ភ្នំពេញៈ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានឹងរៀបចំប្រារព្ធទិវាពិភពលោកសិទ្ធិមនុស្សលើកទី ៧១ នៅថ្ងៃទី ៧ ធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈដែលភាគីរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំប្រារព្ធនៅថ្ងៃទី ១០ ធ្នូ។
យោងតាមការផ្សព្វផ្សាយរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានឲ្យដឹងថា ការិយាល័យនេះបានសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបនឹងចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សខាងមុខនេះ ក្រោមប្រធានបទ «យុវជនក្រោកឡើងដើម្បីសិទ្ធិមនុស្ស» ដែលព្រឹត្តិការណ៍នេះនឹងជួយបំភ្លឺឱ្យកាន់តែច្បាស់អំពីតួនាទីដឹកនាំរបស់យុវជនដែលជាប្រភពជំរុញឱ្យសង្គមមានអនាគតល្អប្រសើរ។
សារផ្សព្វផ្សាយរបស់ការិយាល័យនេះបានឲ្យដឹងថា៖ «ដោយមានការអំពាវនាវជាសកលរបស់យើងដើម្បីឲ្យមានការធ្វើសកម្មភាព «ក្រោកឡើងដើម្បីសិទ្ធិមនុស្ស» យើងនឹងអបអរសាទរសក្ដានុពលរបស់យុវជនដែលជាភ្នាក់ងារធ្វើឱ្យមានការផ្លាស់ប្ដូរបែបស្ថាបនា បំពងសំឡេងរបស់ពួកគេឲ្យខ្ទរខ្ទារ និងធ្វើការជាមួយទស្សនិកជននៅទូទាំងពិភពលោកគ្រប់ស្រទាប់វណ្ណៈ ក្នុងការលើកស្ទួយ និងការពារសិទ្ធិនានា»។
សារផ្សព្វផ្សាយដដែលនេះបានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍អបអរទិវាសិទ្ធិមនុស្សនេះក៏មានការផ្ដល់ពានរង្វាន់ផ្នែកសិទ្ធិមនុស្សយុវជនឆ្នាំ ២០១៩ ទៅឱ្យក្រុមយុវជនឆ្នើមដែលបានចូលរួមក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងសហគមន៍របស់ពួកគេក្នុងប្រទេសកម្ពុជា ហើយក៏មានការសម្ដែងសិល្បៈ និងការប្រគំតន្ត្រីដោយក្រុមយុវជនផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរាជរដ្ឋាភិបាលនឹងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សនេះនៅថ្ងៃទី ១០ ធ្នូនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងធ្វើឡើងក្រោមប្រធានបទផ្ដោតលើយុវជនដូចគ្នាទៅនឹងប្រធានបទខាងអង្គការសហប្រជាជាតិដែរ។ ការផ្ដោតលើយុវជននេះគឺដោយសាររាជរដ្ឋាភិបាលរួមទាំងពិភពលោកបានចាត់ទុកថា យុវជនគឺមានតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរសង្គម។
លោក ជិន ម៉ាលីន អះអាងថាការចូលរួមរបស់យុវជនកម្ពុជាគឺអាចនាំឱ្យមានការផ្លាស់ប្ដូរសង្គមទាំងទៅរកភាពវិជ្ជមាន និងអវិជ្ជមាន ដូចជាការផ្លាស់ប្ដូរនាំទៅរកវិនាសកម្ម និងសោកនាដកម្មដូចដែលគេកំពុងឃើញស្រាប់គឺការផ្លាស់ប្ដូរពីសំណាក់យុវជននៅក្នុងបណ្ដាប្រទេសមួយចំនួនដូចជានៅតំបន់អារ៉ាប់ជាដើម។
លោក ម៉ាលីន ថ្លែងថា៖ «យើងឃើញថា ការចូលរួមរបស់យុវជនគឺមានឥទ្ធិពល។ អ៊ីចឹងយើងប្រារព្ធទិវានេះគឺធ្វើយ៉ាងមេចឱ្យយុវជនចូលរួមដើម្បីផ្លាស់បូរឱ្យមានវិជ្ជមាន ប៉ុន្តែការផ្លាស់ប្ដូរដែលមានវិជ្ជមាន គឺទាល់តែយុវជនដែលចូលរួមហ្នឹង ជាយុវជនប្រកបដោយគុណភាព និងចូលរួមប្រកបដោយការទទួលខុសត្រូវ»។
លោកបន្តថា ការចូលរួមដែលអាចនាំឱ្យមានការផ្លាស់ប្ដូរសង្គមទៅរកភាពវិជ្ជមាននោះគឺយុវជនត្រូវតែមានការយល់ដឹងឱ្យបានច្បាស់លាស់អំពីការប្រើប្រាស់សិទ្ធិរបស់ពួកគេឱ្យបានត្រឹមត្រូវស្របតាមផ្លូវច្បាប់ គោលគំនិតដើមនៃសិទ្ធិមនុស្ស និងបរិបទសង្គមជាជាងការចូលរួមប្រើប្រាស់សិទ្ធិសេរីភាពហួសដែនកំណត់ច្បាប់ដែលលោកថា មិនមែនជាការចូលរួមធ្វើឱ្យមានភាពរីកចម្រើនសម្រាប់សង្គមឡើយ ប៉ុន្តែនឹងបង្កឱ្យមានវិនាសកម្មនៅក្នុងសង្គមទៅវិញ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកបានថ្លែងថា បច្ចុប្បន្នហាក់មិនមានយុវជនកម្ពុជាច្រើនចាប់អារម្មណ៍បញ្ហាសិទ្ធិមនុស្សឡើយ ដោយសារតែរយៈពេលកន្លងមក អ្នកចូលរួមក្នុងការតស៊ូមតិដើម្បីយុត្តិធម៌សង្គម គឺតែងត្រូវបានរារាំង គំរាមកំហែង និងតាមឃ្លាំមើលពីសំណាក់អាជ្ញាធររដ្ឋាភិបាល និងជាពិសេសគឺការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស។
លោក សែនករុណា ថ្លែងថា៖ «អ៊ីចឹងអ្នកធ្វើការផ្នែកសិទ្ធិមនុស្សនេះគឺមានចំនួនថមថយ ដោយសារកត្តាគំរាមកំហែង និងការភ័យខ្លាច។ យើងក៏ឃើញថាមានការលើកទឹកចិត្តដល់យុវជនដែរ ប៉ុន្តែជាការលើកទឹកចិត្តឱ្យទៅផ្លូវផ្សេង»៕