ភ្នំពេញៈ កុមារប្រមាណ ៣០០ នាក់ និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីតំណាងរដ្ឋាភិបាលពីម្សិលមិញបានជួបគ្នានៅឯ The Factory Phnom Penh ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងដើម្បីចាប់ផ្ដើមធ្វើយុទ្ធនាការ «ផ្ដល់សិទ្ធិទាំងអស់ដើម្បីកុមារគ្រប់រូប»។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា បញ្ជាក់ថា ការប្រារព្ធពិធីអបអរដ៏សំខាន់នេះ គឺដើម្បីចាប់ផ្ដើមនៃយុទ្ធនាការផ្ដល់សិទ្ធិកុមារថ្នាក់ជាតិរយៈពេល ៣ ខែ ដែលរៀបចំរួមគ្នាដោយសហភាពអឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការ Child Rights Now។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «យុទ្ធនាការនេះមានបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងជំរុញឱ្យអនុវត្តសកម្មភាពជាក់ស្ដែងសម្រាប់កុមារកម្ពុជា»។
នៅក្នុងកម្មវិធីអបអរសាទរដែលមានការចូលរួមពីកុមារប្រហែល ៣០០ នាក់ មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននោះគឺតំណាងកុមារលើកឡើងពីបញ្ហារបស់កុមារដែលនៅតែកើតមានស្របពេលក្រុមវាគ្មិនមកពីដៃគូអភិវឌ្ឍន៍ និងមកពីរដ្ឋាភិបាលបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយឱ្យកុមារកម្ពុជាទទួលបានសិទ្ធិពេញលេញនាពេលកន្លងមក។
កុមារី ធឿន ដាណែត អាយុ ១៧ ឆ្នាំ ដែលជាប្រធានក្លិបកុមាររបស់អង្គការ Save the Children នៅខេត្តព្រៃវែងលើកឡើងថា ខ្លួន និងកុមារ នៅក្នុងសហគមន៍ស្ទើរតែទាំងអស់គឺមិនដែលបានដឹងថា ខ្លួនត្រូវទទួលបានសិទ្ធិអ្វីខ្លះនោះទេ។ នៅពេលជួបទុក្ខលំបាកក៏មិនហ៊ានលើកឡើងប្រាប់ទៅអាជ្ញាធរភូមិឃុំឱ្យជួយដោះស្រាយឡើយ។
ដាណែត និយាយថា៖ «និយាយទៅនៅក្នុងសហគមន៍របស់ខ្ញុំ ខ្ញុំអត់ដែលដឹងថាត្រូវបញ្ចេញមតិយោបល់អី ហើយសូម្បីមេឃុំក៏អត់ដែលស្គាល់ឈ្មោះ។ នៅក្នុងផ្ទះក៏មិនបានបញ្ចេញមតិយោបល់អីដែរ ទាំងការឈឺថ្កាត់ពេលខ្លះ និងមានរឿងអីមួយ គឺបានត្រឹមអង្គុយយំអត់បានដែលចែករំលែកជាមួយបងប្អូន ឬឪពុក ម្ដាយទេ។ ពីព្រោះខ្ញុំរស់នៅជាមួយយាយ ដោយសារឪពុកម្ដាយធ្វើចំណាកស្រុក»។
កុមារីរូបនេះបន្តថា ខ្លួនរួមទាំងកុមារនៅក្នុងសហគមន៍មួយចំនួនចាប់ផ្ដើមយល់ដឹងអំពីសិទ្ធិ បន្ទាប់ពីមានអង្គការបង្កើតក្លិបសម្រាប់កុមារជួបជុំដើម្បីស្វែងយល់អំពីសិទ្ធិ។ កុមារី ដាណែត បន្ថែមថា ខ្លួនបានធ្វើជាប្រធានក្លិបនេះអស់រយៈពេល ៦ ឆ្នាំមកដល់ពេលនេះដោយដឹកនាំកុមារក្នុងសហគមន៍ប្រជុំជាប្រចាំខែ ដើម្បីពាំនាំបញ្ហាប្រឈមរបស់កុមារឱ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ។
ដាណែត និយាយថា៖ «ថ្វីដ្បិតតែនាងខ្ញុំជាតំណាងឱ្យកុមារដែលមានការចូលរួមសកម្ម ប៉ុន្តែកុមារនៅក្នុងសហគមន៍របស់ខ្ញុំមួយចំនួនទៀតអត់បានចូលរួមសកម្មពេញលេញនៅឡើយទេ ហើយសិទ្ធិពួកគាត់ក៏មិនទាន់ទទួលបានពេញលេញនៅឡើយដែរ។ ដូច្នេះហើយខ្ញុំគិតថាការចូលរួមរបស់កុមារនៅថ្ងៃនេះពិតជា មានសារៈសំខាន់ ពីព្រោះកុមារមួយចំនួនមិនទាន់ដឹងថាថ្ងៃនេះគឺជាថ្ងៃអីនោះទេ»។
