ភ្នំពេញៈ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានរិះគន់លើរឿងក្ដីប្រឆាំងនឹងលោក កឹម សុខា និងបានវាយប្រហារលើក្រុមគាំទ្រលោក សម រង្ស៊ី ដែលចោទប្រកាន់លោក កឹម សុខា ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ខណៈក្រុមមេធាវីការពារលោក កឹម សុខា ប្ដឹងទាស់នឹងការបញ្ជូនរឿងទៅជម្រះ។
កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើបណ្ដាញធ្វីធើររបស់កញ្ញានៅយប់ថ្ងៃអង្គារថា៖ «មានតុលាការរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលព្យាយាមកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិបន្ទាប់ពីឃុំឃាំងមិនស្របច្បាប់អស់រយៈពេល ២ ឆ្នាំ»។
កញ្ញាបន្តថា៖ «ស្របពេលជាមួយគ្នានេះក៏មានក្រុមការងារលាបពណ៌របស់លោក សម រង្ស៊ី ដែលធ្វើការបន្ថែមម៉ោងដោយហៅលោក កឹម សុខា ថាជាអាយ៉ងរបស់ CPP ដោយសារតែខ្លាចលោក (កឹម សុខា) ត្រូវបានព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសនាពេលខាងមុខ។ នេះជានយោបាយនៅកម្ពុជាដែលយើងត្រូវតែផ្លាស់ប្ដូរ»។
ក្រៅពីសរសេរនៅលើធ្វីធើរ កញ្ញា កឹម មនោវិទ្យា ក៏បានផូស្តនៅលើហ្វេសប៊ុកដោយមានបានដាក់រូបលោក កឹម សុខា ហើយសរសេរពីការបង្រួបបង្រួមបក្សប្រឆាំងនៅឆ្នាំ ២០១២។ កញ្ញាថា ការបង្រួបបង្រួមពេលនោះជំរុញឱ្យបក្សប្រឆាំងមួយទៀតទម្លាក់អាវុធលាបពណ៌ដ៏ខ្មៅ និងច្រែះចាប់របស់គេ បន្ទាប់ពីគេប្រើវាយលោក (កឹម សុខា) ជាង ៥ ឆ្នាំមក ហើយបង្កើតបានជាបក្សប្រឆាំងរួមដ៏ធំមួយ។
កញ្ញាបន្តថានៅឆ្នាំ ២០២០ ខាងមុខនេះ លោក កឹម សុខា នឹងបង្រួបបង្រួមខ្មែរលើកទី ២ ដែលនាំឲ្យមានការផ្សះផ្សាជាតិទ្រង់ទ្រាយធំដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់ បំបាត់ការចាប់ចងវាយប្រហារដែលនាំបញ្ហាវឹកវរដល់ជាតិ លើកកម្ពស់កិត្តិយសកម្ពុជាទាំងអស់គ្នាលើឆាកអន្តរជាតិ...។
ចំពោះសំណុំរឿងលោក កឹម សុខា អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ និយាយថាលោកក៏យល់ឃើញដូចការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា ដែរ។ ប៉ុន្តែចំពោះការលើកឡើងថាមានក្រុមលោក សម រង្ស៊ី ដែលលាបពណ៌លោក កឹម សុខា នោះលោកសុំមិនអត្ថាធិប្បាយទេ តែបានថ្លែងយ៉ាងខ្លីថា៖ «ខ្ញុំទុកឲ្យជំរំលោក កឹម សុខា និងជំរំ លោក សម រង្ស៊ី វាយគ្នាទៅវិញទៅមករហូតដល់ពួកគេនៅសល់តែអ្នកគាំទ្រចុងក្រោយម្នាក់»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា លើសំណុំរឿងលោក កឹម សុខា នោះវាជារឿងសាមញ្ញដែលកូនស្រីមិនអាចទទួលស្គាល់ពីពិរុទ្ធភាពរបស់ឪពុកខ្លួនតាំងពីដើមរៀងមក។
លើសពីនេះលោក គិន ភា មើលឃើញសាររបស់កញ្ញា កឹម មនោវិទ្យា ដែលលើកឡើងពីការលាបពណ៌ថាជារូបភាពនៃការបែកបាក់នៃអតីតបក្សប្រឆាំង។ លោកក៏យល់ឃើញថា ពិតជាមានក្រុមរបស់លោក សម រង្ស៊ី ដែលបាននិយាយទុកមុនថា បើលោក កឹម សុខា ត្រូវបានលើកលែងទោសនោះលោក កឹម សុខា ជាអាយ៉ងរបស់គណបក្សប្រជាជន។ ប៉ុន្តែលោកថា កញ្ញា កឹម មនោវិទ្យា ដែលលើកឡើងបែបនេះក៏ចង់ការពារខ្លួនទុកមុនដែរ។
លោក គិន ភា បានថ្លែងថា៖ «កូនលោក កឹម សុខា គឺ កឹម មនោវិទ្យា និយាយបែបនេះគឺគាត់ចង់បង្ហាញថា ក្រុមរបស់គាត់គឺមិនត្រូវគ្នាទេរវាងក្រុមលោក សម រង្ស៊ី និងក្រុមលោក កឹម សុខា ព្រោះគេតែងមានទស្សនៈផ្ទុយគ្នា។ កឹម មនោវិទ្យា ក៏គាត់និយាយបង្ការទុកមុនដែរថា ឪពុកគាត់នឹងទទួលរងនូវការចោទប្រកាន់បែបនេះពីសំណាក់លោក សម រង្ស៊ី បើសិនឪពុកគាត់ត្រូវបានព្រះមហាក្សត្រលើកលែងទោស។ ទាំងនេះសុទ្ធតែជាការបង្ការទុកមុនដូចគ្នា ហើយក្រុមទាំង ២ នេះបានប៉ាន់ប្រមាណឃើញអនាគតដែលត្រូវបែកបាក់គ្នាហើយ បើតាមការលើកឡើងបែបនេះ»។
