ភ្នំពេញៈ កិច្ចប្រជុំ​លើក​ទី​ ២ ​រវាង​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ស្តីពី​សំណើ​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​ការខ្វែងគំនិត​គ្នា​នូវ​ខ្លឹមសារ​ដែល​និយាយ​អំពី​ការចុះបញ្ជី និង​សិទ្ធិអំណាច​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ការមិន​ចុះបញ្ជី​ឲ្យ​អង្គការ​ណា​ដែល​រកឃើញ​ថា មាន​គោលបំណង និង​ទិសដៅ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​។

កិច្ចពិគ្រោះ​យោបល់​លើក​ទី ២ ដែល​មាន​រយៈពេល ៤ ​ម៉ោង​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង បន្ទាប់ពី​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ១៥ មាត្រា​ដោយ​អះអាង​ថា​មាត្រា​ទាំងនេះ​បាន​ធ្វើឲ្យ​មាន​ការរឹតត្បិត​សិទិ្ធ​សេរីភាព និង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​កាលពី​ម្សិលមិញ​ថា ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ការយឺតយ៉ាវ ដោយ​ហេតុតែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​ការខ្វែងគំនិត​គ្នា ហើយ​យល់​ខុសគ្នា​ពី​ខ្លឹមសារ​នៃ​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​ការពិភ្សា​ព្រឹក​នេះ​ (​ថ្ងៃ​អង្គារ​) ​បាន​តែ​ ២ ​មាត្រា​ទេ​។ យើង​បាន​ពិនិត្យ​ទៅលើ​មាត្រា​ទី ៨ និង ទី ៩ នៃ ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ បញ្ហា​ទី ១ ​ពាក់ព័ន្ធ​ការយល់ដឹង​អំពី​ខ្លឹមសារ​ច្បាប់ និង​ទី​ ២ ទស្សនៈ​មិនទាន់​ត្រូវ​គ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ពិនិត្យ​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​នេះ​»​។

ក្នុង​កិច្ចប្រជុំ​ជា​លើក​ទី​ ២ ​នេះ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ទទូច​ឲ្យ​ក្រសួងមហាផ្ទៃ​លុប​កថាខណ្ឌ​ទី​ ៤ ក្នុង​មាត្រា​ទី​ ៨ ដែល​បាន​ចែងថា ក្រសួងមហាផ្ទៃ​អាច​បដិសេធ​ការស្នើសុំ​ចុះបញ្ជី​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា ដែល​បាន​រកឃើញ​ថា​មាន​គោលបំណង​ និង​ទិសដៅ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​សង្គមជាតិ​កម្ពុជា​។ សង្គម​ស៊ីវិល​លើកឡើង​ថា​មាត្រា​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​បាន​បង្ក​បញ្ហាលំបាក​ក្នុង​ការបំពេញការងារ​របស់​ពួកគេ​។

លោក យង់ គឹមអេង នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែង​នៅក្នុង​អង្គប្រជុំ​នេះ​ថា​៖ «​សំខាន់​បំផុត​យើង​ព្រួយបារម្ភ គឺ​ពាក់ព័ន្ធ​នឹង​មាត្រា​ទាំងអស់​នេះ ប្រសិន​បើ​ដាក់​ទៅ វា​នឹង​អាច​ធ្វើឲ្យ​មាន​ការបកស្រាយ​តាម​ការនឹកឃើញ​សូម្បីតែ​កន្លងមក​ក៏​យើង​ឃើញ​មាន​ការខុសគ្នា​»​។

លោក​បន្តថា នេះ​គឺជា​រឿង​មួយ​សំខាន់​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការព្រួយបារម្ភ​គឺ​​ពាក់ព័ន្ធ​នឹង​ពាក្យ​ថា សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ងាយស្រួល​ក្នុង​ការបកស្រាយ​។ «​បើសិន​យើង​ឈរ​លើ​មូលដ្ឋាន​នៃ​ការគោរព​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើងខ្ញុំ​ថា ពាក្យ​ទាំងអស់​ហ្នឹង​មិន​គួរ​ដាក់​ទេ​»​។