ដាណែត បញ្ជាក់ទៀតថាក្នុងនាមជាតំណាងកុមារក្នុងសហគមន៍កន្លងមកខ្លួនបានលើកយកបញ្ហាកុមារមួយចំនួនដើម្បីឱ្យក្រុមប្រឹក្សាឃុំជួយដោះស្រាយ ដូចជាបញ្ហាកុមារបោះបង់ការសិក្សា និងជាពិសេសបញ្ហាដែលកំពុងប្រឈមខ្លាំងពេលបច្ចុប្បន្នគឺកុមារសេពគ្រឿងញៀន និងប្រើប្រាស់គ្រឿងស្រវឹងជាដើម។
លោកស្រី Elizabeth Pearce ប្រធានអង្គការ Save the Children ប្រចាំកម្ពុជាថ្លែងថា ការចូលរួមដ៏មានអត្ថន័យរបស់កុមារ និងមនុស្សវ័យក្មេងគឺអាចបង្កើតឱ្យការផ្លាស់ប្ដូរជាវិជ្ជមាន។
លោកស្រីបន្ថែមថា៖ «ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា សិទ្ធិនេះសម្រាប់ មនុស្សក្មេងដើម្បីបញ្ចេញមតិយោបល់ និងចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្តគឺជាសិទ្ធិមួយក្នុងចំណោមសិទ្ធិស្នូលទាំងឡាយដែលបានគូសបញ្ជាក់នៅក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ»។
ចំណែកលោកស្រី Veena Reddy ប្រធានបេសកកម្ម USAID ថ្លែងដែរថា USAID បានផ្ដល់កម្មវិធីសុខភាព និងការការពារកុមារដើម្បីផ្ដល់លទ្ធភាពឱ្យកុមារនៅកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព និងការរស់នៅក្នុងគ្រួសារគ្មានអំពើហិង្សា និងមានសុខភាព។
លោកស្រីថា៖ «ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ USAID បានសហការជាមួយអង្គការ Save the Children UNICEF និងរដ្ឋាភិបាលដើម្បីគាំពារកុមារប្រហែល ២ សែននាក់ កុំឱ្យមានជំងឺក្រិសក្រិន»។
ជាមួយគ្នានេះលោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសង្គមកិច្ចថ្លែងថា កម្ពុជានៅតែប្រឈមនឹងការបែកចេញពីគ្រួសារ ការជួញដូរ ការរងនូវអំពើហិង្សា ការគំរាមកំហែង ការរំលោភបំពានទាំងផ្លូវកាយ និង ផ្លូវចិត្តរួមទាំងការកេងប្រវ័ញ្ចគ្រប់រូបភាព។
លោកស្រីថា៖ «យោងតាមការអង្កេតមួយឆ្នាំ ២០១៣ ស្ដីពីអំពើហិង្សាលើកុមារឱ្យដឹងថា កុមារម្នាក់ក្នុងចំណោម ២ នាក់ បានទទួលរងអំពើហិង្សាលើរាងកាយ ម្នាក់ក្នុងចំណោម ៤ នាក់ បានទទួលរងអំពើហិង្សាលើផ្លូវចិត្ត និងម្នាក់ក្នុងចំណោម ២០ នាក់បានទទួលរងអំពើហិង្សាលើផ្លូវភេទ»។
លោក ពុធ សាមិត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំអះអាងថា បច្ចប្បន្នកុមារកម្ពុជា ៩៨% ទទួលបានការអប់រំនៅបឋមសិក្សា ហើយបើតាមរបាយការណ៍ស្ដីពីការអប់រំសកលបង្ហាញថា កម្ពុជាទទួលបានជោគជ័យក្នុងការផ្ដល់សេវាអប់រំ។
លោក Cristian Munduate តំណាងយូនីសេហ្វប្រចាំកម្ពុជាលើកឡើងថា ការផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់រដ្ឋជាភាគីគឺការរូបរួមគ្នាដើម្បីបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់ការពារកុមារ និងចង់ធានាថា កុមារទទួលបានសេវាសុខភាព សេវាអប់រំ អាហារូបត្ថម្ភ ទឹកស្អាត សេវាអនាម័យ និងទទួលបានការការពារពីអ្វីៗដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់កុមារ។
កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារក្នុងឆ្នាំ ១៩៩២ បន្ទាប់ពីត្រូវអង្គការសហប្រជាជាតិអនុម័តក្នុងឆ្នាំ ១៩៨៩ ហើយជាអនុសញ្ញាមួយដែលត្រូវបានគេផ្ដល់សច្ចាប័នច្រើនជាងគេបំផុត៕