ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ២១ កុម្ភៈនេះ បានបើកសវនាការជំនុំជម្រះបុរសម្នាក់ពាក់ព័ន្ធនឹងការនាំយុវជនម្នាក់ទៅធ្វើជាកម្មករនេសាទនៅ ថៃ កាលពីឆ្នាំ ២០១៣ ជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ១៥ ឆ្នាំ។
តាមអង្គហេតុបុរសជាប់ចោទឈ្មោះឡូ ផល្លា អាយុ ៣៧ ឆ្នាំ រស់នៅខេត្តកណ្ដាល បានទៅធ្វើការនៅ ថៃ ជាអ្នកនេសាទត្រី។ លុះធ្វើការបាន ៦ ខែ ថៅកែខ្លួនខ្វះកម្មករហើយគាត់បានទូរស័ព្ទមកប្អូនប្រុសឲ្យទៅធ្វើការជាមួយ។ បន្ទាប់មក ប្អូនប្រុសគាត់បានបបួលបានមនុស្ស ១១ នាក់ទៅជាមួយ ។
អង្គហេតុបន្តថា បន្ទាប់ពីធ្វើការបានប៉ុន្មានខែយុវជនឈ្មោះ ពៅ សៀងហៃ អាយុ ២៣ ឆ្នាំ បានពុលរលកហើយប្រាប់ជនជាប់ចោទថា ចង់ត្រឡប់មកផ្ទះវិញ។ បន្ទាប់មកជនជាប់ចោទបានទូរស័ព្ទប្រាប់ម្តាយជនរងគ្រោះឲ្យផ្ញើលុយ និង យកយុវជននោះមកកម្ពុជាវិញ។ ពេលមកដល់ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យចាប់ជនជាប់ចោទតែម្ដង។
រឿងនេះត្រូវសាលាដំបូងខេត្តកណ្ដាល ផ្តន្ទាទោសដាក់គុក ១៥ ឆ្នាំចោទពីបទ «នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន » ហើយសាលាឧទ្ធរណ៍ ក៏បានតម្កល់សាលក្រមនេះផងដែរ។
ក្នុងបន្ទប់សវនាការលោកស្រី មេធាវី ថូ ណាវី ដែលការពារជនជាប់ចោទ សន្និដ្ឋានថា កូនក្តីលោកស្រីគ្មានចេតនានាំជនរងគ្រោះទៅថៃទេ តែជនរងគ្រោះលួចទៅដោយមិនប្រាប់ម្តាយឲ្យដឹង។ យ៉ាងណា «ខ្ញុំសុំឲ្យកូនក្តីខ្ញុំរួចខ្លួន » ។
ប៉ុន្តែលោកស្រី យឹម ថាវី មេធាវីការពារសិទ្ធិឲ្យជនរងគ្រោះសន្និដ្ឋានថា កូនក្តីលោកស្រីត្រូវបានប្អូនរបស់ជនជាប់ចោទបបួលទៅជាមួយហើយពេលទៅដល់ថៃ បានទូរស័ព្ទគំរាមម្តាយជនរងគ្រោះឲ្យផ្ញើលុយឲ្យ ដើម្បីបានកម្រៃក្នុងការងារនេះ។
លោកស្រីស្នើថា៖ «ខ្ញុំសូមតុលាការតម្កល់រឿងនេះទុកជាបានការដដែល » ។
សំណុំរឿងនេះត្រូវលោកចៅក្រម ស៊ឹង បញ្ញាវិឌ្ឍ ថ្លែងថា សាលដីកានឹងប្រកាសនៅថ្ងៃទី ២៦ កុម្ភៈ ខាងមុខ ៕