កំពង់ស្ពឺៈ កម្មករ​រោងចក្រ​ ៣ ​នាក់​ស្លាប់ និង​ ៦ ​នាក់​រងរបួស​រួមទាំង​អ្នក​បើកបរ​ម្នាក់ ក្រោយពី​រថយន្ត​ ២ ​គ្រឿង​បុក​គ្នា​នៅ​លើ​ផ្លូវជាតិ​ ៤១ កាលពី​យប់​ថ្ងៃទី​ ១៨ ខែ​កញ្ញា​នៅក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ។ នេះ​បើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់​បាន​ទទួល​ការជួយ​សង្គ្រោះ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មន្ត្រី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​យកចិត្ត​ទុកដាក់​។

លោក ចឹក បូរិន ប្រធាន​មន្ទីរការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្នុង​ចំណោម​អ្នករងរបួស​ទាំង​ ៧ ​នាក់​គឺ​មាន​តែ​អ្នកបើកបរ​រថយន្ត​ដឹក​​កម្មករ​ទេ​ដែល​របួសធ្ងន់​ជាងគេ​រហូត​បាក់ជើង ហើយ​ត្រូវ​បាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ក្នុង​រាជធានី-ភ្នំពេញ ខណៈ​កម្មករ​រោងចក្រ​ទាំង ៦ ​នាក់​គឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ​នៅក្នុង​ខេត្ត ។

លោក បូរិន ថ្លែងថា​៖ «​តៃកុង​ឡាន​ហ្នឹង​បាក់ជើង ដោយសារ​គាប​ជាប់​នឹង​ឡាន ប៉ុន្តែ​ស្ថានភាព​របួស​កម្មករ​ទាំង​ ៦ ​នាក់​ពួកគាត់​ដួល​បោក​ទៅ​លើ​គ្នា​ និង​ទៅ​ប៉ះ​នឹង​ដែក​ខ្លះៗ តែ​វា​អត់​ធ្ងន់ធ្ងរ​ខ្លាំង​ទេ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ថ្លែង​ថា ឧបទ្ទវហេតុ​នេះ​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដែល​បើករថយន្ត​ម៉ាក Ford ប្រភេទ​មួយ​បាំង​កន្លះ បើក​វ៉ា​ជែង​ហើយ​ទៅបុក​ម៉ូតូ​ ២ ​គ្រឿង​រួច​បន្ត​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​ ១ ​គ្រឿង​ទៀត​ដែល​ស្ថិតនៅ​លើផ្លូវ​អាទិភាព​របស់​ក្រុម​ជនរងគ្រោះ​។ អាជ្ញាធរ​កំពុង​តាម​ចាប់ខ្លួន​ជនបង្ក​​ដែល​បាន​រត់គេចខ្លួន និង​ទុក​រថយន្ត​ចោល​៕