ភ្នំពេញៈ កម្ពុជា​លែងមាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​វូហាន​ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) នោះ​ទៀត​ហើយ គឺ​ចាប់តាំងពី​ថ្ងៃទី ២៦ ខែ​មករា​មក​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​ប្រជាមានិត​ចិន​បានប្រកាស​ផ្អាក​ជើងហោះហើរ​ទាំងអស់​ក្នុង​ប្រទេស​ ចិន​ ទៅ​ទីក្រុង​នេះ ប៉ុន្តែ​ជើងហោះហើរ​ពី​កម្ពុជា​ទៅ​បណ្តា​ខេត្ត​ដទៃទៀត​នៅក្នុង​ប្រទេស​ចិន​គឺ​នៅ​បន្តសកម្មភាព​ជាធម្មតា​។ នេះ​បើ​តាម​មន្ត្រី​អាកាសចរ​ស៊ីវិល​។

បន្ទាប់ពី​ការចម្លង​វីរុស​ប្រភេទ​ថ្មី​មាន​ការរីក​រាលដាល​កាន់តែ​អាក្រក់​ដែល​នាំឲ្យ​ប្រជាជន​ចិន​ជាង​ ១០០ ​នាក់​ បាន​បាត់បង់​អាយុជីវិត និង​ជាង ៤ ​ពាន់​នាក់​បាន​ឆ្លង​ជំងឺ​នេះ រដ្ឋាភិបាល​ប្រជាមានិត​ចិន​បាន​ប្រកាស​ផ្អាក​ការហោះហើរ​ទាំងអស់​នៅក្នុង​ប្រទេស ​ចិន មិន​ថា​ជើង​ហោះហើរ​ក្នុងស្រុក និង​ជើង​ហោះហើរ​អន្តរជាតិ​នោះទេ គឺ​ត្រូវ​ផ្អាក​ជាបន្ទាន់​ទៅកាន់​ទីក្រុង​វូហាន​។ ការសម្រេច​ផ្អាក​របស់​រដ្ឋាភិបាល​ចិន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការទប់ស្កាត់ និង​គ្រប់គ្រង​វីរុស​ដ៏សាហាវ​នេះ កុំ​ឲ្យ​មាន​ការរីក​រាលដាល​បន្ថែម​ទៀត​។

លោក ជា អូន រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ចន្ទ​ថា​៖ «​ការហោះហើរ​ទៅ​ទីក្រុង​វូហាន​ក្នុង​ពេលនេះ​គឺ​មិនមាន​ទៀត​នោះទេ ព្រោះតែ​ក្រុមហ៊ុន​ហោះហើរ​ទាំងនោះ​បាន​ឈប់ បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​ប្រកាស​ផ្អាក​ហោះហើរ​ទៅ​ក្រៅ​ប្រទេស ជាពិសេស​គឺ​ពី​ទីក្រុង​វូហាន​តែម្តង​»​។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​ដែរនោះ​ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ចន្ទ​ដែរ​ថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២ គឺ Lan Mei Airline និង JC Airline ដែលមាន​ទីតាំង​ក្នុងប្រទេស​កម្ពុជា និង​មាន​ជើងហោះហើរ​ត្រង់​ទៅ​ទីក្រុង​វូហាន​បាន​បញ្ឈប់​ជើង​ហោះហើរ​។

លោក​ឲ្យ​ដឹងថា កម្ពុជា​គឺ​មិនមាន​ច្បាប់​ក្នុង​ការហាមឃាត់​មិន​ឲ្យ​មាន​ការហោះហើរ​នោះទេ គឺ​មាន​តែ​វិធានការ​ការពារ និង​ព្យាបាល ប៉ុន្តែ​ដោយសារតែ​ប្រទេស​ចិន​ខ្លួនឯង​ផ្ទាល់​បាន​ប្រកាស​ហាម​ចេញចូល​ទីក្រុង​នេះ និង​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​មកកាន់​ប្រទេស ​កម្ពុជា ទើប​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​សម្រេច​ផ្អាក​ជើងហោះហើរ​តែម្តង​។

លោក​បញ្ជាក់ថា​៖ «​តាមពិត​ប្រទេស​ចិន​ជា​អ្នក​បិទ​មិន​ឲ្យ​មនុស្ស​ក្នុង​ទីក្រុង​ហ្នឹង ចេញ-ចូល​ធ្វើ​ដំណើរ​នោះទេ​។ ម្យ៉ាងទៀត​នោះ គឺ​ក្រុមហ៊ុន Airline ខ្លួនឯង គឺ​មិន​ចង់​ហោះ​ទៅ​ទេ ហើយ​ទីក្រុង​នោះ​ក៏​ឈប់​ទទួល​អ្នកដំណើរ​ដែរ​។ ដូចនេះ​មិនមែន​អាជ្ញាធរ​យើង​ជា​អ្នកចេញ​បញ្ជា និង​ហាមឃាត់​នោះទេ​»​។

លោក ចាន់សិរីវុត្ថា បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ផ្អាក​ជើង​ហោះហើរ​ទៅ​ទីក្រុង​វូហាន ចំពោះ​ជើងហោះហើរ​ពី​កម្ពុជា​ទៅ​បណ្តា​ខេត្ត​ដទៃទៀត​នៅក្នុង​ប្រទេស ​ចិន និង​ជើងហោះហើរ​ទៅ​បណ្តា​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក គឺ​នៅ​បន្ត​សកម្មភាព​ជាធម្មតា​។

