ភ្នំពេញៈ អ្នកជំនាញបានឲ្យដឹងថា ការសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេមេគង្គ ការប្រែប្រួលអាកាសធាតុ និងការនេសាទហួសប្រមាណនឹងធ្វើឲ្យបាត់បង់ត្រី ២៥ ភាគរយនៅត្រឹមឆ្នាំ ២០២០ ហើយវានឹងបន្តបាត់បង់រហូតដល់ ៣៩ ភាគរយនៅឆ្នាំ ២០៤០ ប្រសិនបើមជ្ឈដ្ឋានពាក់ព័ន្ធមិនរួមគ្នាដោះស្រាយបញ្ហាដែលកំពុងតែប្រឈមទេនោះ។
លោក So Nam មន្ត្រីកម្មវិធីនេសាទនៅគណៈកម្មការទន្លេមេគង្គបានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកទស្សនៈសម្រាប់ការគ្រប់គ្រង និងការអភិរក្សប្រភេទត្រីបំផ្លាស់ទីនៅកម្ពុជា» ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីម្សិលមិញថា ទំនប់វារីអគ្គិសនីជះឥទ្ធិពលទៅលើទិដ្ឋភាពនៃការអភិវឌ្ឍធនធានទឹកដែលបានគ្រោងទុកនៅអាងទន្លេមេគង្គក្រោម ខណៈដែលបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅទន្លេមេគង្គ និងទន្លេសាប។
លោក So Nam បានព្យាករថានៅឆ្នាំ ២០២០ ជីវម៉ាសត្រីនៅអាងទន្លេមេគង្គទាំងមូលនឹងត្រូវបាត់បង់រហូតដល់ ២៥ ភាគរយ ឬស្មើនឹង ៦០០០០០ តោន គិតជាទឹកប្រាក់អស់ ២,៧ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៧ ហើយវានឹងបន្តបាត់បង់រហូតដល់ ៣៩ ភាគរយ ឬ ស្មើនឹង ៩០០ ០០០ តោន ដែលគិតជាទឹកប្រាក់ខាតបង់អស់ ៤,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០៤០។
លោកបណ្ឌិត Zeb Hogan ជាអ្នកបរិស្ថានវិទ្យានៅឯសាកលវិទ្យាល័យ Nevada, Reno បានចោទសួរថា៖ «ហេតុអ្វីបានជាយើងត្រូវការចក្ខុវិស័យ សម្រាប់ការគ្រប់គ្រងត្រី? ប្រហែលជាដោយសារតែនេះគឺជាផ្នែកមួយនៃការរៀបចំជាលើកដំបូងដែលត្រូវគិតគូរពីការបំផ្លាស់ទីរបស់ត្រីនៅគ្រប់ប្រព័ន្ធទន្លេទាំងអស់ក្នុងពិភពលោក»។
លោកស្រី Sang Lee នាយិកាការិយាល័យសន្ដិសុខស្បៀង និងបរិស្ថាន USAID Cambodia ក៏បានថ្លែងនៅក្នុងសិក្ខាសាលានេះដែរថា ប្រព័ន្ធទន្លេមេគង្គ គឺជាទន្លេតែមួយគត់នៅលើពិភពលោកដែលសម្បូរទៅដោយសត្វ និង ជីវៈចម្រុះជាច្រើន ពិសេសប្រភេទត្រីដែលភាគច្រើនគឺជាត្រីដែលចូលចិត្តបំផ្លាស់ទី។ វាជាជម្រករបស់ត្រីធំៗ និងត្រីកម្រដ៏ធំជាងគេបំផុតនៅលើផែនដី ហើយប្រភេទត្រីទាំងនេះអាចរកឃើញនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្តថាការបាត់បង់ទីជម្រក និងការប្រែប្រួលអាកាសធាតុធ្វើឲ្យពពួកត្រីដែលចូលចិត្តធ្វើដំណើរឆ្ងាយៗទាំងនោះភាគច្រើនងាយនឹងទទួលរងការគំរាមកំហែងដែលពួកវាអាចជួបប្រទះនៅតាមផ្លូវនៃការបំផ្លាស់ទីរបស់ពួកវា ពីការអភិវឌ្ឍទំនប់វារីអគ្គិសនី និងការនេសាទហួសប្រមាណ។
