ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្លែងថាការតែងតាំងកូនប្រុសបង្កើតរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យកាន់តំណែងជាអភិបាលខេត្តសៀមរាបគឺផ្អែកទៅលើសមត្ថភាពក្នុងការពង្រឹងប្រសិទ្ធការងារ និងបន្តវេន ខណៈអភិបាលខេត្តបច្ចុប្បន្នត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
កូនប្រុសរបស់លោក ទៀ បាញ់ គឺលោក ទៀ សីហា ដែលជាឧត្តមសេនីយ៍ទោ ក្រសួងការពារជាតិជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា។
ការតែងតាំងនេះត្រូវបានធ្វើឡើងដោយព្រះរាជក្រឹត្យ ២ ដាច់ដោយឡែកពីគ្នា ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ បានសម្រេចតែងតាំងកូនប្រុសរបស់លោក ទៀ បាញ់ គឺលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប។ អភិបាលខេត្តបច្ចុប្បន្នលោក ឃឹម ប៊ុនសុង ត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនរោត្តម សីហមុនី ចែងថា៖ «យើងត្រាស់បង្គាប់តែងតាំងឯកឧត្តម ទៀ សីហា ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ ៣ ជាអភិបាលនៃគណៈអភិបាល ខេត្តសៀមរាប។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។
ព្រះរាជក្រឹត្យមួយទៀតដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនរោត្តម សីហមុនី កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ បានចែងថា៖ «យើងត្រាស់បង្គាប់តែងតាំងដំឡើងឋានន្តរស័ក្តិដល់ឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង ជានាយឧត្តមសេនីយ៍នៃកងយោពលខេមរភូមិន្ទ។ តែងតាំងនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ជារដ្ឋលេខាធិការក្រសួងការពារជាតិ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថាលោក ទៀ សីហា មានសមត្ថភាព ទេពកោសល្យ លទ្ធភាព និងការទទួលខុសត្រូវខ្ពស់ហើយការតែងតាំងនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
លោកថា៖ «ការតែងតាំងនេះគឺជាសេចក្តីត្រូវការដើម្បីឲ្យដំណើរការងារប្រកបដោយប្រសិទ្ធភាព។ បេក្ខជនដែលទទួលបានការតែងតាំងគាត់មានសមត្ថភាពដែលអាចទទួលយកកាតព្វកិច្ចនេះ និងការតែងតាំងនេះគឺជាការបន្តវេន។ មន្ត្រីវ័យក្មេងដែលត្រូវបានតែងតាំងទាំងនេះដើម្បីគាត់ជួយពង្រឹងប្រសិទ្ធភាពការងារ បន្ទាប់ពីចាស់»។
ប៉ុន្តែលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថាការផ្ទេរតំណែងលោក ឃឹម ប៊ុនសុង ធ្វើឡើងបន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់បានរកឃើញថា មានកំហុសជាច្រើន និងបានស្នើដល់លោកនាយករដ្ឋមន្ត្រីឲ្យដកតំណែង។
លោកបញ្ជាក់ថា៖ «ខណៈនេះលោក ឃឹម ប៊ុន សុង បានបញ្ចប់មុខងារជាអភិបាលនៃខេត្តសៀមរាបហើយសូមអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូចបង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ»។
លោក ទៀ សីហា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងថ្មីខេត្តសៀមរាបកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧៕