នៅក្នុង​ឆ្នាំ​ ២០១៩ ​កន្លងទៅ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតមានឡើង​នៅ​កម្ពុជា​។ ​ប៉ុន្តែ​ភ្នំពេញ​ប៉ុស្ដិ៍​សូម​ដកស្រង់​តែ​​ព្រឹត្តិការណ៍​លេចធ្លោ​មួយ​ចំនួន​​ប៉ុណ្ណោះ​ ដើម្បី​ជាការ​រំឭក​មិត្ត​អ្នកអាន​ឡើងវិញ​ដែល​មាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖

-​វិសោធនកម្ម​ច្បាប់​គណបក្ស​បាន​ចូល​ជា​ធរមាន

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រង់​មាត្រា​ទី​ ៤៥ ​ថ្មី​ (​ស្ទួន​) ​បាន​ចូល​ជា​ធរមាន​​ បន្ទាប់ពី​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​នៅ​ថ្ងៃទី​ ២ ខែ​​មករា ដែល​ជា​ការបើក​ច្រក​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម​អាច​ស្នើសុំ​ស្ដារនីតិសម្បទា​ឡើងវិញ​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន បាន​ថ្លែងថា មាត្រា​ ៤៥ ​ថ្មី​ (​ស្ទួន​) ​នៃ​ច្បាប់​នេះ​​ផ្ដល់​សិទ្ធិ និង​អំណាច​ដល់​នាយករដ្ឋមន្ត្រី​ក្នុង​ការសម្រេច​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ទោះបី​គ្មាន​ការស្នើសុំ​ជា​បុគ្គល​ក៏ដោយ​។

បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​នេះ​​ចូល​ជា​ធរមាន គឺ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​មួយចំនួន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​មួយ​ចំនួន​ទៀត​នៅតែ​​ជាប់​បម្រាម ដោយសារ​មិន​ធ្វើ​លិខិត​ស្នើសុំ​តាម​នីតិវិធី​ច្បាប់​។

-CPP ​ប្រារព្ធ​ខួប​ថ្ងៃ​រំដោះ ៧ ​មករា​ធំ​ជាង​ឆ្នាំមុនៗ

គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​កាលពី​ថ្ងៃ​​ ៧ ​មករា ​ឆ្នាំ​ ២០១៩ ​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៤០ ​នៃ​ថ្ងៃ​រំដោះប្រទេស​ពី​របប​ខ្មែរក្រហម​នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក ដោយ​មាន​ក្បួន​ព្យុហយាត្រា​ធំ​ជាង​ឆ្នាំ​មុនៗ​។

ថ្លែង​ក្នុងនាម​ប្រធាន​គណបក្ស​នេះ​លោក​ ហ៊ុន សែន បាន​រំឭក​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ​ជាង​ ៦ ​ម៉ឺន​នាក់​ថា រយៈពេល​ ៤០ ​ឆ្នាំ​កន្លងទៅ​នេះ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ស្មាន​មិន​ដល់​ដែល​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​លើ​មាគ៌ា​នៃ​សុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។

ក៏ប៉ុន្តែ​លោក​បាន​បដិសេធ​នយោបាយ​ប្រឆាំង​ជ្រុលនិយម​ និង​បរទេស​ដែល​នៅ​ពីក្រោយ​ខ្នង​ការរាំងខ្ទប់​កម្ពុជា​តាមរយៈ​បដិវត្តន៍​ពណ៌​។

យ៉ាងណាក្ដី​លោក​បាន​បង្ហាញ​​ពី​ជំហរ​បើកទូលាយ​នូវ​កិច្ចសន្ទនា​ដ៏ស្មោះសរ​ជាមួយ​បណ្ដា​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់​ដើម្បី​បង្កើន​កម្លាំង​សរុប​ក្នុង​កិច្ចកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។

