ភ្នំពេញៈ កម្ពុជាអះអាងថា ​សាធារណរដ្ឋ​កូរ៉េ ​នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​បន្ថែម​ទៀត ​រយៈ​ពេល ៣ ឆ្នាំ​បន្តបន្ទាប់​ ដោយ​ទទួល​យក​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​ក្នុងប្រទេស​ខ្លួន ​ស្របពេល​ប្រទេស​នេះ​បាន​កាត់បន្ថយ​ការ​នាំ​ពលករ​ពី​ប្រទេស​ដទៃ។

ចាប់ពី​ឆ្នាំ ២០០៧ មក ​ការ​ប្រ​ឡង​តេស្ត​សមត្ថភាព​កូរ៉េ ​(EPS-TOPIK)​ បានរៀបចំ​ចំនួន​ ១៦​ លើក​មកហើយ ​ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​មុខ​របរ និង​ការងារ​នៃ​សាធារ​ណរដ្ឋ​កូរ៉េ​ (HRD-Korea) រួម​សហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះបណ្តាល ​និង​បញ្ជូន​ពលករ​ទៅ​បរទេស ​(MTOSB) ​ដែល​បាន​ទទួល​ពលករ​កម្ពុជា​ប្រមាណ ​៨៩-៣៩៣ នាក់​ ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ​ក្នុងចំណោម​បេក្ខជន​ខ្មែរ ​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន ៤៣៤ ០៥៤ នាក់។

ការប្រកាស​ពី​ការបង្កើន​ចំនួន​ពលករ​ទៅ​ប្រទេស​កូរ៉េ​នេះបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​មួយ​រវាងលោក ​KIM DONG MAN ​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ​ជាមួយ​ លោក ​អុិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​កាលពី​ថ្ងៃ​ចន្ទ​ ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ (EPS)។

ក្នុងជំនួប​នោះ ​លោក​ KIM DONG MAN ​ថ្លែងថា ​ដោយ​មើលឃើញ​ពី​អត្តចរិត​ស្លូតបូត ​ឧស្សាហ៍​ព្យាយាម​របស់​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​ នៅ​សាធារណរដ្ឋ​កូរ៉េ ​និង​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំង២​ កម្ពុជា-កូរ៉េ​ សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត។

លោកបញ្ជាក់ថា​៖ «អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ​ប្តេជ្ញា​ជំរុញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នៃ​ការបញ្ជូន​ពលករ​នេះឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ​ដើម្បី​បម្រើ​ផល​ប្រ​យោជន៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​យើង​ទាំង ២»។

ជាមួយនឹង​ការប្តេជ្ញា​នេះ​ លោក ​អុិត សំហេង​ បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ HRD-KOREA ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស ​ជាពិសេស​បងប្អូន​ពលករ-ពលការិនី​កម្ពុជា។

ដោយ​ក្នុងនោះ​ លោក ​អុិត សំហេង​ ថា​៖ «ក្នុង​អាណត្តិ​ការងារ​របស់​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​រូបនេះ​ រយៈពេល​ ៣ ឆ្នាំ​ នឹង​កាន់តែ​ធ្វើ​ឲ្យ​កិច្ចសហ​ប្រតិបត្តិការ​រវាងគណៈកម្មាធិការ​បណ្តុះបណ្តាលនិង​​បញ្ជូន​​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​មុខរបរ ​និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ នឹង​កាន់តែ​ប្រសើរឡើង​បន្ត​ទៀត»។

លោក​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ ចំនួន​កូតា​ ដែល​នឹង​បង្កើតជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ ៣ ឆ្នាំ​ខាងមុខ​នេះ​នឹង​កើន​បាន​ត្រឹម​ ២០០ នាក់​ ពីលើ​ចំនួន​ដែល​មាន​ស្រាប់ ​ដែល​នឹងធ្វើ​ឲ្យ​ការបញ្ជូន​ពល​ករ​ទៅ​ប្រទេស​នេះ​ មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ដទៃ។

លោក​បញ្ជាក់ថា​៖ «កូរ៉េបាន​​ទទួលយក​ពលករ​ពី​ប្រទេស​ផ្សេងៗ​ចំនួន ១៦​ ប្រទេស​ ក្នុងនោះ​រួមទាំង​កម្ពុជា​ផងដែរ។ ​ប៉ុន្តែ​ពី​ប្រទេស​ផ្សេងទៀត​ កូរ៉េបាន​កាត់បន្ថយ​ ដោយឡែក​សម្រាប់​កម្ពុជា ​គេ​បង្កើន​បាន ២០០។ កន្លង​ទៅ​កម្ពុជាបានបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​ក្នុង ប្រទេស​កូរ៉េ ​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​ច្រើន​ជាងគេ ​បន្ទាប់មក​ផ្នែក​កសិកម្ម រីឯ​សេវាកម្ម​គឺ​តិចតួច»។

