ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក​ គង់ រ៉ៃយ៉ា ដែល​ជាប់ចោទ​ពីបទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​លក់​អាវ​យឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក កែម ឡី ប៉ុន្តែ​មិនទាន់​ចេញ​សេចក្តី​សម្រេច​នៅឡើយ​ទេ ដោយ​លើក​ពេល​ទៅ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។

សវនាការ​ពី​ម្សិលមិញ​ដឹកនាំ​ដោយ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ និង​មាន​លោក ឌុច គឹមសន ជា​តំណាង​អយ្យការ​។ ថ្លែង​នៅ​ចំពោះមុខ​សវនាការ​លោក គង់ រ៉ៃយ៉ា ​បាន​លើកឡើង​នូវ​មូលហេតុ​ ៣ ​យ៉ាង​ដែល​លោក​សម្រេច​ដាក់ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ដើម្បី​សុំ​នៅក្រៅ​ឃុំ​។ មូលហេតុ​ទាំង​ ៣ ​នោះ​គឺ​ទី​១ លោក​មាន​ម្ដាយ​ចាស់ជរា​ដែល​ត្រូវការ​អ្នក​មើលថែ​។​ ​ទី​២ លោក​មាន​កូនតូច​ដែល​ត្រូវ​មើលថែ ហើយ​មូលហេតុ​ទី​៣ គឺ​លោក​មាន​អាជីវកម្ម​បោះពុម្ព​អាវយឺត​លក់ ដែល​ពេល​នេះ​កំពុង​រាំងស្ទះ ដោយសារ​តែ​គ្រួសារ​របស់​លោក​មិនអាច​បន្ត​ធ្វើបាន​។

លោក គង់ រ៉ៃយ៉ា ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ថ្ងៃទី​ ១១ ខែ​ កក្កដា ឆ្នាំ​ ២០១៩ ដោយ​រង​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​លក់​អាវ​យឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក កែម ឡី នៅ​មុន​ថ្ងៃ​គម្រប់​ខួប​ ៣ ​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់សម្លាប់​កាលពី​ថ្ងៃទី​ ១០ ​កក្កដា ឆ្នាំ​ ២០១៦​។ កាលពី​ពាក់កណ្ដាល​ខែ​សីហា សាលាឧទ្ធរណ៍​បាន​បដិសេធ​មិន​ឲ្យ​លោក រ៉ៃយ៉ា​ បាន​នៅ​ក្រៅ​ឃុំ​ម្ដង​រួចហើយ ដោយ​អវត្តមាន​ជនជាប់ចោទ​។

លោក​ សំ សុគង់ មេធាវី​ការពារក្ដី​របស់ គង់ រ៉ៃយ៉ា បាន​ថ្លែង​កាលពី​ម្សិលមិញ ក្រោយពេល​សវនាការ​ថា ការដាក់​កូនក្ដី​របស់​លោក​ឲ្យ​ស្ថិតនៅ​ក្រោម​ការស៊ើបសួរ បើ​តាម​ផ្លូវច្បាប់​មិនមាន​ភាពចាំបាច់​ក្នុង​ការ​ឃុំខ្លួន​កូនក្ដី​លោក​បណ្ដោះអាសន្ន​ទេ ដោយសារ​តែ​កូនក្ដី​របស់​លោក​ជាប់ចោទ​បទល្មើស​មជ្ឈិម​។

ចំណុច​មួយទៀត​គឺថា ជីវភាព​របស់ គង់ រ៉ៃយ៉ា មានការ​លំបាក ហើយ​សុខភាព​របស់​គាត់​ផ្ទាល់ ក៏​មិន​ល្អ​ទៀត គឺ​គាត់​មាន​ជំងឺ​លើសឈាម និង​លើស​ជាតិ​ខ្លាញ់​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ជាគោលការណ៍​អន្តរជាតិ ការឃុំខ្លួន​គឺ​ក្នុង​គោលបំណង​ធ្វើការ​ស៊ើបសួរ ហើយ​ក្នុង​ដីកា​ស៊ើបសួរ​ក៏​បាន​លើកឡើង​ដែរ​ថា គឺ​ខ្លាច​ជន​ត្រូវ​ចោទ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ជនជាប់ចោទ​ដទៃទៀត ឬ​គាបសង្កត់​សាក្សី​។ ប៉ុន្តែ​ក្នុង​សំណុំរឿង​គាត់​នេះ តុលាការ​បាន​ជូនដំណឹង​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​ទៅ​ជម្រះ​បាន​ន័យ​ថា កិច្ច​ស៊ើបសួរ វា​អត់​ចាំបាច់​ទៀត​ទេ​។ អ៊ីចឹង​ការឃុំខ្លួន​ក៏​លែង​មាន​ការចាំបាច់​ដែរ អ៊ីចឹង​យើង​ស្នើសុំ​ឲ្យ​មានការ​ដោះលែង​គាត់​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​»​។

