ព្រៃវែងៈ បុរស​ជា​កូន​បង្កើត​ដែល​បាន​កាប់​សម្លាប់​ឪ​ពុក​ជា​ច្រើន​ពូ​ថៅ​នៅ​ភូមិ​ព្រៃ​រូង​ ឃុំ​ដំ​រី​ពួន​ ស្រុក​ស្វាយ​អន្ទរនោះ​ត្រូវ​បាន​អយ្យការ​អម​សា​លា​ដំ​បូង​ខេត្ត​ព្រៃ​វែង​ចោទ​ប្រ​កាន់​ពីបទ​ឃាតកម្ម ​និង​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ​ កាលពី​ថ្ងៃ​ទី ​២០ ​មេ​សា​ បន្ទាប់​ពី​បង្ក​ហេតុ​កាល​ពី​ថ្ងៃ​ទី ​១៨ ​មេសា។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​អ្នកនាំ​ពាក្យ​សា​លា​ដំ​បូង​ខេត្ត​ព្រៃ​វែង​បាន​ទេ​​ពី​ម្សិល​មិញ​ ប៉ុន្តែ ​លោក​ ពៅ​ ជី​វី​ ស្នង​ការ​រង​ទ​ទួល​ផែន​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រៃ​វែង ​ប្រាប់​ពី​ម្សិល​មិញ​ថា​ករណី​ជន​សង្ស័យ​ឈ្មោះ​ឡេង ​ហន ​អាយុ​ ២៣​ ឆ្នាំ​ដែល​កាប់​ឪពុក​ឈ្មោះ​ឡេង ​សៅ​ ហៅ​ឡេង​ ម៉ៅ ​អាយុ​ ៥០ ​ឆ្នាំ​ស្លាប់​នោះ​ត្រូវ​បាន​សា​លា​ដំ​បូង​ខេត្ត​ព្រៃ​វែង​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ហើយ។​

លោក​បញ្ជាក់ថា​៖ «​ជន​សង្ស័យ​ត្រូវ​ឃុំ​ខ្លួន​តាម​ដី​កា​សម្រេច​​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​របស់​តុលាការ​ខេត្ត​ព្រៃ​វែង​។​ ចំពោះ​ចៅ​ក្រម​ដែល​ចេញ​ដី​កា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នោះ​ខ្ញុំ​មិន​បាន​ចាំ​ឈ្មោះ​ទេ​តែ​ខ្ញុំ​បាន​ឃើញ​ក្នុង​ដី​កា​ចោទ​បទ​ឃាតកម្ម»។

លោក​ ផឹង ​វ៉ន​ នាយ​ន​គរ​បាល​ប៉ុស្តិ៍​ឃុំ​ដំរី​ពួន​ឲ្យ​ដឹង​ដែរ​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​មាន​ការកាប់​សម្លាប់​គ្នា​នេះ​គ្មាន​អ្វី​ជា​រឿង​ធំ​ទេ​ប៉ុន្តែ​គ្រួសារ​នោះ​ក៏​តែង​តែ​ឈ្លោះ​ទាស់​ទែង​គ្នា​រាល់​ថ្ងៃ​ដែរ​ ដោយ​សារ​តែ​ជន​រង​គ្រោះ​ជា​ឪពុក​ និង​ជា​ប្តី​ជាអ្នក​បង្ក​បញ្ហា។

លោក​ថា​៖ «ជន​រង​គ្រោះ​កាល​ពី​នៅ​រស់​បង្ក​ជម្លោះ​ក្នុង​គ្រួសារ​ហើយ​វាយ​ប្រពន្ធ​នឹង​ខ្នង​ពូ​ថៅ​ក៏​មាន​។​ ជន​រង​គ្រោះ​ជា​មនុស្ស​កាច​ខ្លាំង​ដែរ ​បើ​ខឹង​កូន​ប្រ​ពន្ធ​ម្តង​ៗ​ធ្វើ​អី​ប្រពន្ធ​កូន​មិន​កើត​គាត់​យក​ពូ​ថៅ​កាប់​ក្របី​ក៏មាន»។