-​សហភាព​អឺរ៉ុប​ផ្សព្វផ្សាយ​ពី​ដំណើរ​នីតិវិធីដក EBA

សហភាព​អឺរ៉ុប​បាន​ប្រកាស​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​​កាលពី​ថ្ងៃ​ ១២ ​កុម្ភៈ ប៉ុន្តែ​មិនទាន់​សម្រេច​នៅឡើយ​ទេ​ ខណៈ​​កំពុងស្ថិត​ក្នុង​ «​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ និង​ទាមទារ​ឲ្យ​មាន​ការចូលរួម​» ​ហើយ​ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​ភាគី​កម្ពុជា​ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង​​នូវ​ការគោរព​សិទ្ធិមនុស្ស និង​លទិ្ធប្រជាធិបតេយ្យ​ជាមុនសិន​។

ក្រោយ​ការប្រកាស​របស់​ EU ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​បញ្ជាក់ថា​កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​ឯករាជភាព និង​​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​អ្វីមួយ​ដែរ​។

-​តុលាការ​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​អតីត​មន្ត្រី​បក្សប្រឆាំង​ ៨ ​នាក់

ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ៨ ​នាក់​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​លោក កូយ សៅ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ ១២ ​មីនា ​ពាក់ព័ន្ធ​នឹង​បទចោទ​ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​ប្រព្រឹត្ត​នៅ​កម្ពុជា និង​កន្លែង​ផ្សេង​កាលពី​ថ្ងៃ ២០-២១-២២-២៥-២៦ និង​ ២៧ ខែ មករា ឆ្នាំ ​២០១៩​។

ដីកា​នោះបាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​លោក សម រង្ស៊ី​,​ លោកស្រី មូរ សុខហួរ​,​ លោក​ អេង ឆៃអ៊ាង​,​ លោក​ ឡុង រី​,​ លោក​ ​ម៉ែន សុថាវរិន្ទ​,​ លោក អ៊ូចាន់ឫទ្ធិ​,​ លោក​ តុ វ៉ាន់ចាន់ និង​លោក​ ហូរ វ៉ាន់ តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ ​មាត្រា​ ៤៩៤ និង​មាត្រា ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។

បើតាម​ក្រមព្រហ្មទណ្ឌ បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​អាច​ជាប់ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ២ ​ឆ្នាំ​។ ​រីឯ​បទ​រួមគំនិត​ក្បត់​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​ ៥ ទៅ​ ១០ ​ឆ្នាំ​។

-​ប្រធានាធិបតិ​កូរ៉េខាងត្បូង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជេអ៊ីន​ (Moon Jae-in) ​និង​ភរិយា​បាន​មកដល់​កម្ពុជា​កាល​ពីថ្ងៃ​ ១៤ មីនា​ក្នុង​ដំណើរ​ទស្សនកិច្ច​ ៣ ​ថ្ងៃ ដើម្បី​ពង្រឹង​មិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ (MoonJae-in) ​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេងទៀត​ក្នុង​នោះ​លោក និង​ភរិយា​ក៏បាន​ពិសា​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ភរិយា​ផងដែរ​។

ក្រៅពី​នោះ​មាន​កិច្ចព្រមព្រៀង​​មួយ​ចំនួន​ត្រូវបាន​ភាគី​ទាំង​ ២ ​ចុះហត្ថលេខា​ដោយ​ផ្ដោត​ជា​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម​ ​ខណៈ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​ស្នើ​ឲ្យ​កូរ៉េ​ជួយ​ទិញ​ផលិតផល​ពី​កម្ពុជា​បន្ថែមទៀត​។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in និង​ភរិយា​ពេល​មកដល់​កម្ពុជា​ក្នុង​ខែមីនា​។ ហេង ជីវ័ន

-​គណៈប្រតិភូ​អឺរ៉ុប​មក​កម្ពុជា​ពិភាក្សា​ពី​ EBA

គណៈប្រតិភូ​ស្វែងរក​ការពិត​របស់​គណៈកម្មការ​អឺរ៉ុប និង​តំណាង​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​បាន​មក​​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃ​ (៣-១០ ​មិថុនា​) ​ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

ខណៈ​ជួប​ថ្នាក់ដឹកនាំ​ក្រសួង​ការបរទេស​លោក​រដ្ឋមន្ត្រី ប្រាក់សុខុន បាន​បញ្ជាក់ថា រដ្ឋាភិបាល​ព្យាយាម​គ្រប់បែបយ៉ាង​ដើម្បី​រក្សា​នូវ​ EBA ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​មិន​ឲ្យ​ហួស​បន្ទាត់​ក្រហម​ដោយ​យក​អធិបតេយ្យភាព និង​ឯករាជភាព​ប្រទេស​ទៅ​ប្តូរ​ជាមួយ​ EBA បានទេ​។