លោក​បន្ថែម​ថា​៖ «​ប្រទេស​ផ្សេងទៀត​មិន​មាន​ការផ្អាក​អី​ទេ ហើយ​បើ​មាន​ការផ្អាក គឺ​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លួនឯង ព្រោះ​យើង​មិន​មាន​បម្រាម​ផ្អាក​គាត់​ទេ​។ ការផ្អាក​ជើងហោះហើរ​ទាំងនេះ​គឺ​ទទួលស្គាល់ ពិតជា​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ក៏ប៉ុន្តែ​យើង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ហើយ​ក្រុមហ៊ុន​នេះ​គេ​មិន​បារម្ភ​នឹង​ការខាតបង់​ទេ គឺ​គេ​ធ្វើ​ម៉េច​កុំឲ្យ​មាន​ផលប៉ះពាល់​ពី​ជំងឺ​នេះ​»​។

បើ​តាម​លោក ចាន់សិរីវុត្ថា ក្នុង​ ១ ​សប្តាហ៍​កម្ពុជា​មាន​ជើងហោះហើរ​ទៅកាន់​ប្រទេស​ចិន​ជាង ២០០ ​ជើង​ក្នុង​នោះ​ក្រុមហ៊ុន​ហោះហើរ​របស់​កម្ពុជា​ទៅ​ទីក្រុង​វូហាន​មាន​ចំនួន ២ ​ជើង​ត្រូវ​បាន​ផ្អាក ចំណែក​ក្រុមហ៊ុន​របស់​ចិន​ដែល​ហោះហើរ​ពី​វូហាន​មក​កម្ពុជា​ជាច្រើន​ទៀត ក៏ត្រូវ​បាន​ផ្អាក​តាម​ការបញ្ជា​របស់​រដ្ឋាភិបាល​ចិន​ផងដែរ​។

ជាមួយ​នឹង​ការជាប់គាំង​មិនមាន​ការ​ចេញចូល​ក្នុង​ទីក្រុង​​វូហាន​នេះដែរ រហូត​មក​ពេលនេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា និស្សិត​កម្ពុជា​ចំនួន ២៣ ​រូប​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​វូហាន​ដោយ​ពួកគេ​កំពុង​ស្នាក់នៅ​សាលា Wuhan University Huazhongkeji University Hubei University Wuhan Ligong University Huazhong Normal University Naval University of Engineering​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ស្ថានភាព​និស្សិត​ខ្មែរ​ចំនួន ២៣ ​នាក់ ដែល​កំពុង​ស្នាក់នៅ​ក្រុង​វូហាន ខេត្ត​ហ៊ូប៉េ ដែល​ក្នុងនោះ​មាន​ ៣ ​រូប ​ជា​និស្សិត​ផ្នែក​យោធា គឺ​កំពុង​ស្ថិតក្នុង​សុខភាព​ល្អ​ធម្មតា​។

លោក​បន្តថា ស្ថានទូត និង​ស្ថាន​អគ្គកុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​ចិន​បាន​ទាក់ទង និង​សួរសុខទុក្ខ​ពលរដ្ឋ​កម្ពុជា​ជាប្រចាំ និង​ត្រៀម​ផ្តល់ជំនួយ​គ្រប់ពេល​។ លោក​បញ្ជាក់ថា​៖ «Wuhan University បានផ្តល់​អាហារ​ ៣ ​ពេល​ដល់​និស្សិត​បរទេស​ទាំងអស់​ដោយ​មិន​គិតថ្លៃ ដោយឡែក​ចំពោះ​សាលា​ដទៃ​ទៀត​បាន​បើក​ដំណើរការ​កង់ទីន​ជាធម្មតា ចំណែក​ម៉ាត​នៅ​ជិត​សាលា​ក៏​បើក​ដំណើរការ​ធម្មតា​»​។

លោក​បញ្ជាក់​បន្ថែមថា​៖ «​ស្ថាន​អគ្គកុងស៊ុល​បាន​ទំនាក់ទំនង​ជា​ប្រចាំ​ជាមួយ​មន្ទីរ​ការបរទេស ខេត្ត​ហ៊ូប៉េ និង​សាលា​ស្នើសុំ​ជួយ​សហការ​ថែទាំ និង​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​និស្សិត​កម្ពុជា​។ អាជ្ញាធរខេត្ត​ហ៊ូប៉េ​បាន​ឆ្លើយតប និង​បន្ត​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព​ដែល​អាច​ធ្វើបាន​»​។

វីរុស​រលាក​សួត​ប្រភេទ​ថ្មី​ដែល​មាន​ឈ្មោះថា novel coronaviruses មិនទាន់​ត្រូវបាន​បញ្ជាក់ថា មាន​ប្រភព​មកពី​ណា​ឲ្យ​ប្រាកដ​នោះទេ ហើយ​ជំងឺ​នេះ​ក៏​មិនទាន់មាន​ព័ត៌មាន​គ្រប់គ្រាន់ ជុំវិញ​របៀប​នៃ​ការចម្លង និង​ការព្យាបាល​នៅឡើយ​នោះ​ដែរ ដោយ​អង្គការ​សុខភាព​ពិភពលោក រួម​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន គ្រាន់តែ​បញ្ជាក់​ថា ជំងឺ​នេះ​ស្រដៀង​ទៅនឹង​ជំងឺ SARS ឬ​ជំងឺ MERS ដែល​បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់​៕