លោក​រំឭក​ថា​គ្រួ​សារ​មួយ​នេះ​មាន​កូន​ប្រុស​ ២ ​នាក់​ហើយ​ជន​សង្ស័យ​ជា​កូន​ប្រុស​ច្បង​។ ​​មុន​ពេល​កើត​ហេតុ​​ថ្ងៃ​ទី​ ១៨ ​មេ​សា​មាន​ការ​ជួប​ជុំ​គ្នា​ផឹក​ស៊ី​នៅ​​ផ្ទះ​កើត​ហេតុ​ដែល​មាន​មនុស្ស​ប្រ​មាណ​ជា​ ៤​ ទៅ​ ៥​ នាក់​ បន្ទាប់​មក​អ្នក​ភូមិ​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​នៅ​សល់​តែ​ជន​សង្ស័យ​ និង​ជន​រង​គ្រោះ​ផឹក​ត​ទល់​គ្នា​។ ​ពេល​​នោះ​ ២ នាក់​ឪពុក​ និង​កូន​បាន​ឈ្លោះ គ្នា​ហើយ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទូរស័ព្ទ​របស់​កូន​ (ជន​សង្ស័យ)​ បែក​ដែល​ធ្វើ​ឲ្យ​ជន​សង្ស័យ​ខឹង។

នាយ​ប៉ុស្តិ៍​បន្ត​ថា ​ក្រោយ​​ពី​ខឹង​ឪពុក​ជាន់​ទូរស័ព្ទ​របស់​ខ្លួន ​ជន​សង្ស័យ​បាន​ស្ទុះ​យក​ពូ​ថៅ​ទៅ​កាប់​ក្របី​ហើយ​ជន​រង​គ្រោះ​ក៏​ស្រែក​ជេរ​ និង​បាន​ចុះ​ពី​លើ​ផ្ទះ​។ ​ប៉ុន្តែជន​រង​គ្រោះ​ជាន់​កាំ​ជណ្តើរ​បាន​ប៉ុន្មាន​កាំ​ក៏​ត្រូវ​ជនសង្ស័យ​យក​ពូ​ថៅ​កាប់​ត្រូវ​ជើង​ឆ្វេង​របស់​ជន​រងគ្រោះ​ហើយ​ជនរងគ្រោះ​ក៏​លោត​ចុះ​មក​ដី​។​ តែ​ជន​សង្ស័យ​តាម​កាប់​មួយ​ពូ​ថៅ​ត្រូវ​ចំ​ខាង​ក្រោម​ក្លៀក​ដួល​ទៅ​នឹង​ដី។​

លោក​បន្ត​ថា​ គ្រានោះ​ម្តាយ​ជន​សង្ស័យ​ និង​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ស្រែក​ឲ្យ​អ្នក​ភូមិ​មក​ជួយ​ ហើយ​អ្នក​ភូមិ​ក៏​មក​ចោមរោម​បម្រុង​ចូល​​ចាប់​ជន​សង្ស័យ​តែ​ជន​សង្ស័យ​បាន​ស្ទុះ​ទាំង​កំហឹង​ទៅ​កាប់​ជន​រង​គ្រោះ​ជា​ឪ​ពុក​ចំ​បំ​ពង់​ក​ត្រូវ ​២​ ទៅ​ ៣​ ពូថៅ​ថែម​ទៀត​បណ្តាល​ឲ្យ​ដាច់​ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង។

លោក​ថា ​ក្រោយ​បង្ក​ហេតុ​ជនសង្ស័យ​ឡើង​ទៅ​សម្ងំ​នៅ​លើ​ផ្ទះ​ និង​កាន់​ពូ​ថៅ​ជាប់ ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​មិន​ហ៊ាន​ចូល​ទៅ​ចាប់​ព្រោះ​អាច​ត្រូវ​ជន​សង្ស័យ​​កាប់​​។​

ពេលនោះសមត្ថកិច្ច​ឲ្យ​សាច់ញាតិ​ជន​សង្ស័យ​និ​យាយ​អង្វរ​រហូត​ដល់​ម៉ោង​ ៤ ​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​ ១៩ ​មេ​សា​ ទើប​ជន​សង្ស័យ​ព្រម​ចុះ​ពី​លើ​ផ្ទះ​​ហើយ​សមត្ថកិច្ច​ក៏ចាប់​ខ្លួន​តែម្តង៕