ភ្នំពេញៈ កម្ពុជារឹតបន្តឹងការនាំចូលសត្វបក្សី និងផលិតផលពីបក្សីពីប្រទេសវៀតណាម បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីការផ្ទុះជំងឺផ្ដាសាយបក្សីក្នុងខេត្តត្រាវិញ ភាគខាងត្បូងវៀតណាម និងមានសត្វមាន់ជាង ៥ ម៉ឺនក្បាល ត្រូវបានសម្លាប់ចោល។ នេះបើតាមសារាចរណែនាំចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី ១៨ ខែកុម្ភៈ។
នៅក្នុងសារាចរណែនាំស្តីពី «វិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី» ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា បើទោះជាបច្ចុប្បន្នកម្ពុជាពុំទាន់មានជំងឺផ្ដាសាយបក្សីក្ដី ប៉ុន្តែតាមរយៈផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សីក្នុងខេត្តត្រាវិញប្រទេសវៀតណាម ដែលឈានដល់ការសម្លាប់សត្វមាន់ជាង ៥៥ ០០០ ក្បាល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ គឺកម្ពុជាចាំបាច់ត្រូវប្រុងប្រយ័ត្ន ដោយរឹតបន្តឹងការធ្វើចរាចរណ៍បក្សី និងផលិតផលពីបក្សីនាំចូលពីវៀតណាម និងពីតំបន់មួយទៅតំបន់មួយទៀតក្នុងផ្ទៃប្រទេស។
ជាមួយគ្នានេះលោក សាខុន បានចេញវិធានការ ៩ ចំណុចឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព។
ក្នុងនោះបានផ្ដោតសំខាន់លើកិច្ចសហការរួមគ្នារវាងស្ថាប័នជំនាញជាតិ និងអន្តរជាតិ ពិសេសភាគីប្រទេស វៀតណាម ក្នុងការផ្លាស់ប្ដូរព័ត៌មានទាក់ទងនឹងជំងឺផ្តាសាយបក្សី ចរាចរបក្សី និងផលិតផលពីបក្សី។ ត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការជីវសុវត្ថិភាពឲ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំ អាជីវកម្ម និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងប្រទេស និងចាត់វិធានការឲ្យបានទាន់ពេលក្នុងករណីមានការសង្ស័យផ្ទុះជំងឺផ្តាសាយបក្សី។
លោក សាខុន ក៏បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានដើម្បីពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ ដែលឆ្លងកាត់ព្រំដែន ពិសេសច្រកចេញ-ចូលកម្ពុជា-វៀតណាម តាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅខេត្តមួយព្រមទាំងឲ្យបង្កើនការអប់រំផ្សព្វផ្សាយឲ្យទូលាយដល់អ្នកធ្វើអាជីវកម្មសត្វបក្សី ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី។
ទន្ទឹមនឹងនេះលោក សាខុន បានព្រមានចាត់វិធានការតឹងរ៉ឹងផងដែរ ចំពោះមន្ទីរកសិកម្មណាដែលមិនអនុវត្តតាមសារាចរណែនាំនេះ ឬធ្វើឲ្យមានការថ្លោះធ្លោយនាំឲ្យផ្ទុះជំងឺផ្ដាសាយបក្សីនៅកម្ពុជា។
ជុំវិញករណីនេះលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយពីទទួលបានសារាចរណែនាំនេះ លោកបានកោះប្រជុំមន្ត្រីជំនាញឲ្យចុះផ្សព្វផ្សាយដល់ថ្នាក់មូលដ្ឋានដោយបានសហការជាមួយសមត្ថកិច្ចខេត្ត ចុះត្រួតពិនិត្យតាមច្រកព្រំដែន និងតាមកំណាត់ផ្លូវច្រករបៀងមួយចំនួននៅតាមព្រំដែនកម្ពុជា-វៀតណាមផងដែរ។
លោកបានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយបក្សីពីប្រទេស វៀតណាម ចូលមកក្នុងប្រទេស កម្ពុជា ក្រុមការងារយើងបានសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ននូវការអនុញ្ញាតការនាំចូលសត្វបក្សី និងផលិតផលពីបក្សីពីប្រទេសវៀតណាម»។
ចំណែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា តាំងពីមុនរហូតមកទល់បច្ចុប្បន្ននេះខេត្តរបស់លោកពុំមានការនាំចូលសត្វបក្សី ឬផលិតផលពីបក្សីពីប្រទេសវៀតណាមទេ ហើយក៏គ្មានករណីជំងឺផ្ដាសាយបក្សីកើតមាននោះដែរ។
ចំណែកលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវបានថ្លែងថា នៅពេលនេះក្រុមការងាររបស់លោកកំពុងចុះពិនិត្យតាមកសិដ្ឋានចិញ្ចឹម មាន់ ទា ដោយបានណែនាំដល់ម្ចាស់កសិដ្ឋាន ក៏ដូចពលរដ្ឋក្នុងសហគមន៍ដែលចិញ្ចឹមមាន់ ទា ឲ្យអនុវត្តវិធានជីវសុវត្ថិភាពដោយបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតទ្រុងមាន់ទាឲ្យបានស្អាត និងត្រូវផ្ដល់ចំណីអាហារទឹកឲ្យបានគ្រប់គ្រាន់ និងប្រកបដោយជីវជាតិ និងអនាម័យ៕
វីដេអូ៖