ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​ពី​ម្សិលមិញ​ថា តាម​លទ្ធផល​ធ្វើតេស្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ បុរស​ទេសចរ​ជនជាតិ​ហូឡង់​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ចូលមក​ខេត្ត​ព្រះសីហនុ គឺ​មិន​បាន​ឆ្លង​វីរុស​កូរ៉ូណា​នោះទេ ខណៈ​ដែល​លោកនាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា រាល់​ជនបរទេស​ដែល​រកឃើញ​មាន​ឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ កម្ពុជា​ គឺ​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ព្យាបាល និង​មើលថែទាំ​ដោយ​មិនមាន​ការរើសអើង​ចំពោះ​ជាតិ​សាសន៍​រហូត​ទាល់តែ​ជាសះស្បើយ​។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ហូឡង់​អាយុ​ ៧០ ​ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ទេសចរណ៍​តាម​កប៉ាល់​ចូលមក​កម្ពុជា ហើយ​ត្រូវ​ធ្វើដំណើរ​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី ១០ ខែ​កុម្ភៈ ប៉ុន្តែ​នៅពេល​ឡើង​កប៉ាល់ ការពិនិត្យ​កម្ដៅ​បង្ហាញ​ថា បុរស​រូបនោះ​ឡើង​ដល់​កម្ដៅ​ ៣៨,៣ ​អង្សាសេ ទើប​ត្រូវ​ក្រុមការងារ​កប៉ាល់​មិន​អនុញ្ញាតឱ្យ​ឡើងក​ប៉ាល់​ឡើយ ហើយ​បាន​រាយការណ៍​មក​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​។

ក្រសួង​សុខាភិបាល​ប្រកាសថា​៖ «​បន្ទាប់មក​ក្រុម​ការងារ​ឆ្លើយតប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​យក​សំណាក​វត្ថុ​វិភាគ​ធ្វើតេស្ដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ លទ្ធផល​បាន​បង្ហាញ​អវិជ្ជមាន​វីរុស​កូរ៉ូណា​ថ្មី​ (2019-nCoV) ​នៅ​ល្ងាច​ថ្ងៃទី​ ១១ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០»​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បានបញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​ដែរ​ថា បុរស​ជនជាតិ​ហូឡង់​នេះ​បានធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​ឈ្មោះ Norwegian Jade ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែកុម្ភៈ​។ តាម​ការពិនិត្យ​ជនជាតិ​ហូឡង់​រូបនេះ​មាន​អាការ​ឡើង​សម្ពាធ​ឈាម និង​កម្ដៅ​បាន​ចុះមក​ធម្មតា​វិញ​ហើយ​បន្ទាប់ពី​មាន​លទ្ធផល​ធ្វើតេស្ដ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​បង្ហាញ​ពី​ផល​អវិជ្ជមាន​វីរុស​កូរ៉ូណា​គឺ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​វិញ​។

បើតាម​លោក ឃាង ភារម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ នាវា Norwegian Jade គឺ​បាន​ដឹក​អ្នកដំណើរ​ ១៦៤៨ ​នាក់​មាន​ ៤១ ​សញ្ជាតិ​ដោយបាន​ធ្វើដំណើរ​ចេញ​ពី​ប្រទេស​វៀតណាម ចូលមក​ខេត្ត​ព្រះសីហនុ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ក្នុង​ពិធីបើកការដ្ឋាន​ស្ដារ និង​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ​ពី​ម្សិលមិញ​ថា រាល់​ជនបរទេស​ដែល​រកឃើញ​មាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា គឺ​ត្រូវ​យកចិត្ត​ទុកដាក់​ដើម្បី​ព្យាបាល និង​មើលថែទាំ​ដោយ​មិន​មាន​ការរើសអើង​ចំពោះ​ជាតិ​សាសន៍​រហូត​ទាល់តែ​ជាសះស្បើយ ទើប​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​កម្ពុជា​។ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ការពារ​អំពី​គោលជំហរ​របស់​កម្ពុជា​ដែល​មិន​បិទ​ជើងហោះហើរ​មកពី​ប្រទេស​ចិន​ផងដែរ​។

លោក​ថា​៖ «​បច្ចុប្បន្ន​នេះ​និយាយ​ឱ្យ​ត្រង់​តែម្ដងទៅ ជំងឺ​នៅ​ប្រទេស​ចិន​ដោយសារ​កូរ៉ូណា គឺ​មាន​ចំនួន​តិចតួច​ទេ ប៉ុន្តែ​រឿង​គួរឱ្យ​ភ័យខ្លាច​ជាង​កូរ៉ូណា​គឺ​ការរើសអើង​តែម្ដង​។ នេះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​ឈានទៅ​ដល់​ការសម្លាប់​សេដ្ឋកិច្ច​ខ្លួនឯង​តែម្ដង​។ ព្រឹក​មិញ​ខ្ញុំ​បាន​មើល​ព័ត៌មាន​នៅ​ប្រទេស​ថៃ​ដោយ​ប្រទេស​ថៃ​នៅ​តែ​ទទួល​ស្វាគមន៍​ដោយ​បើក​ទូលាយ​សម្រាប់​អ្នកទេសចរ​ចិន ក៏ប៉ុន្តែ​នៅក្នុង​នោះ​មាន​ហាង​មួយចំនួន​បាន​សរសេរ​ជា​ ៣ ​ភាសា​ថា​ហាម​ទេសចរ​ចិន​ចូល​ស៊ី​ក្នុង​ហាង​របស់​ពួកគេ ដល់​ហាង​ផ្សេង​ទៀត​ស្វាគមន៍​អ្នកទេសចរ​ចិន​ចូល​ទទួលទាន ដោយសារ​អាជ្ញាធរ​ថា អាហ្នឹង​គឺជា​ការរើសអើង​»​។