-​រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេងកាត

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដែល​មាន​ ៩ ​ជំពូក និង​ ៧២ ​មាត្រា​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃ​ ១៧ ខែ​មិថុនា​ក្នុង​សំឡេង​ ១០៨ លើ​ ១០៨ ដោយ​ពុំមាន​​កែប្រែ​ខ្លឹមសារ​របស់​រាជរដ្ឋាភិបាល​ទេ​។

នៅមុន​ការអនុម័ត​នេះ គណៈកម្មការ​ទី​ ៩ ​នៃ​រដ្ឋសភា​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាច្រើន​ដំណាក់កាល ហើយ​បានចាត់ទុក​សេចក្ដី​ព្រាងច្បាប់​នេះ​ថា​មាន​សារៈសំខាន់​។

ប៉ុន្តែ​អ្នកតាមដាន សង្គម​លោក មាស នី បារម្ភ​ត្រង់​ថា​​តើ​ច្បាប់​នេះ​បាន​ផ្ដល់​នូវ​យុត្ដិធម៌ និង​សមធម៌​សម្រាប់​សង្គម​ដែរឬទេ ហើយ​បាន​ចោទ​សួរថា​តើ​វា​ជា​សំណាង​របស់​ប្រទេស​ ឬ​ក៏​ជា​បណ្ដាសា​ប្រេង ខណៈ​​ធនធាន​ធម្មជាតិ​ប្រភេទ​នេះ​មិន​អាច​កកើត​ឡើងវិញ​នៅពេល​បូម​អស់នោះ ។

-​បាក់​រលំ​អគារ​កម្ពស់​ ៧ ជាន់​នៅ​ខេត្ត​ព្រះសីហនុ

សំណង់​អគារ​សង់​មិនទាន់រួច​កម្ពស់​ ៧ ​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​បាន​បាក់​រលំ​កាលពី​ថ្ងៃ​ ២២ ​មិថុនា បណ្ដាល​ឲ្យ​មនុស្ស​ ២៨ ​នាក់​ស្លាប់ និង​ ២៦ ​នាក់​ទៀត​រងរបួស​។

ភ្លាមៗ​ក្រោយ​ឧបទ្ទវ​ហេតុនេះ​មាន​បុរស​ចិន​ ៣ ​នាក់ និង​ខ្មែរ​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការ​។ រីឯ​លោក​ យន្ត មីន ​បាន​សុំលាលែង​ពី​អភិបាលខេត្ត ខណៈ​លោក ញឹម វណ្ណដា ត្រូវ​ផ្លាស់​ចេញពី​អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​ឲ្យ​ទៅកាន់​តួនាទី​ថ្មី​។

បន្ទាប់ពី​កើតហេតុ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ដល់​ថវិកា $១ ​ម៉ឺន​ដល់​គ្រួសារ​អ្នកស្លាប់​ម្នាក់ ហើយ​​អ្នករបួស​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ពុំ​គិតថ្លៃ​ជាមួយ​នឹង​ថវិកា​ក្នុង​ម្នាក់ៗ​ ៥ ​លាន​រៀល​​មុនពេល​លោក​ចុះ​ទៅ​ដល់​ទីកើតហេតុ​ដោយផ្ទាល់​។

លោក​បាន​ហៅ​សោកនាដកម្ម​​នេះ​ថា​ជា​ការឈឺចាប់​របស់​ជាតិ ហើយ​បានប្រកាស​ឲ្យ​រក​អ្នក​ទទួលខុសត្រូវ និង​បាន​ឲ្យ​បង្កើត​​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ផងដែរ​។

-​លោក នួន ជា ទទួល​មរណភាព​ក្នុង​វ័យ​ ៩៣ ​ឆ្នាំ​​

អតីត​ប្រធានរដ្ឋសភា​របបខ្មែរក្រហម​លោក នួន ជា បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​ ៤ ​សីហា​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​ ៩៣ ​ឆ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ប៉ុន្តែ​ការបង្ហាញ​ពី​ជំងឺ​ត្រូវ​បាន​មេធាវី​ចាត់ទុកជា​ការសម្ងាត់​។