លោក សំ សុគង់ បាន​រំឭក​ពី​ហេតុផល​នៃ​ការចាប់ខ្លួន គង់ រ៉ៃយ៉ា ដោយ​លោក​ថ្លែងថា ធ្វើឡើង​ដោយសារ​តែ រ៉ៃយ៉ា បាន​បោះពុម្ព​អាវយឺត​មាន​រូប និង​សារ​របស់​លោក កែម ឡី​។ ប៉ុន្តែ​លោក​ថា រ៉ៃយ៉ា បោះពុម្ព​អាវ​ទាំងនោះ​ក្នុង​គោលបំណង​លក់​យកប្រាក់​ចំណេញ​ប៉ុណ្ណោះ​។

លោក​បន្តថា អាវ​ដែលមាន​រូប និង​សារ​លោក កែម ឡី ត្រូវ​បាន គង់ រ៉ៃយ៉ា ចាប់ផ្ដើម​បោះពុម្ព​តាំងពី​ឆ្នាំ ២០១៧ ប៉ុន្តែ​នៅពេល​នោះ​មិន​មាន​បញ្ហា​កើតឡើង​ទេ​។ ប៉ុន្តែ​ការបោះពុម្ព នៅពេល​ដែល​លោក​ត្រូវបាន​ចាប់ខ្លួន​គឺ​ស្ថិតក្នុង​ស្ថានភាព​រសើប​ដែល​អាជ្ញាធរ​យល់ថា ការបោះពុម្ព​នោះ​អាច​នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​ករណី​លោក កែម ឡី ឡើង​វិញ ហើយ​អាចមាន​អំពើហិង្សា និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។

លោក សំ សុគង់ បញ្ជាក់ថា តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​នៃ​ការស្នើសុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ៤ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយ​។

កាលពី​ម្សិលមិញ​អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស APHR បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​លោក គង់ រ៉ៃយ៉ា និង​បញ្ឈប់​ការបង្ក្រាប​លើ​អ្នកប្រឆាំង​ផ្សេងទៀត​។ APHR អះអាង​ថា​ការមិន​សម្រេច​ដោះលែង គង់ រ៉ៃយ៉ា បង្ហាញ​ពី​ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌​មិន​ត្រឹមត្រូវ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការរក្សា​អ្នក​ដែល​បញ្ចេញមតិ​រិះគន់​ក្នុង​ឃុំ និង​ការរក្សា​ទុក​ជន​ចាប់​ចោទ​នៅក្នុង​ឃុំ​រយៈពេល​យូរ​។

លោក Charles Santiago ប្រធាន APHR បាន​ថ្លែងថា គួរ​មានការ​ស៊ើបអង្កេត​ដើម្បី​បញ្ចប់​ចម្ងល់​សាធារណជន​លើ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ​ជាជាង​ចាប់​អ្នក​រិះគន់​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើកឡើង​ថា គង់ រ៉ៃយ៉ា អាច​ស្នើសុំ​នៅក្រៅ​ឃុំ​បាន​គ្រប់ពេល ហើយ​ការសម្រេច​យ៉ាងណា​នោះ តុលាការ​កំពូល​មិន​ទាន់​សម្រេច​នៅឡើយ​។

ចំពោះ​ការទាមទារ​របស់​ក្រុម​អង្គការ​សភា​សិទ្ធិមនុស្ស​អាស៊ី លោក​ ម៉ាលីន​ថ្លែងថា កម្ពុជា​មិន​ចាប់អារម្មណ៍​ការលើកឡើង​របស់​ក្រុម​នេះ​ទេ ដោយសារ​តែ​មិនមែនជា​យន្តការ​សិទ្ធិមនុស្ស​ផ្លូវការ​របស់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​យន្តការ​សិទ្ធិមនុស្ស​អាស៊ាន​ផ្លូវការ​គឺមាន​តែមួយ​ទេ គឺ​ក្រុម​អន្តររដ្ឋាភិបាល​សិទ្ធិមនុស្ស​អាស៊ាន​ហៅ​កាត់​ថា AICHR​។ ចំណែក​ក្រុម APHR ជា​ក្រុម​ចលនា​ប្រឆាំង​ដែល​មាន​សមាជិកសភា​អតីត​បក្សប្រឆាំង​នៅ​កម្ពុជា ហើយ​មាន​តែ​ប៉ុន្មាន​នាក់​ទេ​ដែល​តែង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​។ អ៊ីចឹង​ដូចជា​មិន​មាន​អ្វី​ចម្លែក​ហើយ​យើង​ក៏​មិន​ចាប់​អារម្មណ៍​ក្រុម​នេះដែរ​»៕