ភ្នំពេញៈ កូនស្រី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សហភាព​អឺរ៉ុប (EU) នឹង​បើក​កិច្ចប្រជុំ​ថ្មី​មួយ​នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ​ដើម្បី​ពិភាក្សា​ត្រួត​ពិនិត្យ​ថា តើ EU នឹង​នៅ​តែ​បន្ត​លើ​ការ​អនុគ្រោះ​ពន្ធ​ឲ្យ​កម្ពុជា នាំ​ទំនិញ​ចូល​ទៅ​កាន់​អឺរ៉ុប​ជា​បន្ត​ទៀត ឬ​ ក៏​ត្រូវ​ព្យួរ​មួយ​រយៈ បន្ទាប់ពី​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​បាន​រំលាយ​គណបក្ស​ប្រឆាំង​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​កញ្ញា កឹម មនោវិទ្យា ថា​ជា​សម្តី​ឥតប្រយោជន៍​។

កញ្ញា មនោវិទ្យា បាន​ថ្លែង​នៅក្នុង​វេទិកា​ជួបជុំ​សាធារណៈ​ជាមួយ​អ្នក​គាំទ្រ កាលពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ នៅ​ទីក្រុង​ឡុងប៊ិច សហរដ្ឋអាមេរិក​ថា ក្រៅ​ពី​សហរដ្ឋអាមេរិក គេ​ឃើញ​មាន EU ក៏​កំពុង​មាន​យុទ្ធនាការ​ដក​ជំនួយ​ពី​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​ដូចជា គ.ជ.ប និង​ជំនួយ​ផ្សេងៗ​ទៀត ព្រមទាំង​ដក​សេចក្ដី​ទុក​ចិត្ត​មកលើ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

កញ្ញា​បន្ត​ថា ប្រសិន​បើ EU ដក​ជំនួយ​បែប​នេះ គឺ​ស្ថាប័ន​នោះ​អស់​តម្លៃ​ដូច​កាលពី​មុន​ទៀត​ដែរ​។

កញ្ញា​បន្ត​ថា លើស​ពី​នេះ EU នឹង​មាន​ជំហ៊ាន​បន្ទាប់​ដោយ​គ្រោង​បើក​កិច្ចប្រជុំ​ថ្មី​មួយ​នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ​ខាង​មុខ ដើម្បី​ពិភាក្សា​ត្រួតពិនិត្យ ថា​តើ​ត្រូវ​បន្ត​អនុគ្រោះ​កូតា​លើកលែង​ពន្ធ​នាំ​ទំនិញ​ចូល​មក​កាន់​អឺរ៉ុប​ឲ្យ​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត ឬ​ក៏​យ៉ាង​ណា​? ក្នុង​ន័យ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សើរើ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​។

កញ្ញា​ កឹម មនោវិទ្យា បាន​គូសបញ្ជាក់​ថា​៖ «EU គេ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជាច្រើន​ដង​ហើយ ហេតុ​អ្វី​ក៏​ពួកគាត់​ (​រដ្ឋាភិបាល​) ធ្វើ​មិន​ដឹង មិន​យល់ ឬ​មិន​ព្រម​ធ្វើ​? ខ្ញុំ​ជឿជាក់​ថា EU គេ​នឹង​ធ្វើ​វា ហើយ​ការ​បើក​ការ​ស៊ើបអង្កេត​នេះ គឺជា​ជំហាន​ទី​ ១ ​របស់ EU ដើម្បី​ឈាន​ទៅ​រក​ការ​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា សម្ដី​របស់​កញ្ញា កឹម មនោវិទ្យា ជា​សម្ដី​ឥត​បាន​ការ និង​ឥតប្រយោជន៍ ដោយ​លោក​លើក​ឡើង​ថា​សហភាព​អឺរ៉ុប​មាន​ការ​ប្រជុំ ឬ​មិន​មាន​ការប្រជុំ មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ព្រោះ​ការ​ធ្វើ​ជំនួញ​គឺ​មាន​ការ​ចំណេញ​ទៅវិញ​ទៅមក​។ ចំណែក​កម្ពុជា​ចំណេញ​មួយ​ចំនួន ដោយសារ​កម្មករ​មាន​ការងារ​ធ្វើ ហើយ​ភាគី​ខាង EU ក៏​ចំណេញ​ពី​លើ​កម្មករ​ខ្មែរ​វិញ​ដែរ​។

លោក​បន្ត​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិតជា​បិទ​មែន​នោះ​គឺ​មិនមែន​តែ​កម្ពុជា​ទេ ដែល​ខាត​ភាគី​ខាង EU ក៏​ខាត​ដូច​តែ​គ្នា​។

លោក​ថា​៖ «​ការ​ប្រជុំ​នេះ គឺ​ប្រជុំ​រដ្ឋសភា​ទេ មិនមែន​ប្រជុំ​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ទេ​។ យើង​គ្មាន​បារម្ភ​អ្វី​ទេ ព្រោះ​វា​មិន​មាន​ហានិភ័យ​អ្វី​កើតឡើង​រហូត​ដល់​ស្លាប់​ទេ យើង​ធ្លាប់​ឆ្លងកាត់​កាល​ឆ្នាំ​ ១៩៧៩ សង្គ្រាម​ហ៊ុមព័ន្ធ​ជុំ​ទិស ក៏​យើង​នៅ​តែ​រស់​។ ទម្រាំ​ឥឡូវ យើង​រីកចម្រើន​គ្រប់​វិស័យ​ទៅ​ហើយ​ព្រោះ​យើង​ក៏​មាន​មិត្តភក្ដិ​ច្រើន​ទៀត​លើ​ពិភពលោក​ដែរ​»​។

តំណាង​សហភាព​អឺរ៉ុប​ (EU) ប្រចាំ​នៅ​ប្រទេស​កម្ពុជា មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា​វា​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផលប៉ះពាល់​នៃ​ការ​កាត់​ផ្តាច់​ជំនួយ​ពី​ប្រទេស​មហាអំណាច​។ ផលប៉ះពាល់​ធំ​ជាង​គេ គឺ​មិនមែន​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ​គឺ​ប៉ះពាល់​លើ​កម្មករ​វិស័យ​កាត់ដេរ ដែល​មាន​ជិត​មួយ​លាន​នាក់ និង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ចជាតិ​ទាំង​មូល​ដោយសារ​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចេញ ផ្នែក​វិស័យ​កាត់ដេរ​ដែល​មាន​អំណោយផល​ដោយសារ​ការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ថា EU នឹង​មិន​មាន​គំនិត​យក​ពន្ធ​ពី​ពលរដ្ឋ​កម្ពុជា​ទេ ព្រោះ​គេ​មើល​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា​នៅ​មិន​ទាន់​គេច​រួច​ពី​ភាពក្រីក្រ​នៅ​ឡើយ​»​។

ទាក់ទង​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ការ​រំលាយ​គណបក្សប្រឆាំង​នេះ​ដែរ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាត់​វិធានការ​មួយ​ចំនួន​ក្នុង​រយៈកាល​ប៉ុន្មាន​ខែ​នេះ ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែលម្អ​បរិយាកាស​នយោបាយ​ដូច​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​ការ​ឆ្លើយតប​ដោយ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ទៅ​នឹង​សំណួរ​របស់​រដ្ឋសភា​អាល្លឺម៉ង់​ក្នុង​នោះ ក៏​មាន​ការ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ​ផង​ដែរ​។

ចម្លើយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​ផ្ញើ​ទៅ​សភា​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨ ​និង​ដែល​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី ១៦ ​ខែ​កុម្ភៈ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល «​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​របស់​លោក​មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា​»៕