៈ​គំនិត​ផ្តួចផ្តើម​នៅ​សហគមន៍​ដូចជា “គ្មាន​ជំងឺ​គ្រុន​ចាញ់​ផ្តើម​ចេញ​ពី​ខ្ញុំ” អាច​ដើរតួ​សំខាន់​ក្នុងការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់»៕