លោកស្រីបន្ថែមទៀតថា៖ «ប្រភេទត្រីដែលចូលចិត្តបំផ្លាស់ទីជាច្រើនបានថយចុះយ៉ាងខ្លាំងទាំងបរិមាណ និងទំហំក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះពិសេសប្រភេទត្រីកម្រ និងជិតផុតពូជ ហើយនេះជាមូលហេតុដែលកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាសាលានៅថ្ងៃនេះត្រូវការការពិភាក្សាអំពីការគ្រប់គ្រងសត្វត្រីបំផ្លាស់ទីនៅក្នុងវិធីដ៏ទូលំទូលាយមួយ»។
សិក្ខាសាលានេះធ្វើឡើងគឺដើម្បីប្រមូលផ្តុំមតិយោបល់របស់អ្នកជំនាញដើម្បីកំណត់នូវតម្រូវការទិន្នន័យខ្ពស់សម្រាប់ការធ្វើការបំផ្លាស់ទីរបស់ត្រីនៅក្នុងអាងទន្លេមេគង្គ ហើយលទ្ធផលនៃការពិភាក្សានេះនឹងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលជលផល និងក្រសួងកសិកម្មដើម្បីសម្រេចបាននូវក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រនេសាទរបស់ខ្លួន និងយកទៅបង្កើតផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា៖ «ដើម្បីឆ្ពោះទៅរកជីវៈចម្រុះត្រីប្រកបដោយនិរន្តរភាព យើងត្រូវការវិធីសាស្ត្រគ្រប់គ្រងយុទ្ធសាស្ត្រដែលមានមូលដ្ឋានលើវិទ្យាសាស្ដ្រ ដើម្បីរក្សានូវការជំរុញឲ្យមានទឹកជំនន់ និងការគ្រប់គ្រងទីជម្រកសំខាន់ៗឲ្យបានរឹងមាំដើម្បីកាត់បន្ថយការគំរាមកំហែងដល់ត្រី និងការពារធនធាននេសាទដ៏សំខាន់នេះ»។
បើតាមលោក ជាសាន ប្រភេទត្រីជិត ៩០០ ប្រភេទត្រូវបានគេកត់ត្រាទុកថា មាននៅក្នុងអាងទន្លេមេគង្គក្នុងនោះត្រីចំនួន ១៦៥ ប្រភេទចូលចិត្តបំផ្លាស់ទី។ យ៉ាងហោចណាស់ ៣៧ ភាគរយនៃជីវម៉ាសត្រីនៅទន្លេមេគង្គត្រូវបានបង្កើតឡើងពីការបំផ្លាស់ទីរបស់ត្រី។
យោងតាមទិន្នន័យដែលប្រមូលបានពីភាគីពាក់ព័ន្ធបានបង្ហាញថា ទិន្នផលត្រីចំនួន ៨០០-០០០ តោន ត្រូវបានគេចាប់ក្នុងមួយឆ្នាំៗហើយត្រីប្រមាណ ៣០ តោនត្រូវបានគេចាប់បានក្នុងមួយម៉ោងពីសំណាញ់ថង់នៅទន្លេសាបក្នុងអំឡុងពេលវាបំផ្លាស់ទី។
នៅក្នុងសិក្ខាសាលានោះផងដែរលោកបណ្ឌិត Herman Wannigen ដែលមកពីអង្គការមូលនិធិសត្វព្រៃពិភពលោកបានគូសបញ្ជាក់ថា ទន្លេមេគង្គគឺជាផ្លូវសម្រាប់ត្រី ដូច្នេះអ្វីគ្រប់យ៉ាងត្រូវបានតភ្ជាប់ពីថ្នាក់តំបន់ទៅពិភពលោក។ វាមានន័យថា ត្រីទន្លេ និងប្រជាជនត្រូវតែមានទំនាក់ទំនងនឹងគ្នា។ លោកមានប្រសាសន៍ថា៖ «ការកែលម្អការទំនាក់ទំនងត្រីដែលធ្វើបំផ្លាស់ទីពីថ្នាក់តំបន់ដល់ពិភពលោកគឺមានសារៈសំខាន់ខ្លាំងណាស់ដោយសារតែត្រីទន្លេ និងមនុស្សមានភាពទាក់ទងគ្នា»៕