បើតាម​ក្រសួង​ការងារ បាន​ឲ្យ​ដឹងថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៤ សម្រាប់​រយៈពេល​នៃ​ការបញ្ជូន​ពលករនេះ​ តែ​បើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ​ កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​លេខ ១។ កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​លេខ ១ ​ដែល​បាន​បញ្ជូន​ពលករ​ច្រើន​ជាងគេ​ក្នុង​ចំណោម ​១៦ ​ប្រទេស​ ក្នុង​ឆ្នាំ ២០១៩ នេះ។ ​(លេខ២ នេ​ប៉ាល់,​ លេខ៣ ​វៀតណាម, ​លេខ៤​ ឥណ្ឌូនេស៊ី ​និង​លេខ៥ ថៃ)។

លោក​មឿន តុលា ​នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស ​(សង់ត្រាល់)​​ លើកឡើងថា​ ការនាំ​ពលករ​ទៅ​ប្រទេស​កូរ៉េនេះ ​ជាទូទៅ​ មិនសូវ​ជាមាន​បញ្ហា​ច្រើន​នោះទេ ​បើ​ប្រៀបធៀប​ទៅនឹង​ការនាំ​ពលករ​ ចេញ​ទៅ​ប្រទេស​ដទៃ ​ជាពិសេស​ ប្រទេស​ថៃ ​និង​ម៉ាឡេស៊ី។

ប៉ុន្តែ​យ៉ាងណា​ លោក​ ក៏​មិន​ពេញចិត្ត​នឹងតួ​លេខ​ដែល​បង្ហាញ​ថា​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ល្អ​ ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេសនេះ​ដែរ​ ខណៈ​លោក ​ចង់​ឃើញ​ការបង្កើត​ការងារ​ឲ្យបាន​ច្រើន​នៅក្នុង​ស្រុក ​និង​ដើម្បី​ឆ្លើយ​តប​យ៉ាង​ណាឲ្យ​បាន​ប្រសើរ​បំផុត​ នៅពេល​ពលករ​ទាំង​នោះត្រឡប់​មក​ក្នុង​ប្រទេស ​ដើម្បីឲ្យ​ពួកគេ ​អាច​មាន​ការងារ​ធ្វើ​សមរម្យ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​មិនត្រេកត្រអាល​ចំនួន​នៃ​ការបញ្ជូន​ពលរដ្ឋ​ចេញ​ទេ។ ឲ្យ​ខ្ញុំ​ត្រេក ត្រអាល​គឺ​រឿង​បង្កើត​ការងារ​ក្នុង​ស្រុក​ឲ្យ​ពលរដ្ឋ​ធ្វើ ព្រោះ​កាលណា​យើង​ត្រេកត្រអាល​តែ​រឿង​បញ្ជូន​ពលរដ្ឋ​យើង ​ហើយ​យើង​អត់គិត​ពី​យន្ត​ការ​ក្នុងការ​ទទួល​ពលរដ្ឋ​ពេល​ត្រឡប់​មក​វិញ​ នោះ​អាច​មានបញ្ហា​នៅ​ថ្ងៃ​ក្រោយ​ដែរ»។

លោក​បន្តថា​៖ «បើ​រដ្ឋ​យើង​មាន​ទស្សនៈ​វែងឆ្ងាយ ​ត្រូវ​ចរចា​ជាមួយ​គេ ​ជាប្រទេស​ទទួល​ហ្នឹង ​ទទួល​យក​ពលករ​យើង​ក្នុង​វិស័យ​ណាមួយ​ ដែល​យើង​សង្ឃឹម​ថា ​វិស័យ​ហ្នឹង ​នឹង​កើត​នៅ​ក្នុង​ស្រុក​ខ្មែរ ​យ៉ាងហោច​ណាស់ ​នៅ ​៣ ឆ្នាំ​បន្ទាប់។ អ៊ីចឹង​ទៅ ​នៅពេល​ពួកគាត់​ត្រឡប់​មកវិញ​មាន​ទីផ្សារ​ការងារ​នៅក្នុង​ស្រុក ​ហើយ​កាលណា​មាន​ការងារ​ក្នុង​ស្រុក ​គាត់​ជួយ​ទៅដល់​ប្រទេស​ជាតិ​ហ្នឹង​ច្រើន​ជាង​គាត់​ទៅ​ធ្វើការ​ឲ្យគេ ​ក្នុង​ប្រទេស​គេ​ទៀត»។

​សាធារណរដ្ឋ​កូរ៉េ​ ក៏បាន​អះអាង​ដែរថា ​នឹង​ផ្តល់​ជូន​អ្នកបច្ចេកទេស ​ដើម្បី​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េ ​ឲ្យទទួលបាននូវ​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ ​ខណៈ​ពួកគេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​នឹងមាន​ជំនាញ​មួយច្បាស់​លាស់​បន្ថែម​ទៀត៕