បើ​ទោះ​ណា អ.វ.ត.ក. សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​ក្នុង​សំណុំរឿង​ ០០២/០២ ​ជាមួយ​លោក ខៀវ សំផន កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ក្ដី ប៉ុន្តែ​មរណភាព​នេះ​នៅ​មាន​អ្នក​មិន​អស់ចិត្ត​ដោយសារ​ចង់ឃើញ​គាត់​ទទួល​ទណ្ឌកម្ម​ថែមទៀត​នៅពេល​សំណុំរឿង​ប្រឆាំង​គាត់​មិនទាន់​បានបញ្ចប់​នោះ​។

-នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មក​ទស្សនកិច្ច​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​លោក​ Mahathir Mohamad ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ៣ ​ថ្ងៃ​ (២-៤ ​កញ្ញា​) ​ដើម្បី​រឹត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ថែមទៀត​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​មាន​កិច្ចព្រមព្រៀង​ចំនួន​ ២ ​ត្រូវ​បាន​ភាគី​ទាំង​ ២ ចុះហត្ថលេខា​។ ​ទី​ ១ ​ស្តីពី​ពន្ធ​ត្រួតគ្នា​ (DTA) ​និង​ទី​ ២ ​គឺ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍​។

ជាមួយ​នឹង​ការសម្គាល់​ពី​សញ្ញា​មាន​វិបុលភាព​របស់​កម្ពុជា​​នោះ មេដឹកនាំ​ម៉ាឡេស៊ី​វ័យ​ ៩៤ ​ឆ្នាំ​រូបនេះ​ក៏បាន​រិះគន់​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រទេស​មហាអំណាច​ថា​មិនបាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រទេស​តូចៗ​ និង​​ប្រទេស​ពាក់ព័ន្ធ​ប្រសើរ​ឡើយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំពឹងថា ដំណើរ​ទស្សនកិច្ច​នោះ​ «​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការពង្រឹង​​ និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏ល្អ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​។

-​ទូត​ថ្មី​របស់​អឺរ៉ុប​ចូល​គាល់​ព្រះមហាក្សត្រ

លោកស្រី Carmen Moreno បាន​ចូល​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​ថ្ងៃទី​ ១ ​តុលា បន្ទាប់ពី​លោកស្រី​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជំនួស​លោក George Edgar ដែល​ផុត​អាណត្តិ​កាលពី​ខែកញ្ញា​។

លោកស្រី​បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹម​ចំពោះ​ការរួមចំណែក​ពង្រឹង​ភាព​ជា​ដៃគូ និង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​រំពឹង​​ថា លោកស្រី Moreno នឹង​ឃើញ​ការអភិវឌ្ឍ​ពិតប្រាកដ​នៅ​កម្ពុជា​ខុស​ពី​អ្វីដែល​បាន​ផ្តល់​ទៅ​សហភាព​អឺរ៉ុប​ដោយ​ក្រុមប្រឆាំង​។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ មើល​មិនឃើញ​ថា លោកស្រី Moreno អាចធ្វើ​អ្វី​បាន​ច្រើន​ជាង​លោក​ George Edgar ពី​បញ្ហា​ EBA ​នោះទេ​។

-​ព្រះមហាក្សត្រ​យាង​ទៅ​ចូលរួម​ពិធី​រាជាភិសេក ព្រះចៅ​អធិរាជ​ជប៉ុន

នៅ​ថ្ងៃទី​ ២១ ​តុលា ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី​បាន​យាង​ទៅ​ជប៉ុន​ដើម្បី​ចូលរួម​ក្នុង​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​របស់​ព្រះចៅ​អធិរាជ​ជប៉ុន​ Naruhito ​នា​ថ្ងៃ​ ២២ ​ខែ​តុលា ដែល​មាន​ឥស្សរជន​​មកពី​បណ្ដា​ប្រទេស​ជិត​ ២០០ ​ចូលរួម​។