លោក​បន្ថែមថា មិនមែន​ពលរដ្ឋ​ចិន​ ១ ​ពាន់​ ៤០០ ​លាន​នាក់ គឺ​សុទ្ធតែ​កើត​វីរុស​កូរ៉ូណា​ឡើយ ចំណែក​ទីក្រុង​វូហាន​ដែល​ចំណុច​ចាប់ផ្ដើម​វីរុស​នេះ​ក៏​ត្រូវបាន​រដ្ឋាភិបាល​ចិន​គ្រប់គ្រង​ដោយ​មិនឱ្យ​ពលរដ្ឋ​ចេញចូល​ក្នុង​ទីក្រុង​នេះ​ទេ​។

លោក​ថា​៖ «​ប្រសិនបើ​យើង​កើត​ជំងឺ​អី​មួយ​ស្រាប់តែ​យើង​ទៅ​ប្រទេស​គេ​ដទៃ ហើយ​គេ​ថា កុំឱ្យ​ពួក​ខ្មែរ​ចូល​ស៊ី តើ​មាន​ប៉ះទង្គិច​ប៉ុន្មាន​សម្រាប់​ប្រជាជន​ខ្មែរ​ ១៦ ​លាន​នាក់​យើង​គិត​ខ្លួនឯង​តែ​ប៉ុណ្ណឹង​ទៅ​បាន​ហើយ ហើយ​គេ​ថា កុំឱ្យ​ភ្ញៀវទេសចរ​កម្ពុជា​ចូលទៅ​ប្រទេស​របស់​ពួកគេ តើ​អារម្មណ៍​របស់​យើង​យ៉ាង​ម៉េច​ដែរ​។ ចិន​ក៏​ជា​មនុស្ស​នៅពេល​ហាម​ចិន​មិន​ឱ្យ​ចូល​លេង​ប្រទេស​បិទ​ទិដ្ឋាការ​សម្រាប់​ប្រជាជន​ចិន​បិទ​ជើងហោះហើរ​សម្រាប់​ប្រជាជន​ចិន ប្រជាជន​ចិន​មកដល់​មិនឱ្យ​ដេក​សណ្ឋាគារ​មិន​ឱ្យ​ចូល​ហាង តាក់ស៊ី​មិន​ព្រម​ដឹក តើ​ប៉ះទង្គិច​ផ្លូវ​អារម្មណ៍​ប៉ុន្មាន​ទៅ​? ហាក់​ដូចជា​ការទទួល​ការប្រមាថ នោះ​ហើយ​ជា​បញ្ហា​ដែល​ពិភពលោក​ត្រូវតែ​រក​វិធី​ទប់ស្កាត់​សូម្បី​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ហាមឃាត់​កុំឱ្យ​និយាយថា ជំងឺ​ចេញ​ពី​ចិន​»​។

លោកនាយក​រដ្ឋមន្ត្រី​គាំទ្រ​ប្រសិន​បើ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន មានគំនិត​ផ្ដួចផ្ដើម​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​កំពូល​មួយ​ដើម្បី​ឆ្លើយតប​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​លើ​បញ្ហា​វីរុស​កូរ៉ូណា​ថ្មី​នេះ​ស្រប​ពេល​លោក​អះអាងថា បញ្ហា​វីរុស​កូរ៉ូណា​មិនមែន​ជា​បញ្ហា​របស់​ចិន​ ឬ​តំបន់​ឡើយ​តែ​ជា​បញ្ហា​សកល​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ដោយ​មិន​ត្រូវយក​ពេលនេះ​ធ្វើឱ្យ​ចិន​ឯកោ ឬ​សម្លាប់​ចិន​នោះទេ​។ លោក​ជឿជាក់​ថា ចិន​ច្បាស់​ជា​មាន​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​វីរុស​នេះ​បាន​។

មកដល់​ពេល​នេះ​កម្ពុជា​ទើប​រកឃើញ​ការឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​ ១ ​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​ ២៧ ​មករា​តាមរយៈ​បុរស​ចិន​ម្នាក់​ដែល​មកពី​ទីក្រុង​វូហាន ប៉ុន្តែ​បុរស​នេះ​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ ហើយ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​ ១០ ​កុម្ភៈ​ហើយ​បានធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ត្រឡប់​នៅ​ប្រទេស​ចិន​វិញ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ដែរ​ថា អ្នកស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​គឺ​កើន​ដល់​ចំនួន​ ១០១៦ ​នាក់ ខណៈ​អ្នក​ឆ្លង​កើន​ដល់ ៤២,៦៣៨ ​នាក់​៕