ស្របពេលជាមួយគ្នានេះក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានប្ដឹងទាស់ទៅនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរដែលបានបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» ទៅជំនុំជម្រះកាលពីថ្ងៃចន្ទ។
យោងតាមលិខិតប្តឹងឧទ្ធរណ៍របស់សហមេធាវីលោក កឹម សុខា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានមេធាវីបានលើកឡើងថាលោក កឹម សុខា កើតទុក្ខមិនសុខចិត្តនឹងដីកាដោះស្រាយបញ្ជូនរឿងទៅជំនុំជម្រះកាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៩ ហើយលោក កឹម សុខា បានឲ្យសហមេធាវីប្ដឹងឧទ្ធរណ៍នឹងដីកានេះ។
ដោយហេតុលោក កឹម សុខា ត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។ ទី២ ចៅក្រមស៊ើបសួរមិនបានសម្រេចលើពាក្យស្នើសុំឲ្យទម្លាក់បទចោទលើលោក កឹម សុខា ដែលធ្វើឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកាកន្លងទៅ។ ទី៣ ដោយសារតែការស៊ើបអង្កេតមិនត្រូវបានធ្វើឡើងពេញលេញគឺថាអ្នកដែលពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា មិនត្រូវបានសាកសួរ។
លោក ចាន់ ចេន មេធាវី ១ រូបក្នុងចំណោម ៤ រូប ដែលការពារក្ដីលោក កឹម សុខា បានថ្លែងថា ការដាក់កូនក្ដីលោកឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការធ្វើឡើងក្នុងរូបភាពជាការហាមប្រាមមិនឲ្យលោក កឹម សុខា ចេញទៅក្រៅប្រទេស និងមិនឲ្យធ្វើសកម្មភាពនយោបាយជាដើម។
លោកបន្តថា៖ «ចំពោះចំណុចទី៣ ការកសាងសំណុំរឿងនៃរឿងក្ដីនេះ សមត្ថកិច្ចបានចោទថាកូនក្ដីយើងខ្ញុំបានត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការធ្វើបទ «សន្ទិដ្ឋិភាព» ក៏ប៉ុន្តែរហូតដល់ពេលនេះ តើបរទេសណាដែលថាត្រូវរ៉ូវគ្នាហ្នឹង? យើងអត់ឃើញចៅក្រមស៊ើបសួរស៊ើបអង្កេតទៅដល់អ្នកដែលពាក់ព័ន្ធ។ បើថាភាគី ក សហាយស្មន់ អ៊ីចឹងតើភាគីណាដែលសហាយស្មន់ជាមួយភាគី ក នោះ?»។
កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងអំពីការបិទការស៊ើបសួរ និងបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះ។ ការសម្រេចបញ្ជូនរឿងទៅជម្រះនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានស្រាវជ្រាវចប់សព្វគ្រប់ ហើយ «ពិនិត្យឃើញថា មានភ័ស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយត្រូវបានចៅក្រមស៊ើបសួរបិទបញ្ចប់ការស៊ើបសួរ»។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃអង្គារថា សំណុំរឿងនេះ «ក្រុមប្រឹក្សាមិនទាន់កំណត់ថ្ងៃជំនុំជម្រះទេ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន និងឃុំកាលពីខែកញ្ញា ឆ្នាំ ២០១៧។
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោម ៤ នាក់ ដែលការពារក្ដីលោក កឹម សុខា បានថ្លែងថាជាទូទៅតាមនីតិវិធី ការជំនុំជម្រះតែងកើតមានក្នុងរយៈពេលខ្លីសមស្របមួយ បើសិនជាជនត្រូវចោទនៅក្នុងឃុំ។ ប៉ុន្ដែដោយសារកូនក្ដីអ្នកស្រីត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយនោះ អ្នកស្រីថា ថិរវេលាដែលត្រូវជំនុំជម្រះមិនមានការកំណត់ទេ។
អ្នកស្រី មេធាវី ថ្លែងបន្តទៀតថា៖ «បើសិនជាមានការជម្រះឆាប់រហ័ស ហើយកូនក្ដីយើងខ្ញុំរួចខ្លួនពីបទចោទ នេះជាការល្អហើយ ប៉ុន្តែបើសិនជាថាជម្រះហ្នឹងធ្វើឲ្យមានទោសមានពៃរ៍ យើងមិនចង់ឲ្យមានការជម្រះបែបនេះទេ»៕
វីដេអូ៖