ជា​ការឆ្លើយតប លោក ប៊ុន ហុន ​ថ្លែង​ថា​៖ «​យើង​ (​សង្គម​ស៊ីវិល​) ​គិត​តែមួយ​ជ្រុង​ខ្លួនឯង តែ​អត់​បាន​គិត​អំពី​សាធារណមតិ និង​ប្រជាពលរដ្ឋ​ទូទៅ ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិ​យើង​។ ពាក្យ​ថា សណ្តាប់ធ្នាប់​សាធារណៈ​វា​និយាយ​ទាំងអស់ ទាំង​បញ្ហា​សន្តិសុខ បញ្ហា​ពាក់ព័ន្ធ​នឹង​ភាពស្ងប់ស្ងាត់ ភាពស្អាតស្អំ ភាពអនាម័យ ឬ​បរិស្ថាន​។ យើងខ្ញុំ​ថា បើ​លុប​ទៅ​ទាំងអស់​នេះ​គឺ​មានន័យថា ក្រសួង​មហាផ្ទៃ​មិន​អាច​បដិសេធ​នៅ​សំណើសុំ​ចុះបញ្ជី​អង្គការ​ ឬ​សមាគម​​ (​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ​)»​។

លោក យឿង សុធារ៉ា ប្រធាន​ផ្នែក​កសាង​បណ្តាញ​ភាព​ជា​ដៃគូ និង​ការតស៊ូ​មតិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​ថ្លែងថា កិច្ចពិភាក្សា​នោះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុសផុល​ដោយ​អង្គការ​សង្គម​ស៊ីវិល​មាន​ឱកាស​ក្នុង​ការ​លើកឡើង​នូវ​កង្វល់ និង​មូលហេតុ​ដែល​ចង់​ស្នើ​ធ្វើ​វិសោធនកម្ម ហើយ​ថា​ការស្នើសុំ​នេះ​អាច​នឹង​ចំណាយពេល​យូរ ដោយសារ​តែ​មាន​ការខ្វែង​គំនិត​គ្នា រវាង​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​នឹង​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​ហើយ​និង​ពាក្យពេចន៍​។

ចំណែក​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក​ ស៊ឹង សែនករុណា ​ថ្លែង​ថា​៖ «​វា​ជា​ការផ្តល់​ឱកាស​មួយ​ដែល​ក្រសួងមហាផ្ទៃ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​លើក​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​យើង​គិតថា​ជា​ការរឹតត្បិត​សេរីភាព​របស់​យើង​។ យើង​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​មាន​ការគោរព​ទៅលើ​សិទ្ធិសេរីភាព​របស់​អង្គការ​សង្គមស៊ីវិល ខណៈ​ពេល​ដែល​ក្រសួងមហាផ្ទៃ​ព្យាយាម​ការពារ​មិន​ឲ្យ​កែប្រែ​មាត្រា​ដែល​យើង​ស្នើ​នោះ​»​។

លោក ប៊ុន ហុន បាន​ថ្លែង​ថា​ពេលវេលា​លឿន​ ឬ​ឆាប់​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ គឺ​វា​អាស្រ័យ​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​ទាមទារ​ឲ្យ​ពួកគេ​ត្រូវ​ផ្តល់​មូលដ្ឋាន​ផ្នែក​ច្បាប់​ដោយ​ផ្អែកលើ​មូលដ្ឋាន​ជាតិ និង​អន្តរជាតិ​ក្នុង​ការស្នើសុំ​លុប និង​ការកែប្រែ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​។ ទោះ​យ៉ាងណា​លោក​បញ្ជាក់ថា ក្រសួង​មហាផ្ទៃ​នឹង​ព្យាយាម​សម្របសម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នឹង​អាច​ទទួល​យក​បាន​។

លោក ប៊ុន ហុន លើកឡើង​ថា​ ច្បាប់​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយមាន​ការគិតគូរ​យ៉ាងច្បាស់លាស់​ដែល​បាន​ចំណាយពេល​ប្រមាណ ១០ ​ឆ្នាំ​ ក្នុង​ការស្រាវជ្រាវ​ដោយ​អ្នកជំនាញ​ជាតិ​ និង​អន្តរជាតិ​ហើយ​បាន​ឆ្លងកាត់​ការពិភាក្សា​យ៉ាង​ទូលំទូលាយ​មុន​​ពេល​អនុម័ត​យក​ទៅ​ប្រើប្រាស់​។ លោក​អះអាង​ថា​ចាប់​តាំងពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១៥ មក រាជរដ្ឋាភិបាល​បាន​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការចុះបញ្ជី​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ​។

លោក​ថា អង្គការ​សង្គម​ស៊ីវិល​គឺជា​ដៃគូ​ដ៏ល្អ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម ហើយ​រាជរដ្ឋាភិបាល​មិន​ដែល​បង្កបញ្ហា​លំបាក ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដូច​ការចោទប្រកាន់​នោះទេ​៕