ការឡើង​គ្រងរាជ​របស់​ព្រះចៅ​អធិរាជ​ជប៉ុន​ Naruhito ​នេះ​​គឺ​បន្ទាប់ពី​បិតា​របស់​ទ្រង់​ Akihito ​ដែល​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទី​ ១២៥ ​បាន​ដាក់​រាជ្យ​ក្នុង​ព្រះជន្ម​ ៨៥ ​ព្រះវស្សា ដោយសារ​បញ្ហា​ព្រះរាជសុខភាព​។

នៅក្នុង​ពិធី​នោះ​ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​បាន​ព្រះរាជ​សំណេរ​ថ្វាយព្រះពរ​ដោយ​ផ្ទាល់​ថា​៖ «​សូម​ទទួល​យក​នូវ​ការអបអរសាទរ​ដ៏កក់ក្ដៅ​ជា​ទីបំផុត​» ​និង​សូម​សម្រេច​បាន​ជោគជ័យ​គ្រប់​ព្រះរាជ​បេសកកម្ម​ដ៏ថ្លៃថ្លា​បវរ​ប្រសើរ​បំផុត​»​។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​កាសែត​ក្យូដូ​។

-​ទូត​ប្រទេស​ធំ​ ៣ ​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា

ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​នៃ​ប្រទេស​ធំៗ​ចំនួន​ ៣ ​រួមមាន​អាល្លឺម៉ង់ ជប៉ុន និង​អាមេរិក​បាន​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​បន្តបន្ទាប់​កាលពី​ ២៣ ​តុលា ដើម្បី​ពិភាក្សា​​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក​។

ក្នុងជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់ លោក​ Christian Berger ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​ពី​ការចង់​បើក​ការិយាល័យ​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់​លើកដំបូង​នៅ​កម្ពុជា​។ ​រីឯ​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​លោក MasahiroMikami ​បាន​ពិភាក្សា​ពី​ការបន្ត​គាំទ្រ​ដល់​កម្ពុជា ជាពិសេស​លើ​ផ្នែក​នយោបាយ​សេដ្ឋកិច្ច វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត​។

ចំណែក​ជំនួប​ជាមួយ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ភាគី​ទាំង​ ២ ​បាន​ផ្ដោតលើ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ហើយ​កម្ពុជា​បាន​ជំរុញ​ឲ្យ​អាមេរិក​បង្កើន​កិច្ចសហប្រតិបត្តិការ​កម្រិត​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ UN និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អាមេរិក​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំ​ ២០២២ ខាងមុខ​។

កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វិមាន​សន្ដិភាព​កាលពី​ថ្ងៃទី​ ១៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩​។ហេង ជីវ័ន

- ប្រធានាធិបតី​ហុងគ្រី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

ប្រធានាធិបតី​ហុងគ្រី លោក​ យ៉ាណូស អាឌ័រ និង​គណៈប្រតិភូ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ៣ ​ថ្ងៃ គិត​ចាប់​តាំងពី​ថ្ងៃ​ ២៨-៣០ ​តុលា តាម​ការអញ្ជើញ​ពី​ព្រះមហាក្សត្រ​កម្ពុជា​​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី​។

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​លោក យ៉ាណូស អាឌ័រ បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​កម្ពុជា​ជាពិសេស​ការមាន​សន្តិភាព​ពេញលេញ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ជាង​ ៧ ​ភាគរយ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ ហើយ​បាន​សន្យា​ជួយ​កម្ពុជា​មិន​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

-​សមត្ថកិច្ច​ពង្រឹងកម្លាំង​ទប់ស្កាត់​ចលនា​លោក​ សម រង្ស៊ី

សមត្ថកិច្ច​ប្រដាប់អាវុធ​កាលពី​ចុងខែ​តុលា និង​ដើម​ខែ​វិច្ឆិកា​បាន​ចាប់ផ្ដើម​ពង្រឹង​កម្លាំង​នៅតាម​ខេត្ត​នានា ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដើម្បី​ត្រៀម​ចាត់​​វិធានការ​លើ​ក្រុម​លោក សម រង្ស៊ី ដែល​កំណត់​យក​ ៩ ​វិច្ឆិកា​ចូលមក​កម្ពុជា​ដើម្បី​ផ្ដួលរំលំ​​រដ្ឋាភិបាល និង​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​។

សមត្ថកិច្ច​បានចាត់ទុក​ក្រុម​របស់​លោក​ សម រង្ស៊ី ថា ជា​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ត្រូវ​ចាត់វិធានការ​ ដើម្បី​ការពារ​សន្តិភាព ជាតិ​សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

ទន្ទឹម​នឹងនោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ប្រកាស​យក​ថ្ងៃទី​ ៩ ​វិច្ឆិកា ធ្វើ​ពិធីអកអំបុក​សាមគ្គី​នៅ​ទូទាំង​ប្រទេស​ផងដែរ​ជាមួយ​នឹង​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះខែ ដោយ​លោក​បាន​ធានា​ពី​សុវត្ថិភាព​ជូន​ទៀតផង​។

យ៉ាងណាក្ដី​គម្រោង​របស់​ក្រុម​លោក​ សម រង្ស៊ី ត្រូវបាន​អាជ្ញាធរ​ថៃ​រារាំង​មិន​ឲ្យ​ប្រើ​ទឹកដី​របស់​គេ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាត់ទុក​ការខកខាន​នោះ​ថា ជា​រដ្ឋប្រហារ​បរាជ័យ​ដ៏ធំ​មួយ​។

លោក កឹម សុខា ទទួល​បាន​ការបន្ថយ​លក្ខខណ្ឌ​ពី​សាលាដំបូង​រាជធានី

នៅ​ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ​លោក កឹម សុខា ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឲ្យ​អាច​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន ប៉ុន្តែ​មិនត្រូវ​ចេញ​ក្រៅ​​ព្រំប្រទល់​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។ លុះ​ ៥ ​ថ្ងៃ​ក្រោយ​មក​ចៅក្រម​ស៊ើបសួរ​លោក ​គី ឫទ្ធី បាន​ប្រកាស​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​​ប្រឆាំង​លោក​ កឹម សុខា បន្ទាប់ពី​បាន​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​។

បើទោះ​ជា​មាន​ការស្នើ​ឲ្យ​​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ក្ដី ក៏​នៅ​ថ្ងៃទី​ ២ ​ធ្នូ លោក​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី បាន​សម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ជំនុំ​ជម្រះ​តែ​មិន​បាន​កំណត់​កាលបរិច្ឆេទ​ទេ​។ ប៉ុន្តែ​ ១ ​ថ្ងៃ​​ក្រោយមក​ក្រុម​មេធាវី លោក​ កឹម សុខា បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។

យ៉ាងណាក្ដី បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃទី​ ៩ ខែ​ធ្នូ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្ដឹងទាស់​​នោះ ខណៈ​នៅ​ថ្ងៃ​ដដែល​នោះ​សាលាដំបូង​បានកំណត់​យក​​ថ្ងៃទី​ ១៥ ​ខែ​មករា ឆ្នាំ​ ២០២០ ​សម្រាប់​ជំនុំ​ជម្រះក្ដី​លោក កឹម សុខា ក្រោម​បទចោទ​ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ។

-​លោក​ ដូណាល់ ​ត្រាំ ​ផ្ញើលិខិត​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ផ្ញើលិខិត​ ២ ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ ១ ​វិច្ឆិកា​ដោយ​លិខិត​ទី​ ១ ​បញ្ជាក់​ពី​ជំហរ​គោរព​អធិបតេយ្យភាព​កម្ពុជា និង​មិន​គាំទ្រ​ឲ្យ​មាន​ការផ្លាស់ប្តូរ​របប​នៅ​កម្ពុជា និង​លិខិត​ទី​ ២ ​គឺ​អញ្ជើញលោក​ ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន នៅ​អាមេរិក​នៅ​ឆ្នាំ​ ២០២០​។

ជា​ការឆ្លើយតប​នៅ​ថ្ងៃទី​ ២៦ ​វិច្ឆិកា​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើលិខិត​ទៅ​លោក​ត្រាំ​វិញ​ដោយ​យល់ព្រម​តាម​ការអញ្ជើញ​នោះ និង​បាន​ស្ងើច​សរសើរ​ពី​ការបន្ត​គាំទ្រ​របស់​អាមេរិក​ចំពោះ​កម្ពុជា​។

-​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក

កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវបាន​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ ១៩ ​វិច្ឆិកា ​នៅ​វិមាន​សន្តិភាព​ដោយ​មាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​​មាន​ប្រតិភូ​បរទេស​ជិត​ ១ ​ពាន់​នាក់​ មកពី​ប្រទេស​ ៤៨ ​ចូលរួម​​ដោយ​មាន​ការចូល​រៀបចំ​ពី​​អង្គការ​សហព័ន្ធ​សន្ដិភាព​សកល​ UPF ដើម្បី​បង្ហាញ​ពី​ផលវិជ្ជមាន​លើ​ការកសាង​សន្តិភាព​ និង​ការផ្សះផ្សា​ជម្លោះ​នាំមក​នូវ​វិបុលភាព​សម្រាប់​សង្គម​។

ថ្លែង​ក្នុងនាម​ម្ចាស់ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ស្នើឱ្យ​ពិភពលោក​ស្វែងយល់​អំពី​ឥរិយាបថ​របស់ខ្លួន​មកលើ​ប្រទេស​មួយ​ចំនួន ខណៈ​នៅ​កម្ពុជា​​មាន​ប្រទេស​ខ្លះ​គាំទ្រ​ឲ្យ​មាន​​រដ្ឋប្រហារ និង​របប​ ប៉ុល ពត​​ ដែល​កាប់សម្លាប់​ពលរដ្ឋ​។

ក្រោយ​ជំនួប​នេះ​លោក ហ៊ុន សែន ត្រូវបាន​ (UPF) ​ជូន​ពាន​រង្វាន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាល​កិច្ច​ល្អ បន្ទាប់ពី​សុន្ទរកថា​​របស់លោក​បាន​ធ្វើឲ្យ​គណៈប្រតិភូ​ចូលរួម​ចាប់​អារម្មណ៍ និង​កោតសរសើរ​ពី​បទ​ពិសោធ​ដែល​នាំ​កម្ពុជា​ឲ្យ​មាន​សុខ​សន្តិភាព​ពេញលេញ​។

-​កម្ពុជា​ដាក់​របាយការណ៍​ឆ្លើយតប​ទៅនឹង EU

១ ​ខែ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ដាក់​របាយការណ៍​ពាក់ព័ន្ធ​នឹង​នីតិ​វិធីដក​ EBA ​ពី​កម្ពុជា​នោះ ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ ១២ ​ធ្នូ​ បានដាក់​ការឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​ត្រឡប់​វិញ​ដោយ​រំពឹងថា សហភាព​អឺរ៉ុប​​នឹង​ពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ EBA​។

កាលពី​ថ្ងៃ​ ១២ វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​ដាក់​របាយការណ៍​ចុងក្រោយ​ស្ដីពី​ការរកឃើញ​ ​និង​ការសន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធីដក​ EBA ​ពី​កម្ពុជា ដោយ​ទុកពេល​ ១ ​ខែ​ដើម្បី​ឲ្យ​កម្ពុជា​ឆ្លើយតប​។ ​ការដាក់​របាយការណ៍​នោះ​គឺ​បន្ទាប់ពី​បាន​ប្រកាស​ដំណើរការ​នីតិវិធី​ផ្អាក​ EBA ​កាលពី​ថ្ងៃ​ ១២ ​កុម្ភៈ និង​បាន​បញ្ជូន​គណៈប្រតិភូ​មក​ស្វែងរក​ការពិត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ (៣-១០) ​ខែ​មិថុនា​។

នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​អឺរ៉ុប​ជា​បន្ដបន្ទាប់ មន្ត្រី​កម្ពុជា​បាន​ព្យាយាម​ពន្យល់​ភាគី​អឺរ៉ុប​ដើម្បី​រក្សាទុក​នូវ​ EBA ប៉ុន្តែ​មាន​បន្ទាត់​ក្រហម​មួយ​គឺ​អធិបតេយ្យភាព និង​ឯករាជភាព​ដែល​ជារឿយៗ​ប្រមុខ​រដ្ឋាភិបាល​តែងតែ​ប្រកាស​ថា​មិនអាច​យក​ទៅ​ដោះដូរ​នឹង​អ្វីមួយ​បានទេ​៕